សង្គម​ស៊ីវិល​​បារម្ភ​ ក្រោយ​​​កុមារ​ខ្លះ​រង​ការ​គំរាម​កំហែង​និង​បោះបង់​ការ​សិក្សា​អំឡុង​​វិបត្តិ​​កូវីដ-១៩​

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

សង្គមស៊ីវិលបង្ហាញការព្រួយបារម្ភពីស្ថានភាពសិក្សា​របស់​​កុមារនៅកម្ពុជា អំឡុងពេលជួបវិបត្តិនៃជំងឺកូវីដ-១៩ ដោយសារសិស្សានុសិស្សយ៉ាង​តិច ១៦% ប្រឈមនឹងការបោះបង់ចោលការសិក្សា និងមួយចំនួនទៀតរងការគំរាមកំហែង​ផ្លូវកាយផ្លូវចិត្ត។

ការព្រួយបារម្ភនេះធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋាភិបាល បានចេញលិខិតចំហថា កុមារនៅ​កម្ពុជា ជាពិសេសសិស្សានុសិស្សមួយចំនួនជួបបញ្ហាប្រឈមនឹងវិបត្តិផ្លូវកាយនិង​ផ្លូវចិត្ត រួមទាំងប្រឈមនឹងការបោះបង់ការសិក្សាជាបន្តបន្ទាប់ អំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។

​ក្នុងទិវាសិទ្ធិកុមារ​អន្តរជាតិ នៅថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០២១នេះ​ សម្ព័ន្ធខ្មែរជំរឿន​ និងការពារ​សិទ្ធិមនុស្ស (​លីកាដូ) បានចេញសេចក្តីថ្លែងការណ៍ថា អង្គការនេះកំពុង​ចេញផ្សាយ​ជាបន្តបន្ទាប់​​នូវសម្រង់សម្ដី​ពីកុមារ​និងគ្រួសារ​របស់ពួកគេ​ដែលត្រូវរស់នៅ​ទទួលរង​ផលប៉ះពាល់​សុខភាពផ្លូវកាយ ផ្លូវចិត្ត និងការសិក្សា ជាពិសេសកុមារដែលជាប់នៅក្នុងតំបន់បិទខ្ទប់ នាអំឡុងពេលឆ្លងរាលដាល​ជំងឺកូវីដ-១៩។​ 

ម្ដាយរបស់​កុមារ២នាក់​ ម្នាក់អាយុ​១០ឆ្នាំ ​និងម្នាក់ទៀត​អាយុ៦ឆ្នាំ ​បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍នោះថា៖​ «សុខចិត្ត​ឱ្យកូន​ស្រីច្បង​រៀន​តែមួយពេល​ រៀនតែខ្មែរ​! អ៊ីចឹងប៉ាវា​បានខ្ចីលុយគេទៅ​បង់សាលាកូន​​ឱ្យរៀន​។ ពួកខ្ញុំ​ត្រូវផ្អាក​កូនខ្ញុំ​អាពៅ ​ខ្ញុំអត់មាន​លុយបង់​សាលារៀន»

សេចក្តីថ្លែងការណ៍ដដែលបង្ហាញក្តីបារម្ភជុំវិញករណីនេះថា​ ការបិទខ្ទប់​ដ៏គួរឱ្យខ្លាច​នៅតំបន់ជាច្រើន​បាននាំឱ្យ​កុមារខ្វះ​លទ្ធភាព​ទទួលបាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ សេវាថែទាំសុខភាព និងសម្ភារប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ រួមទាំងធ្វើឱ្យកុមារមានភាពតានតឹងផ្លូវចិត្ត ​រងអំពើហិង្សា ការរំលោភបំពាន ឬការកេងប្រវ័ញ្ច និងបោះបង់ចោលការសិក្សា ជាដើម។

កាលពីខែមីនា​ ឆ្នាំ២០២១​ ក្រសួងអប់រំ​ យុវជន​ និងកីឡា ​ក្នុងកិច្ច​សហការ​ជាមួយ​ក្រុមការងារ​ក្នុងវិស័យអប់រំ​ និងអង្គការ​ដទៃទៀត ​បានចេញ​ផ្សាយការវាយតម្លៃ​ពីតម្រូវការ​នៃវិស័យអប់រំ​ ដែលពិពណ៌នា​លម្អិត​នូវវិសមភាព​ក្នុងការ​ទទួលបាន​ការអប់រំ​​អំឡុងពេល​មានវិបត្តិ​ជំងឺសកលនេះ។​ 

ក្រសួងអប់រំ បញ្ជាក់ថា សិស្សានុសិស្សប្រមាណ ​៣០%​ ​ ដែលត្រូវបាន​ស្ទង់មតិ​ មិនបាន​ប្រើប្រាស់​​ទម្រង់ណាមួយ​នៃការសិក្សា​ពីចម្ងាយនោះ​ទេ រួមមាន​ ឯកសារ​សិក្សាជាក្រដាស ​ការសិក្សា​​តាមប្រព័ន្ធ​អ៊ីនធឺណិត​ ឬការផ្សាយ​តាមទូរទស្សន៍។​ ​ដោយឡែក ​ក្នុងចំណោម​សិស្សា​នុសិស្ស ​៧០%​ ដែលមាន​លទ្ធភាព​ក្នុងការ​ទទួលបាន​ការសិក្សា​ពីចម្ងាយ​ ពួកគេ​ច្រើនជាង​មួយភាគបី​ បានចំណាយ​ពេលតិចជាង​មួយម៉ោង​ក្នុងមួយ​សប្ដាហ៍ ​ដើម្បីចូលរួម​ក្នុង​សកម្មភាព​សិក្សា។​

ក្រសួងឱ្យដឹងថា៖ «នេះបង្កើត​ឱ្យមាន​បរិយាកាសមួយ​ដែលធ្វើឱ្យ​កើនឡើង​នៃអត្រា​បោះបង់​ការសិក្សា ​និងពលកម្មកុមារ។​ កុមារ​​ ជាពិសេស​ក្មេងស្រី ​ក៏បាន​រៀបរាប់​ពីការចំណាយពេល​ច្រើនជាងមុន​ដើម្បី​ធ្វើការងារ​ផ្ទះ ចាប់តាំងពី​ការបិទ​សាលារៀន។»​ 

ក្រសួងបន្ថែមថា៖ «ការវិភាគ​របស់​ក្រសួងអប់រំ​ យុវជន​ និងកីឡា ​បង្ហាញថា ​សិស្សានុសិស្ស​យ៉ាងតិច​ ១៦% ​ត្រូវបាន​ប្រឈម​នឹងការបោះបង់​ការសិក្សា​ ហើយ ៦%​ ពេលនេះ​កំពុងធ្វើការ​ពេញម៉ោង​ ក្រោយពី​ការបិទសាលារៀន។»

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី មានប្រសាសន៍តាមតេឡាក្រាមថា បច្ចុប្បន្ននេះ ក្រសួងមិនអាចបើកសាលាបង្រៀនឡើងវិញបានទេ ពីព្រោះផលប៉ះពាល់នៃ​ជំងឺកូវីដ-១៩ នៅមានទំហំធំធេងនៅឡើយ។ 

ទោះជាយ៉ាងណា លោកថា​ ក្រសួងបានអនុញ្ញាតឱ្យដំណើរការបើកការសិក្សាពីចម្ងាយ​តាមប្រព័ន្ធ​អនឡាញ ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់សិស្សានុសិស្ស នាអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។

នៅពេលសួរពីចំនួនសិស្សដែលបោះបង់ការសិក្សា ជាពិសេសកុមារនោះ ថាប្រសិនបើ​ចំនួនកុមារនៅតែបន្តបោះបង់ចោលការសិក្សាទៀត តើនឹងធ្វើឱ្យប៉ះពាល់អ្វីខ្លះទៅលើកុមារនិងប្រព័ន្ធ​អប់រំនៅកម្ពុជា? 

អ្នកនាំពាក្យរូបនោះឆ្លើយយ៉ាងខ្លីថា ក្នុងដំណាក់កាលនេះ កិច្ចការពារជីវិតពលរដ្ឋ​​ជាអាទិភាពចម្បង​។

​ក្នុង​ទិ​វាសិទ្ធិកុមារ​អន្តរជាតិនេះដែរ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតចំហមួយដោយបញ្ជាក់ថា បច្ចុប្បន្ន សកលលោក ក៏ដូចជាកម្ពុជា បានជួប​ប្រទះវិបត្តិកូវីដ-១៩ មិនអាចឱ្យមានការជួបជុំទ្រង់ទ្រាយធំឬប្រារព្ធពិធី​ជួបប្រជុំដូចសព្វដងបានទេ។

ទោះបីជាយ៉ាងនេះក្តី លោកថា រដ្ឋាភិបាល​​ប្តេជ្ញា​លុបបំបាត់អំពើហិង្សាលើកុមារទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងបញ្ហាប្រឈមនានា ហើយ​​កម្ពុជាបានសហការជាមួយប្រទេស​ជាដៃគូសកល រួមគ្នាអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏លើកទឹកចិត្តនិងជំរុញទៅដៃគូអភិវឌ្ឍន៍ វិស័យឯកជន ស្ថាប័នរដ្ឋ អង្គការជាតិនិងអន្តរជាតិ សហគមន៍ ជួយដល់កុមារ ដើម្បីឱ្យពួកគេរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋជាដើម។

លិខិតនោះមានខ្លឹមសារថា៖ «គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ ជួយពង្រឹងផ្តល់សេវាគាំពារដល់កុមារតូចៗ អាហារូបត្ថម្ភ សុខភាពបន្តពូជ ការបណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ បំណិន​ជីវិត បង្ការ លុបបំបាត់ការជួញដូរមនុស្ស ​និងរូបភាពអាសអាភាសកុមារ និង​បង្កើនការអប់រំ និងផ្សព្វផ្សាយ ពង្រឹងការពារ និងតាមដានការអនុវត្តសិទ្ធិកុមារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ»។ 

យ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ ឱ្យដឹងទៀតថា អស់រយៈពេល​ជាងមួយឆ្នាំ ​សិស្សានុសិស្ស​កម្ពុជា ​ប្រមាណ៣,២​​លាននាក់ ​បានប្រឈម​នឹងបញ្ហា​អូសបន្លាយ​នៃការបិទសាលារៀន ខណៈថ្នាក់រៀន​នៅទូទាំង​ប្រទេស​នៅទំនេរចោល​ ដោយសារ​ការរឹតត្បិត​នៅទូទាំងប្រទេស​ មិនថាហា​និភ័យ​នៃការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩​នៅតំបន់​ណាមួយ​នោះទេ។​

លីកាដូ បន្តថា ដំបូងឡើយ​ សាលារៀននៅកម្ពុជា​បានផ្អាកការសិក្សា​​កាលពីខែមីនា​ ឆ្នាំ២០២០​ ហើយចាប់​តាំងពី​ពេលនោះមក​ សាលារៀន​ភាគច្រើន​នៅបន្តបិទ​ និងបានបើក​វិញ​ត្រឹមរយៈពេល​ខ្លី​ប៉ុណ្ណោះ ​រហូតដល់​មានការបិទ​ចុងក្រោយ​ ដោយសារការផ្ទុះឡើង​នៃជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។​

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍បន្ថែមថា ប្រសិនបើ​រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ មិនពន្លឿនដោះស្រាយបញ្ហាប្រឈមដល់កុមារ ជាពិសេសកុមារនៅជនបទដាច់ស្រយាល និងដោះស្រាយ​បញ្ហាកុមារក្រីក្រ ឱ្យបានទាន់ពេលវេលាទេ នឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងលើកុមារក្នុងវិស័យអប់រំ បើ​ស្ថានភាពជំងឺកូវីដ-១៩នៅតែបន្តអូសបន្លាយទៅមុខទៀត។

លោកមានប្រសាសន៍ថា៖ ​«ហានិភ័យសម្រាប់គាត់ [សិស្សានុសិស្ស កុមារ] ត្រូវបោះបង់ចោលការសិក្សាជាបន្តបន្ទាប់ទៀត។ ហើយការ​បង់ចោលការសិក្សាទៅ គាត់អាចវិលទៅជួយការងារក្នុងក្រុមគ្រួសារទៀត គឺប៉ះពាល់សិទ្ធិទទួលបានការអប់រំរបស់គាត់ ហើយវាបាត់នូវធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសយើងនៅថ្ងៃអនាគត»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ