បទ​វិភាគ​៖​ តើ​កម្ពុជា​ត្រូវ​មាន​យន្តការ​បែប​ណា​ខ្លះ​ ដើម្បី​ទប់​ស្កាត់​ករណី​ពុល​ស្រា?

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

ករណីពុលចំណីអាហារ ពិសេសពុលស្រា-សឬ​ស្រាថ្នាំ បានកើតឡើងនៅកម្ពុជាម្តងហើយម្តងទៀត បង្កឱ្យមានពលរដ្ឋ​រងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតជាច្រើននាក់​។

ជាក់ស្តែង​​ គ្រាន់តែក្នុងខែឧសភា ឆ្នាំ២០២១នេះ ករណីពុលស្រា-សនិងស្រាថ្នាំ នៅស្រុកល្វាឯម ខេត្ត​កណ្តាល ដែល​ជាទីតាំងស្ថិតនៅក្បែររាជធានីភ្នំពេញផងនោះ បាន​បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់​១៣​នាក់ និ​ងសម្រាកនៅមន្ទីរពេទ្យជាច្រើននាក់ទៀត។ រំលងមិនបានប៉ុន្មានថ្ងៃផង ករណីពុលស្រា-ស ក្នុងពិធីកំដរបុណ្យសពរបស់អ្នកភូមិមួយនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ក៏បានបណ្តាលឱ្យមនុស្សយ៉ាងហោច​ណាស់១០នាក់​ស្លាប់ និង​ប្រមាណ៧០នាក់ទៀតត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ​។

ក្រោយករណីនេះកើតឡើង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការទទួលទាន​​ស្រា-សឬ​ស្រាថ្នាំដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ។ ក្រសួង​ថា បើនៅតែបន្តពិសាស្រា-សឬស្រាថ្នាំទាំងនេះទៀត ​នឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពទៅជាឈឺឬអាចបាត់បង់ជីវិត​តែម្តង។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំទៅអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដាក់កម្លាំងឃ្លាំមើលការធ្វើអាជីវកម្មផលិតឬលក់ដូរស្រា​ ​ដើម្បីធានាកុំ​ឱ្យមានការ​ផលិតផលស្រាដែលគ្មានបច្ចេកទេសត្រឹមត្រូវអាចចរាចរនៅលើទីផ្សារបាន។

ទោះបីជាយ៉ាងនេះក្តី វិធានការអំពាវនាវនេះមិនមែនទើបតែធ្វើឡើងជាលើកទី១នោះឡើយ ពោលគឺស្ទើររាល់ពេលមានបញ្ហាពុលស្រាកើតឡើងម្តងៗ ​រដ្ឋាភិបាលតែងចេញមុខអំពាវនាវបែបនេះឬបែបនោះរហូត ប៉ុន្តែបញ្ហា​នៅតែកើតមានឡើងដដែល។

សំណួរត្រង់ថា តើកម្ពុជាត្រូវមានយន្តការបែបណាខ្លះ ដើម្បីទប់ស្កាត់មិនឱ្យមានករណីពុលស្រា​កើតមានឡើងនៅថ្ងៃអនាគតបន្តទៀត?

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ការទទួលទាន​គ្រឿងស្រវឹង ហើយបណ្តាលឱ្យមានករណីពុលរហូតដល់ស្លាប់ជាបន្តបន្ទាប់នេះ ហាក់ឆ្លុះបញ្ចាំងថា ពលរដ្ឋខ្មែរមួយចំនួនជោកជាំ​ដោយសារគ្រឿងស្រវឹងទាំងនេះ រហូតធ្វើឱ្យគាត់មិនបាន​គិតពិចារណាឬប្រុងប្រយ័ត្នចំពោះបញ្ហានេះឡើយ។  ​

ជាមួយគ្នានេះ លោកថា ស្រា-សដែលចរាចរនៅលើទីផ្សារ​ ធ្លាប់ត្រូវបានគេ​ស្រាវជ្រាវរកឃើញថា ​ភាគច្រើនជាប្រភេទស្រាមិនសុទ្ធល្អ និងលាយជាមួយមេអាល់កុលឬ​មេតាណុល ហើយការនាំចូលស្រាប្រភេទនេះនិងមេអាល់កុលពីក្រៅប្រទេស គឺមិនមានការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពឡើយ។ ​

លោកមានប្រសាសន៍ថា៖ «រឿងសុវត្ថិភាពម្ហូបអាហារ រួមទាំងជាតិស្រវឹង ដូចជាស្រា-សអីនេះ ជាបញ្ហាធំមួយ​ដែល​កន្លងមក ខ្វះការយកចិត្តទុកដាក់ ខ្វះការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ សូម្បីតែក្នុងរយៈពេល​ដែលប្រទេសយើងកំពុងប្រយុទ្ធទៅនឹងកូវីដ ក៏មានការនាំចូល​ឬ​ការជួញដូរអាល់កុលដែលជាអាល់កុលក្លែងក្លាយផងដែរ។ អ៊ីចឹងរឿងស្រុកយើងនេះ រឿងសម្ភារ គ្រឿងបរិភោគឧបភោគក្លែងក្លាយហ្នឹង​នៅមានច្រើន ដែលជាបញ្ហាធំមួយបង្កឱ្យ​មានផលប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋ និងការខាតបង់ធនធាន ពិសេសសេដ្ឋកិច្ចហ្នឹងរាប់លានដុល្លារក្នុងមួយឆ្នាំៗ»។

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

ទាំងករណីពុលស្រានៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និងទាំងករណីនៅស្រុកកំពង់ត្រាច ខេត្តកំពត ក្រសួងសុខាភិបាលសន្និដ្ឋានថា សារធាតុបណ្តាលឱ្យពលរដ្ឋពុល​រហូតដល់ស្លាប់នោះ ដោយសារស្រាទាំងនោះមានជាតិមេតាណុលកម្រិតខ្ពស់​។

ប្រធានមន្ទីរសុខាភិបាល​ខេត្តកណ្តាល លោក គួយ ប៊ុនធឿន ធ្លាប់ប្រាប់ វីអូឌី ថាក្រោយមានហេតុការណ៍ពុលស្រានៅស្រុកល្វាឯមកើតឡើង មន្ត្រីជំនាញបានចុះទៅពិនិត្យយកស្រាពីទីតាំងដែលផលិតនិងអ្នក​លក់ចែកចាយ​​បន្ត សរុប២៨កន្លែង ហើយជាលទ្ធផល​រកឃើញថា ​ស្រាទាំងអស់នោះពិតជាមានជាតិមេតាណុលខ្ពស់ពិត​ប្រាកដមែន។

ដោយឡែក ប្រធានមន្ទីរឧស្សាហ​​កម្មខេត្តកណ្ដាល លោក ហួត វណ្ណថូ ក៏ទទួលស្គាល់ថា សិប្បកម្មផលិតស្រានៅភូមិតាស្គរ ស្រុកល្វាឯមនោះ មិនបានចុះបញ្ជីទេ ដោយពួកគាត់ផលិតជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែលោកថា អាជីវកម្មទាំងនេះ មន្ទីរមិនដែលអនុញ្ញាតដល់ពួកគេឡើយ។

យ៉ាងណា គេសង្កេតឃើញថា ករណីពុលស្រាបណ្តាលឱ្យពលរដ្ឋស្លាប់រាប់សិបនាក់ និងកើតឡើងស្ទើរជារៀងរាល់ឆ្នាំ​ក្នុងរយៈពេលចុងក្រោយនេះ កម្រឃើញមន្ត្រីអាជ្ញាធរឬ​​មន្ត្រីជំនាញចេញមុខសុំ​ទោសជាសាធារណៈឬទទួលខុសត្រូវចំពោះមុខច្បាប់នូវអ្វីដែលកើតឡើង​ទៅលើពលរដ្ឋនៅក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន។ ​

លោក​ ប៉ា ចន្ទរឿន មានប្រសាសន៍ថា កង្វះការទទួលខុសត្រូវពីសំណាក់អាជ្ញាធរឬ​មន្ត្រីជំនាញ ក៏ជាដើមចមដែល​នាំឱ្យមាន​បញ្ហាពុលចំណីអាហារ ពិសេសករណីពុលស្រាទាំងនេះ កើតឡើងបន្តបន្ទាប់ផងដែរ។

លោកមានប្រសាសន៍ថា៖ «ការទទួលខុសត្រូវហ្នឹង វាមានពីរទម្រង់។ ទី១ ការទទួលខុសត្រូវដោយផ្ទាល់ ប្រសិន​បើកិច្ចការងារហ្នឹងវាស្ថិតនៅក្រោមដែនសមត្ថកិច្ច ឬ​ការគ្រប់គ្រងរបស់ពួកគាត់​ [អាជ្ញាធរ]។ ទី២ គេហៅថា គណនេយ្យភាព ឬការទទួលខុសត្រូវដោយប្រយោល ទោះបីជាការងារហ្នឹងមិននៅក្រោមដៃឬភ្នែកច្រមុះរបស់គាត់ [អាជ្ញាធរ] ក៏ដោយ ប៉ុន្តែក្នុងនាមជាអាជ្ញាធរដែលពាក់ព័ន្ធ ក្នុងកិច្ចការងារហ្នឹង គាត់ត្រូវតែមានគណនេយ្យភាព ហើយកង្វះការទទួលខុសត្រូវនិងគណនេយ្យភាពក្នុងការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ក៏ជាដើមចម​ដ៏សំខាន់មួយដែលធ្វើឱ្យប្រជាពលរដ្ឋយើងប្រឈមមុខទៅនឹងការពុលចំណី ការពុលស្រា រហូតដល់បាត់បង់ជីវិតរាប់សិបនាក់កន្លងមកដែរ»។

ដោយឡែក ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា មូលហេតុដែលបណ្តាលឱ្យមានករណីពុលស្រាកើតឡើងដដែលនេះ ដោយសារកង្វះលទ្ធភាពគ្រប់គ្រងគ្រឿងស្រវឹងតែម្តង។ លោកបន្តថា កង្វះលទ្ធភាពគ្រប់គ្រងនេះ ដោយសារកម្ពុជាមិនមានច្បាប់​គ្រប់គ្រងគ្រឿងស្រវឹង ខណៈ​សេចក្តីព្រាងច្បាប់គ្រប់គ្រង​គ្រឿងស្រវឹងនេះ ចេះតែអូសបន្លាយឬទុកចោល មិនព្រមចេញ​ជាផ្លែផ្កាសោះឡើយ។

លោក​បន្ថែម​ថា រឿងមួយទៀតនោះ គឺ​ការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង​នេះនៅមានកម្រិត ចំណែកការផ្សព្វផ្សាយពីផលិតផល​គ្រឿងស្រវឹងវិញកាន់តែមានភាពទាក់ទាញខ្លាំង ព្រមទាំងភាពអនាធិបតេយ្យនៃការលក់ដូរគ្រឿងស្រវឹងនៅលើទីផ្សារទៀតផង​។

បញ្ហានេះ លោកចង់ឱ្យមានយន្តការគ្រប់គ្រងគ្រឿងស្រវឹងមួយច្បាស់លាស់ និងបញ្ឈប់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមគ្រប់រូបភាព ឱ្យដូចទៅនឹងការបញ្ឈប់​ផ្សព្វផ្សាយអំពីផលិតផលថ្នាំជក់ឬបារីផងដែរ។

លោក យង់ គិមអេង មានប្រសាសន៍ថា៖ «ទី១ ត្រូវតែរៀបចំឱ្យមានយន្តការគ្រប់គ្រង [គ្រឿងស្រវឹង] ឱ្យបានច្បាស់លាស់។ ការគ្រប់គ្រងហ្នឹង គឺធ្វើម៉េច ទី១ ត្រូវតែមានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងឱ្យបានច្បាស់លាស់ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវិលផង នៅក្នុងការអប់រំនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ រឿងទី២ហ្នឹង ​គឺអាជ្ញាធរ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ហ្នឹង ត្រូវធ្វើការអប់រំផ្សព្វផ្សាយ [អំពីផលប៉ះពាល់នៃគ្រឿងស្រវឹង] ដល់ពលរដ្ឋឱ្យបានទូលំទូលាយ»។

ស្រដៀងគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា មានចំណុចមួយចំនួនដែលនាំឱ្យមានបញ្ហាពុលអាហារ ពិសេសពុលស្រានេះ កើតឡើងដដែលៗ ហើយគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះ រួមមាន កត្តាគ្មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង បញ្ហាកង្វះគុណធម៌របស់អ្នកលក់និងអ្នកផលិតស្រា ដោយ​មិនខ្វល់ចំពោះបញ្ហាសុខភាពរបស់អ្នកបរិភោគ ព្រមទាំងបញ្ហាអំពើពុករលួយ​ដែលកើតឡើងនៅមូលដ្ឋាន ធ្វើឱ្យការផលិតឬចាយចែកស្រាគ្មានបច្ចេកទេសបន្តកើតមានឡើង។

លោកមានប្រសាសន៍ថា៖ «​ចំណុចចុងក្រោយដែលខ្ញុំចង់បញ្ជាក់ គឺតម្លៃនៃជីវិត គុណតម្លៃនៃជីវិតពលរដ្ឋ គឺមិនសូវត្រូវបានរដ្ឋាភិបាលហ្នឹងគិតគូរនៅឡើយ មានន័យថា ជីវិតរបស់ពលរដ្ឋខ្មែរ គឺមានតម្លៃទាបមែនទែន។ ដូច្នេះ នៅពេលសង្គមមួយឱ្យតម្លៃទៅលើជីវិតទាបជាងតម្លៃសម្ភារ សង្គមមួយដែលឱ្យតម្លៃជីវិតទាបជាងទឹកប្រាក់នេះ គឺយើងនឹងជួបបញ្ហាសង្គមច្រើន ដូចករណីរឿងពុលស្រាដូចគ្នាដែរ ព្រោះបើយើងមើលករណីពុលស្រានេះ ប្រសិនបើរដ្ឋាភិបាលឬ​សង្គមមួយឱ្យតម្លៃទៅលើជីវិតមនុស្ស ប្រហែលជាការផលិតស្រាសនេះនឹងត្រូវបានបិទតាំងពីមានករណីកើតឡើងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រមាណជា១០ឆ្នាំមុនមកម៉្លេះ»។

​សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលក្រសួងសុខាភិបាលរៀបចំឡើងកាលពីឆ្នាំ២០១៥ មាន១១ជំពូក និងមាន៣៩មាត្រា។ សេចក្តីព្រាងច្បាប់នេះ មាត្រា១ និងមាត្រា២ អះអាងថា រៀបចំឡើងក្នុងគោលបំណងនិងគោលដៅ ដើម្បីការពារសុខភាពសាធារណៈនិងកាត់បន្ថយទៅលើផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គម។

លើសពីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់សាធារណជនអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹង។ សេចក្តីព្រាងច្បាប់នេះក៏មានគោលដៅសហការជាមួយបណ្តាក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ អង្គការដៃគូនានា ដើម្បីជំរុញការអប់រំនិងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា។   

ដោយឡែក មាត្រា៩ នៃសេចក្តីព្រាងច្បាប់នេះបញ្ជាក់ថា ផលិករក្នុងស្រុកនិងអ្នកនាំចូលគ្រឿងស្រវឹងគ្រប់ប្រភេទពីបរទេសសម្រាប់ចែកចាយឬលក់ដូរនៅក្នុងប្រទេស​អាចធ្វើទៅបាន លុះត្រាតែមានបោះពុម្ពឬបិទស្លាក​សញ្ញាស្តីពី ព័ត៌មានលម្អិតនៃកំហាប់ជាតិអេតាណុល សារធាតុពុល និងសារធាតុផ្សេងៗទៀត ដែលមាននៅក្នុងផលិតផលគ្រឿងស្រវឹងទាំងនោះ និងសារព្រមានសុខភាពនៅលើសំបកកំប៉ុង ប្រអប់ ឬដប ជាដើម។

ចំណែកមាត្រា១២វិញ ក៏បានហាមឃាត់ការលក់ដូរឬចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ចំពោះជនដែលមានអាយុក្រោម២១ឆ្នាំ ស្ត្រីមានគភ៌ និងជនដែលស្ថិតនៅក្នុងស្ថានភាពស្រវឹងមិនអាចគ្រប់គ្រងខ្លួនឯងបានជាដើម។ 

សេចក្តីព្រាងច្បាប់ដដែលនេះ ក៏បានកំណត់ពីទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសដែលអាចជាប់ពន្ធនាគារពី៦ថ្ងៃ ដល់ ៦ខែ និងពិន័យជាប្រាក់ពី១ ០០០ ០០០រៀល រហូតដល់២០ ០០០ ០០០​រៀល ហើយបើករណីមិនរាងចាលនឹងត្រូវអនុវត្តទោសទ្វេដងផងដែរ។

ទោះបីជាយ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិលបានសម្តែងការសោកស្តាយ ត្បិតសេចក្តីព្រាងច្បាប់នេះមិនទាន់ចេញជារូបរាងឡើយ និងត្រូវបានរដ្ឋាភិបាលលុបចោលទៀតផងកាលពីឆ្នាំ២០១៩។  

កាលពីខែមិថុនា ឆ្នាំ២០១៩ ប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានប្ដូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពេលនោះ លោក ពេជ្រ ស្រស់ ប្រាប់ VOD ថា ក្រសួងសុខាភិបាលបានសម្រេចលុបចោលសេចក្ដីព្រាងច្បាប់ត្រួតពិនិត្យគ្រឿងស្រវឹងហើយ ដោយថា ក្រសួងបានដាក់បញ្ចូលសេចក្ដីព្រាងច្បាប់នេះទៅក្នុងច្បាប់មួយទៀតរបស់ក្រសួងពាណិជ្ជកម្មវិញ។ ដូច្នេះ លោកថា មិនមានសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងទៀតនោះឡើយ។

សម្រាប់លោក យង់ គិមអេង សោកស្តាយចំពោះសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះដែលមិន​អាចចេញជា​រូប​រាង ខណៈកម្ពុជាត្រូវការច្បាប់នេះជាចាំបាច់ក្នុងការទប់ស្កាត់មិនឱ្យមានជនរងគ្រោះដោយសារគ្រឿងស្រវឹងបន្តទៀត។

ស្រដៀងគ្នានេះ បណ្ឌិត សេង សារី ផ្តល់អនុសាសន៍ថា ដើម្បីទប់ស្កាត់មិនឱ្យមានករណីពុលស្រានៅកម្ពុជាកើតមានឡើងបន្តទៀត រដ្ឋាភិបាលត្រូវរៀបចំច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះឱ្យចេញជារូបរាងឡើងវិញ។ លើសពីនេះ លោកថា ត្រូវបង្កើតឱ្យមានវប្បធម៌មិនសេពគ្រឿងស្រវឹង ឬសេពក្នុងស្មារតីទទួលខុសត្រូវ ដើម្បីសុខភាព ពុំមែនសេពសម្រាប់ជីវភាពប្រចាំថ្ងៃនោះឡើយ។

លោកបន្ថែមថា ៖ «ទី៣ហ្នឹង ត្រូវជំរុញធ្វើម៉េចដែលគេហៅថា គុណតម្លៃនៃជីវិតមនុស្ស គុណតម្លៃនៃជីវិតរបស់ពលរដ្ឋ តាមរយៈការពន្លឿនប្រសិទ្ធភាពក្នុងការអនុវត្តពន្លឿនប្រសិទ្ធភាពក្នុងការការពារសុខុមាលភាពសង្គម។ អ្វីដែលសំខាន់បំផុតមួយទៀតហ្នឹង ក៏ត្រូវពិនិត្យមើលទៅលើគោលនយោបាយសុខភាពសាធារណៈរបស់ខ្មែរយើងហ្នឹង ថាតើគោលនយោបាយសុខភាពសាធារណៈហ្នឹង វាបានមើលគ្រប់ជ្រុងជ្រោយទៅលើ​ប្រព័ន្ធ​សុខាភិបាល ឬប្រព័ន្ធសុខភាពរបស់ពលរដ្ឋហ្នឹងដោយរបៀបណា»។

ក្រៅពីសារអំពាវនាវរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយករណីពុលស្រាម្តងៗ លោក​ ប៉ា ចន្ទរឿន ក៏ចង់ឃើញប្រសិទ្ធភាពនៃអនុវត្តច្បាប់ទៅលើក្រុមមនុស្សដែលប្រព្រឹត្តខុសឬជនដែលបង្កហានិភ័យដល់សុខភាពពលរដ្ឋ ហើយការចាត់វិធានការនានា ត្រូវធ្វើឡើងជាប្រព័ន្ធនិងមានភាពច្បាស់លាស់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ