មេធាវី​​​លើក​​ពេល​​ដាក់​ពាក្យ​ស្នើ​​​​​តុលាការ​​ដោះ​លែង​​លោក​ រ៉ុង ឈុន​ ទៅ​សប្តាហ៍​ក្រោយ​​

សមត្ថកិច្ចរារាំងអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន មិនឱ្យធ្វើដំណើរថ្មើរជើងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅចំណុចស្ពានអាកាសក្បាលថ្នល់ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

តំណាងមេធាវីការពារក្តីឱ្យ​លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែល​គ្រោង​ដាក់​​ពាក្យ​​​បណ្តឹង​ស្នើ​​តុលាការ​​ដោះលែង​កូនក្តី​របស់​ខ្លួន​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​​ ​នៅថ្ងៃនេះ បាន​លើកពេលដាក់ពាក្យ​បណ្តឹង​ទៅសប្តាហ៍ក្រោយ​វិញ។

កាលពីថ្ងៃម្សិលមិញ តំណាងមេធាវីការពារក្តីឱ្យ​លោក រ៉ុង ឈុន បានបញ្ជាក់ថា ពួក​គាត់​គ្រោងដាក់ពាក្យ​បណ្តឹងចំនួន២ ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ។ បណ្តឹងទាំងពីរនោះ រួមមាន បណ្តឹង​ស្នើសុំ​ឱ្យតុលាការបើកផ្លូវសម្រាប់​​មេធា​​វី​​ការ​ពារ​ក្តី បានចូលជួបលោក រ៉ុង ឈុន ដែល​កំពុង​ជាប់​​ឃុំ​នៅក្នុងមណ្ឌលអប់រំ​​កែ​ប្រែ​ម​​១​ និង​បណ្តឹងមួយទៀតស្នើឱ្យ​​​​​ដោះ​​លែង​​​កូន​ក្តី​របស់​ខ្លួនបាន​នៅ​ក្រៅ​​​​ឃុំ​​បណ្តោះ​​អាសន្ន ក្រោយ​ការឃុំខ្លួន​បណ្តោះអាសន្នរង់ចាំសវនាការ​បាន​ធ្វើ​លើស​នីតិវិធី។

តែយ៉ាងណា លោក សំ សុគង់ សហមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៥នាក់ដែល​កំពុង​ការ​ពារ​ក្តី​ឱ្យលោក រ៉ុង ឈុន បានប្រាប់ វីអូឌី​ នៅថ្ងៃទី​២៨ ខែ​ឧសភា​នេះ​ថា ក្រុម​មេធាវីបានរៀបចំឯកសាររួចរាល់​ហើយ ប៉ុន្តែត្រូវការពេល​វេលាខ្លះ ដើម្បី​ពិភាក្សា​គ្នា​បន្ថែម ទើប​សម្រេចលើកពេលដាក់ពាក្យបណ្តឹងទៅសប្តាហ៍ក្រោយវិញ។

​មេធាវីរូបនេះបន្តថា ការដាក់ពាក្យបណ្តឹងទាំងពីរនេះ ដោយសារសំណុំរឿងនេះមិន​មែន​​​​​​ជា​​បទ​ល្មើសឧក្រិដ្ឋ ហើយ​​ការ​ឃុំខ្លួន​​នេះទៀតសោតគឺ​​លើស​​​​​​​​​ពី​​នីតិ​​វិធី​នៃ​ការ​ឃុំ​ខ្លួន​ផង​ដែរ។​

​លោក​​បន្ត​ថា៖ «​ការ​ផ្ទុះ​​កូវីដនៅ​ក្នុងពន្ធនាគារ តើវាពាក់ព័ន្ធ​នឹងកូនក្តីរបស់​មេធា​​វី​ដែរ​ឬ​ក៏​អត់! ​ហើយ​ទី២ ​សុំឱ្យ​មាន​ការពន្លឿនឬក៏សូមឱ្យមានការដោះលែងឱ្យ​មានសេរីភាព​​​ ដោយ​​​​សា​រ​ការអនុវត្តឬការជាប់​ឃុំរបស់​​គាត់ វាសឹងតែស្មើ២ភាគ៣​នៃទោសទាំងមូល​ហើយ។​​​ អ៊ីចឹង​ការ​​ស្នើសុំនេះ ខ្ញុំគិត​ថា វា​មិន​ខុសច្បាប់ទេ គឺវាស្របទៅតាមនីតិវិធីច្បាប់»។

ប្រធាន​សហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវ​​​​បាន​​​​សមត្ថកិច្ចចាប់ខ្លួនទាំងយប់ កាលពីចុងខែកក្កដា ឆ្នាំ២០២០។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើងក្រោយ​​​ពេលលោក​​បាន​អត្ថាធិប្បាយនិង​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំ​វិញ​​បញ្ហា​ដីធ្លី​​របស់​ពលរដ្ឋ​ក្នុង​​​ខេត្ត​ត្បូងឃ្មុំ ដែល​ជាប់​ពាក់ព័ន្ធ​បញ្ហាព្រំដែនរវាង​កម្ពុជា-វៀតណាម។ ភ្លាមៗ បន្ទាប់​ពីការ​ចាប់​​ខ្លួន លោក រ៉ុង ឈុន ត្រូវបានចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ ចោទ​ប្រកាន់​ពីបទ «​​ញុះ​ញង់​​បង្ក​ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សង្គម» និង​ចេញដីកា​ឱ្យឃុំខ្លួន​បណ្តោះ​អា​សន្ន​នៅ​​ពន្ធនា​គារ​​ព្រៃស​។

មន្រ្តីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ អះអាងយ៉ាង​ខ្លី​ថា​ លោក​នឹង​សួរ​នាំ​បន្ថែម​ទៅ​ចៅក្រមជំនុំជម្រះក្នុងរឿងក្តីព្រហ្មទណ្ឌមួយនេះ។

ចំណែកលោក លិ សុខា ដែលជាប្រធានក្រុមប្រឹក្សាក្រមជំនុំជម្រះ វីអូឌី ពុំអាចសុំ​ការ​បញ្ជាក់​បា​ន​ទេ នៅថ្ងៃ​នេះ។

មន្រ្តីនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា តុលាការ​គួរ​ផ្តល់សិទ្ធិសេរីភាពឡើងវិញ​ដល់​លោក រ៉ុង ឈុន និង​​អ្នក​ទោស​​​មន​​​សិ​ការ​ដទៃ​ទៀត​។ លោកបន្តថា ការផ្តល់​សម្បទា​ឱ្យពួក​គេ​បាន​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​នេះ គឺ​ជា​ការ​បើក​ផ្លូវ​សម្រាប់ជ​នត្រូវចោទបាន​​បំពេញការងារ​ប្រចាំថ្ងៃនិង​ជួប​ជុំ​គ្រួសារ។ ​

លោកបន្ត​ថា៖ ​«ចំពោះ​​នីតិវិធីក៏អាចនៅតែបន្តទៅបានដែរ មិនមែនថា​ឱ្យ​​នៅ​ក្រៅឃុំហើយ រឿង​​​រ៉ាវ​​របស់​​ពួក​គាត់​​ចប់​​​នោះ​ទេ។​ អ៊ីចឹង វាក៏​ជាការ​ផ្តល់​ឱកាស​ឱ្យ​​ពួក​គាត់​បាន​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ ហើយ​​ក៏អាច​​បន្ត​ធ្វើ​នូវ​​​កិច្ច​ការ​សង្គម​​​ឬកិច្ច​ការ​ងារ​នយោបាយ​របស់​ពួក​គាត់​បន្ត​ទៀត​បាន»។

គិតពីថ្ងៃចាប់ខ្លួនរហូតមកដល់ពេលនេះ លោក រ៉ុង ឈុន ត្រូវបានឃុំខ្លួនជិត​មួយឆ្នាំមក​ហើយ​​។

ច្បាប់ស្តីពីការឃុំ​​ខ្លួន​បណ្តោះ​អាសន្ន មាត្រា១ ចែងថា ទោះស្ថិតក្នុងករណីណាក៏ដោយ ការ​ឃុំ​ខ្លួន​​​បណ្តោះអាសន្ននេះមិន​ឱ្យ​លើស​​ពី៤ខែឡើយ។ ប៉ុន្តែការសម្រេច​របស់​ចៅក្រមដែល​មាន​មូល​ហេតុ​​ច្បាស់​លាស់ រយៈ​ពេល​​នេះ​​ អាចបន្តឃុំខ្លួនដល់៦ខែបាន ប្រសិន​បើ​មាន​ការ​ចាំបាច់​ក្នុងការ​ស៊ើប​អង្កេត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ