សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ថា​សំណុំ​រឿង​របស់​លោក​ មាស មុត​ ត្រូវ​បន្ត​ទៅ​ជំនុំ​ជម្រះ​

អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត។ (សាលាក្ដីខ្មែរក្រហម – ECCC)

សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហម នៅតែចាត់ទុកថា ដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹងជនជាប់ចោទ លោក មាស មុត នៅតែមានសុពលភាព ដែលតម្រូវថា រឿងក្តីនេះត្រូវបន្តទៅជំនុំជម្រះ។

ការអះអាងនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៨ ខែឧសភា ស្តីពីជំហររបស់ភាគីសហព្រះរាជអាជ្ញាអន្តរជាតិ ក្នុងសំណុំរឿង ០០៣ របស់ជនជាប់ចោទ លោក មាស មុត។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោកស្រី Brenda J. Hollis សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហម បានអះអាងថា ខ្លួននឹងដាក់សំណើសុំមួយឱ្យអង្គបុរេជំនុំជម្រះដោះស្រាយចំពោះភាពមិនច្បាស់លាស់ផ្នែកតុលាការនេះ តាមរយៈការចេញសេចក្តីសម្រេចមួយដែលបិទបញ្ចប់កិច្ចដំណើរការនីតិវិធីមុនការជំនុំជម្រះនៅក្នុងរឿងក្តីនេះ ស្របតាមសេចក្តីសន្និដ្ឋានជាឯកច្ឆន្ទរបស់ខ្លួន ដែលថា ដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹងលោក មាស មុត មានសុពលភាព ឬស្របទៅនឹងអ្វីដែលត្រូវបានទទួលស្គាល់ថា ជាគោលជំហរស្វ័យប្រវត្តិ «ជាមូលដ្ឋាន និងជាកត្តាកំណត់» ដែលតម្រូវថា រឿងក្តីនេះត្រូវបន្តទៅជំនុំជម្រះ។

ការចេញសេចក្តីថ្លែងការណ៍របស់ភាគីសហព្រះរាជអាជ្ញាអន្តរជាតិ លោកស្រី Brenda J. Hollis នេះ បានធ្វើឡើង ក្រោយពីសហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិ កាលពីថ្ងៃទី២០ ខែឧសភា បានបដិសេធសំណើរបស់ខ្លួនដែលស្នើសុំឱ្យសហចៅក្រមស៊ើបអង្កេតបញ្ជូនសំណុំរឿង ០០៣ របស់លោក មាស មុត ទៅជំនុំជម្រះនៅសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

សហព្រះរាជអាជ្ញាអន្តរជាតិ លោកស្រី Brenda J. Hollis បានចាត់ទុកការបដិសេធនេះថា ជាការទុកឱ្យរឿងក្តីរបស់លោក មាស មុត នេះស្ថិតក្នុងភាពមិនច្បាស់លាស់តាមផ្លូវតុលាការនៅក្នុងដំណាក់កាលមុនជំនុំជម្រះ។

កាលពីថ្ងៃទី២០ ខែឧសភា សហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិនៃសាលាក្តីខ្មែរក្រហម បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិដែលស្នើសុំឱ្យសហចៅក្រមស៊ើបអង្កេតបញ្ជូនសំណុំរឿងរបស់លោក មាស មុត ទៅអង្គជំនុំជម្រះសាលាដំបូង បន្ទាប់ពីចៅ​ក្រម​អង្គបុរេជំនុំជម្រះបានចេញសេចក្តីពិចារណាមិនដាច់ស្រេចមួយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

សហចៅក្រមស៊ើបអង្កេត ក៏បានបដិសេធអំណះអំណាងរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលថា ចៅក្រមអង្គបុរេជំនុំជម្រះទាំងប្រាំរូប បានឯកភាពថា ដីកាបញ្ជូនទៅជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិមានសុពលភាព ដូច្នេះជាឯកច្ឆន្ទ សំណុំរឿងអាចត្រូវបានបញ្ជូនទៅជំនុំជម្រះបាន។ ប៉ុន្តែជាការពិត ចៅក្រមជាតិនៃអង្គបុរេជំនុំជម្រះ បានបង្ហាញជំហរផ្ទុយគ្នាយ៉ាងជាក់លាក់ ដោយបញ្ជាឱ្យតម្កល់សំណុំរឿង ០០៣ របស់លោក មាស មុត ក្នុងបណ្ណាសារ ដែលមានន័យថា «ឥតចាត់ការ»។ ដូច្នេះ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាត់ទុកថា ការគ្រាន់តែយោងលើពាក្យពេចន៍ដែលត្រូវបានប្រើប្រាស់របស់ចៅក្រមជាតិ មិនត្រូវនឹងខ្លឹមសារនោះទេ។

លោក មាស មុត ដែលបច្ចុប្បន្នមានអាយុ៨៣ឆ្នាំ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត ត្រូវបានគេដឹងថា លោកធ្លាប់ជាកម្មាភិបាលជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ដោយមានតួនាទីជាសមាជិកគណៈមជ្ឈិមបក្ស និងជាមេបញ្ជាការកងទ័ពជើងទឹក១៦៤ ប្រចាំការនៅកំពង់សោម។

លោក មាស មុត ត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ចោទប្រកាន់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងការរំលោភបំពានក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។

នៅចុងឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានសម្រេចបញ្ជូនសំណុំរឿងរបស់លោក មាស មុត ទៅជំនុំជម្រះដោយអះអាងថា មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោក មាស មុត ស្ថិតក្នុងចំណោមជនដែលទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតជាតិវិញបានជំទាស់ ដោយយល់ថា លោក មាស មុត មិនស្ថិតនៅក្នុងចំណោមជនត្រូវចោទនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ