អាជ្ញាធរ​ខេត្ត​កំពត​បិទ​អាជីវ​កម្ម​កាស៊ីណូ​នៅ​ច្រក​អន្តរជាតិ​ព្រែកចាក​និង​ច្រក​​​តន់ហន់​រយៈ​ពេល​១៤​ថ្ងៃ​

អាជ្ញាធរនិងមន្ត្រីជំនាញសុខាភិបាលចុះពិនិត្យនិរៀបចំការធ្វើតេស្តរកមេរោគកូវីដ-១៩ លើអ្នកពាក់ព័ន្ធនឹងបុគ្គលិកកាស៊ីណូ សុខ គីមម៉េង (ព្រំដែនតន់ហន់) ដែលវិជ្ជមានកូវីដ-១៩ ស្ថិតឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញបឋមចំនួន៤នាក់។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត)

អាជ្ញាធរខេត្តកំពតបានសម្រេចបិទផ្អាកអាជីវកម្ម​កាស៊ីណូនៅច្រកអន្តរជាតិ«ព្រែកចាក» និងច្រកទ្វារទ្វេភាគី«តន់ហន់» ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល១៤ថ្ងៃ ដោយថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងក្រោយពេលរកឃើញបុគ្គលិកកាស៊ីណូឆ្លងជាង៥០នាក់នៅថ្ងៃនេះ។

លិខិតរបស់រដ្ឋបាលខេត្តកំពតដែលជម្រាបជូនអភិបាលស្រុកកំពង់ត្រាច នៅថ្ងៃទី៣០ ខែឧសភានេះ ថាការសម្រេចបិទអាជីវកម្មកាស៊ីណូនៅតំបន់ច្រកព្រំដែនទាំងពីរ និងនៅផ្សារក្រឹសនេះ គឺដើម្បី​បន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

រដ្ឋបាលខេត្តកំពតសរសេរថា៖ «ក្នុងន័យនេះ រដ្ឋបាលខេត្តសូមណែនាំឱ្យអភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច ត្រូវធ្វើការណែនាំបិទផ្អាកអាជីវកម្មកាស៊ីណូនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។

លិខិតដដែលបញ្ជាក់ថា ការសម្រេចនេះ ដោយយោងតាមការផ្សាយព័ត៌មានស្តីពីការកើនឡើងនូវតួលេខនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅស្រុកកំពង់ត្រាច ខេត្តកំពត។

អាជ្ញាធរខេត្តកំពត នៅថ្ងៃអាទិត្យនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៥៦ករណី ដែលកើតឡើងទៅលើបុគ្គលិកកាស៊ីណូទាំងអស់ ប៉ុន្តែអាជ្ញាធរខេត្តនេះមិនបានបញ្ជាក់ពីចំនួន​ឆ្លងសរុបនៅទូទាំងខេត្តនោះឡើយ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២៩ ៤០៤​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន២២ ១៨៨នាក់ និងអ្នកស្លាប់សរុប២០៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ