ថ្នាក់​ដឹក​នាំ​សហជីព​នៅ​ណាហ្គាវើលដ៍​ត្រូវ​ក្រុម​ហ៊ុន​បញ្ឈប់​ជាមួយ​បុគ្គលិក​ជាង​១​ពាន់​នាក់​

កាស៊ីណូណាហ្គាវើល ក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ៣០ មីនា ២០២០)

ថ្នាក់ដឹកនាំសហជីពក្រុម​ហ៊ុន​ ណាហ្គាវើលដ៍ ទាំងអស់បានទទួលសារបញ្ឈប់ពីការងារកាលពីថ្ងៃ​ម្សិលមិញ ក្នុង​ផែ​ន​កា​​រ​ជម្រុះ​បុគ្គលិកជាង១ ០០​០​នាក់​របស់​ក្រុមហ៊ុន ដែលករណីនេះត្រូវបាន​មន្រ្តីសហជីពនិងសង្គមស៊ីវិលមួយចំនួនចាត់ទុកថា ធ្វើឡើ​ងដើម្បីបំបាត់សំ​ឡេងសហជីពសកម្មនៅកន្លែងការងារ។

ក្រុមហ៊ុន ណាហ្គាវើលដ៍ បានចាប់ដំណើរការបញ្ឈប់បុគ្គលិក​ចំនួន១ ៣២៩នាក់ ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោយព​ន្យា​​​រពេលជិត១ខែ ដោ​យសារវិធានបិទខ្ទប់រាជធានីភ្នំពេញ​ ក្រោមហេតុផលប្រាក់ចំណូលធ្លាក់ចុះដោយបញ្ហារីករា​លដាលជំងឺកូវីដ-១៩។ សេចក្តីសម្រេចនេះ បាននាំឱ្យមានការជួបចរចារវាងសហជីពនិងតំណាងក្រុមហ៊ុនជាបន្តបន្ទាប់ និងចលនាតវ៉ាទា​មទារការទម្លាក់ចោលពីបុគ្គ​លិកកម្មកររបស់ក្រុមហ៊ុនតាមរយៈបណ្តាញសង្គមហ្វេស​ប៊ុក​​ដោយគិតត្រឹមថ្ងៃទី២៨​ ខែឧសភានេះ គឺមានរយៈពេល៤៥ថ្ងៃហើយ។

អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ អ្នកស្រី ឈុន សុខា មាន​ប្រសាសន៍​​ថា គិត​មកដល់ថ្ងៃសុក្រ​​នេះ អ្នកស្រីនិងថ្នាក់ដឹ​កនាំផ្សេ​ងទៀត រាប់ទាំងប្រធានសហជីព និង​សកម្មជនសកម្មជា​ង​១០នាក់ រួមនឹងបុគ្គលិក​ប្រមាណ៦០០នាក់ បានទទួលសារប​ញ្ឈ​ប់ពីក្រុមហ៊ុន ដែលក្នុងនោះមានមួយចំនួនព្រមទទួលយក និងមួយចំនួនបដិសេធ

អ្នកស្រីចាត់ទុក​​ការសម្រេចរបស់ក្រុមហ៊ុនថាជាការរើសអើងសហជីព និងចង់លុបបំបាត់សំឡេងតវ៉ាទាមទារអត្ថប្រយោជន៍ និ​ងកិច្ចការពារសិទ្ធិបុគ្គលិកកម្មករដែលរងការកេងប្រវ័ញ្ចនិងរំលោភបំពានដោយអយុត្តិធម៌នៅកន្លែងធ្វើការ ដូចដែលក្រុមហ៊ុ​នធ្លាប់បានធ្វើដោ​យជោគជ័យកាលពីឆ្នាំ២០០៩។

អ្នក​ស្រី ឈុន សុខា ថ្លែងថា៖ «វាជាការរំលោភបំពានមួយលើសិទ្ធិសេរីភាពរបស់សហជីព ដែលយើងមានសិទ្ធិជាសហជីពមួយឯករាជ្យ ហើយដែលបានចុះបញ្ជីការទទួលស្គាល់ដោយក្រសួងការងារ។ ហើយដល់ឥលូវ ក្រុមហ៊ុនបញ្ឈប់ថ្នាក់ដឹកនាំ ​ក៏ដូចជាសកម្មជនរបស់សហជីពអ៊ីចឹង ធ្វើឱ្យថ្នាក់ដឹក​នាំនិងស​កម្មជនសហជីពទាំងអស់មិនអាចបំពេញ​កាតព្វកិច្ចក្នុងនាមខ្លួនឯងជាតំ​ណាងបុគ្គលិកកម្មករ»។

អ្នកស្រីបន្ត​ថា ថ្នាក់ដឹកនាំសហជីពកំពុងរៀបចំឯកសារផ្លូវច្បាប់​ប្តឹងជំទាស់ករណីនេះ​ទៅក្រសួងការងារ។

អ្នកស្រីអះអាងថា បុគ្គលិកភាគច្រើន​ដែលមិនទាន់ទទួលការបញ្ឈប់ ក៏​បានបង្ហាញជំហរបន្តការតស៊ូរហូតដល់ដំ​ណាក់កាល​ចុងក្រោយ​ជាមួយថ្នាក់ដឹកនាំសហជីព ដើម្បីរក្សាសំឡេងតំណាងរបស់ពួកគេសម្រាប់ជួយដោះស្រាយបញ្ហារំលោភបំពានសិទ្ធិការងារ​ផ្សេ​ង​ៗពីថៅកែ។

អ្នកស្រីបន្ថែមថា៖ «ពួកគាត់ក៏រង់ចាំមើលទាំងអស់គ្នាថា តើក្រុមហ៊ុនណាហ្គាចង់ធ្វើអ្វីចំពោះសហជីព! ហើយបើសិនជាជ្រុល ពួកគាត់ថា បើជ្រុលតែកាត់អស់ហើយ គួរណាស់តែប្រកាសកាត់បុគ្គលិក៨ ០០០នាក់នៅក្នុងក្រុមហ៊ុនចោលទាំងអស់តែម្តងទៅ ហើយចាំមើលក្រុ​មហ៊ុននេះរកស៊ីរបៀបម៉េចនៅពេលដែលអត់មានបុគ្គលិកធ្វើការឱ្យ​ពួក​គាត់»

ប្រធានសម្ព័ន្ធសហជីព​ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មើលឃើញថា​​ ផែនការកាត់បុគ្គលិករបស់ក្រុមហ៊ុ​ន ណាហ្គាវើលដ៍ ហាក់បីដូចជាមិនមែនបណ្តាលមកពីបញ្ហារីករាលដាលជំងឺកូវីដ-១៩​នោះទេ ប៉ុន្តែវាជាការលុប​បំបាត់សហជីពសកម្ម​ដែលហ៊ានចេញមុខតវ៉ាទាមទារសិទ្ធិនិងផលប្រយោជន៍របស់កម្មករ។

លោក​ថា៖ «ខ្ញុំអាចនិយាយថា វាអាចជាការរើសអើងទៅលើសហជីពខ្លះ ហើយនិងចង់មានការកេងចំណេញទៅលើសិទ្ធិកម្មករ។ ឧទាហរណ៍ដូចជា បញ្ឈប់កម្មករចាស់ រើសកម្មករថ្មី ដូចជាការបំបាត់មិនឱ្យមានសហជីពជាដើម»

លោកបន្ថែមថា៖ «ការបញ្ឈប់បុគ្គលិក ជាពិសេសក្រុមសហជីព បានបង្ហាញគំរូអាក្រក់សម្រាប់និយោជកផ្សេងទៀត​»

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មើលឃើញថា ការកាត់បុគ្គលិកកម្មករក្នុងទ្រង់ទ្រាយធំរបស់ក្រុមហ៊ុ​នណាហ្គា គឺបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនមួយនេះកំពុងប្រើប្រាស់ឱកាសនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីកម្ចាត់​ច​លនាសហជីពដែលសកម្មក្នុងការតវ៉ាទាមទារសិទ្ធិកម្មករនៅក្នុងក្រុមហ៊ុន។

លោកថា៖ «អ៊ីចឹងទិដ្ឋភាពនេះ វាបង្ហាញយ៉ាងច្បាស់ហើយថា គ្មានអ្វីផ្សេងក្រៅពីចេតនាដែលចង់កម្ទេចសហជីពទេ ព្រោះថា ប្រសិនបើយើងយោងទៅតាមសភាពជាក់ស្ដែង បើរំសាយបុគ្គលិកទាំងស្រុង វាមិនខុសទេ! តែបើក្នុងករណី​រំសាយខ្លះ ទុកខ្លះ ហើយក្នុងការរំសាយនោះទៀតសោតផ្ដោតទៅលើសកម្មជនសហជីព មេដឹកនាំសហជីព អាហ្នឹងវា​បង្ហាញពីចេតនារើសអើងសហជីពយ៉ាងពិតប្រាកដ»

មន្រ្តីសម្របសម្រួលគម្រោងជាតិនៅអង្គការ ILO លោក ទុន សោភ័ណ្ឌ មិនអាចបញ្ជាក់ថា ករណីបញ្ឈប់ការងារថ្នាក់ដឹកនាំនិងសកម្មជនសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ជាទង្វើខុសឬស្របច្បាប់នោះទេ បើសិនមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់។ លោកថា អង្គការរបស់លោកនឹងចូលដោះស្រាយបញ្ហាវិវាទនេះ បើសិនមានការស្នើ។

លោក ទុន សោភ័ណ្ឌ និយាយថា៖ «យើងនឹងចាត់វិធានការភ្លាមៗនៅពេលទទួលបានសំណើដែលលម្អិតស្ថានភាពករណី[បញ្ឈប់ថ្នាក់ដឹកនាំ សកម្មជនសហជីព និងបុគ្គលិកណាហ្គាវើលដ៍] ពីសហជីពកម្មករដែលរងផលប៉ះពាល់»។

នាយិកា​ប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​​ស្រី ចក់ សុភាព ថ្លែងថា ការបញ្ឈប់បុគ្គលិកក្នុងស្ថានភាពកូវីដ-១៩ ដែលពួកគេកំពុង​ជួបបញ្ហាលំបាកផ្នែកជីវភាព ជាការដើរផ្ទុយ​ពីគោលការណ៍​ណែនាំរបស់​ក្រសួង​ការងារកន្លង​មក។ លោក​​ស្រីបន្ថែមថា ការបញ្ឈប់ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ បើមិនមានហេតុផលសមស្របទេ នោះ​ក្រុមហ៊ុនមិនមែនធ្វើឡើងតែក្រោមហេតុផលប៉ះពាល់ប្រាក់ចំណូលនោះទេ។

លោកស្រី​មានប្រសាសន៍ថា៖ «បើការបញ្ឈប់នោះសំដៅទៅលើតួអង្គសកម្ម ក៏ដូចជាតំណាងសហជីព នោះបានន័យ​ថា ខាងក្រុ​មហ៊ុនបានបំពាននិងធ្វើការយាយីទៅដល់តំណាងសហជីព ដែលគួរតែត្រូវបានធានាទៅតាមច្បាប់​នៃព្រះរាជាណាចក្រកម្ពុជាយើង ហើយដែលស្ថាប័នរបស់ខ្លួនហ្នឹងបានយល់ស្របក្នុងការបង្កើតឱ្យមានសហជីព។ អ៊ីចឹង នេះ​ជាការប្រើរូបភាពឬសម្អាងនៃជំងឺ​កូវីដនេះ មកជាការសងសឹកចំពោះបុគ្គលសកម្មទៅវិញ»

វីអូឌី មិនអាចទាក់ទងប្រធានប្រតិបត្តិបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លោក Mike Ngai ដើម្បីសុំការអធិប្បាយជុំវិញការសម្រេចកាត់បុគ្គលិកនេះបានទេ នៅថ្ងៃសុក្រនេះ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ លើកឡើងថា ជាទូទៅ ក្រុមហ៊ុនមិនអាចបញ្ឈប់មេដឹកនាំសហជីពបានទេ ដរាបណាពួកគេមិនមានកំហុសធ្ងន់។

លោកមានប្រសាសន៍ថា៖ «ជាគោលការណ៍ គេមិនអាចបញ្ឈប់ថ្នាក់ដឹកនាំសហជីពទេ លើកលែងតែមានកំហុសធ្ងន់ ឬខុសទៅនឹងបទបញ្ជាផ្ទៃក្នុង ឬស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងណាមួយរបស់ក្រុមហ៊ុន។ យើងត្រូវពិនិត្យមើលអង្គហេតុនិងដើមទងនៃបញ្ហាសិន។»

តាមរបាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រមហ៊ុន ណាហ្គាវើលដ៍ ចុះផ្សាយលើគេហទំព័ររបស់ខ្លួន បានឱ្យដឹងថា ក្រុមហ៊ុនកាស៊ីណូនិងសណ្ឋាគារមួយនេះ រកប្រាក់ចំណេញសុទ្ធបានជាង១០០​លាន​ដុល្លារ (១០២,៣លានដុល្លារ) អំឡុងវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ ដោយធ្លាក់​ចុះ​ពីជាង៥២១​លានដុល្លារ ក្នុងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ