អគ្គិភ័យ​​ឆេះ​រោង​ចក្រ​​មួយ​​នៅ​ក្រុង​តាខ្មៅ​ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​​គ្រោះ​ថ្នាក់​

កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ និងកម្លាំងពាក់ព័ន្ធ ចុះអន្តរាគមន៍ពន្លត់អគ្គិភ័យនៅចំណុចរោងចក្រផលិតតុក្កតា ច្រាងហ៊ួរ ខេមបូឌា អិនធឺប្រាយ នៅចំណុចឃ្លាំងបាញ់ថ្នាំ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

​អគ្គិភ័យបាន​ឆេះរោងចក្រ​​ផលិតវត្ថុអនុស្សាវរីយ៍មួយកន្លែង បណ្តាលឱ្យ​រងការខូចខាតផ្នែកខ្លះក្នុងរោងចក្រ ប៉ុន្តែមិនបណ្តាលឱ្យមានពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់នោះឡើយ។ 

ស្នងការនគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្ត មានប្រសាសន៍នៅថ្ងៃពុធនេះ​ថា​ មានករណីឆេះរោងចក្រ ច្រាងហ៊ួរ (ខេមប៊ូឌា) ដែលជារោងចក្រផលិតវត្ថុអនុស្សាវរីយ៍ឬ​តុក្កតាមួយកន្លែង នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកបន្តថា អគ្គិភ័យនេះកើតឡើង​ដោយសារ​ការធ្វេសប្រហែសរបស់ជាងបាញ់ថ្នាំ ដែល​ផ្សារជើង​កង្ហារ​នៅកន្លែងរោង​ជាង ប៉ុន្តែសមត្ថកិច្ចបាន​អន្តរាគមន៍ពន្លត់បានភ្លាមៗផងដែរ។ ​

​លោកអះអាងថា៖ «រឿងឆាបឆេះអគ្គិភ័យនេះ គឺបណ្តាលមកការធ្វេសប្រហែសរបស់ជាងរបស់គាត់។ អ៊ីចឹងយើងត្រូវណែនាំគាត់ ដោយឱ្យ​គាត់ចូលរួមឱ្យ​​បានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសសំណង់ ក៏ដូចជាបទដ្ឋានបំពាក់បំពង់អគ្គិភ័យផងដែរ»។

លោកបញ្ជាក់ថា រោងចក្រដែលឆេះនេះខូចខាតតិចតួចប៉ុណ្ណោះ ពិសេសខូចខាតវត្ថុអនុស្សាវរីយ៍ រួមមាន តុក្កតា និង​រូបថត ដែលរោងចក្រនេះបានផលិតជាដើម។ 

ស្នងការនគរបាលខេត្តកណ្តាលដដែល អំពាវនាវដល់ម្ចាស់រោងចក្រត្រូវ​មានការប្រុងប្រយ័ត្នបន្ថែមទៀត ដោយត្រូវសហការជាមួយ​អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកជំនាញអគ្គិភ័យខេត្ត។ លោកក៏បានណែនាំឱ្យ​​អ្នកជំនាញអគ្គិភ័យខេត្ត ចុះទៅមើលប្រព័ន្ធសុវត្ថិភាពរបស់រោងចក្រ​ ព្រមទាំងណែនាំដល់ម្ចាស់រោងចក្រឱ្យ​​បំពាក់បំពង់ពន្លត់អគ្គិភ័យ និង​រៀបចំប្រព័ន្ធសុវត្ថិភាពឡើងវិញផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ