ពលរដ្ឋនៅមូលដ្ឋានបានចោទអតីតនគរបាលប៉ុស្តិ៍និងមនុស្ស៥នាក់ផ្សេងទៀត ថាបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកប្រមាណ២០០ហិកតាដែលជាជម្រកត្រីពងកូន នៅជាប់បឹងទន្លេសាប ស្ថិតក្នុងចន្លោះឃុំសំបួរ និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។
ពលរដ្ឋម្នាក់រស់នៅស្រុកព្រះនេត្រព្រះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៣ ខែមិថុនា ថាអ្នកដែលឈូសឆាយដីព្រៃលិចទាំងនេះជាមនុស្សដែលមានឥទ្ធិពលនៅក្នុងភូមិ និងមានសម្ពន្ធភាពជិតដិតនឹងអាជ្ញាធរមូលដ្ឋាន រួមមាន លោក គឿត គុណ នគរបាលប៉ុស្តិ៍ លោក ហៀង អតីតនគរបាលប៉ុស្តិ៍ឃុំប្រាសាទ និងលោក ប៉ូច គាង អតីតក្រុមប្រឹក្សាឃុំប្រាសាទ រួមទាំងមន្រ្តីអភិរក្ស«ដង្កៀបក្ដាមមានជ័យ»ផង។
បុរសរូបនោះបន្តថា មនុស្សទាំង៦នាក់ដែលកំពុងរស់នៅក្នុងឃុំប្រាសាទនេះ បានប្រើគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកដែលជាតំបន់ត្រូវការពារ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកបន្តថា៖ «គេឈូសឆាយបានតាមចិត្ត រួចហើយបើប្រជាពលរដ្ឋណាហ៊ានថាឬចង់រាយការណ៍ទៅថ្នាក់លើ គេគំរាមនិងចង់ចាប់ដាក់គុកទៀត»។
ចំណែកលោក លាវ រ៉ូ ជាពលរដ្ឋម្នាក់ទៀតរស់នៅឃុំប្រាសាទ ថ្លែងថា ការឈូសឆាយនេះទើបតែកើតឡើងអំឡុងពេល១ខែនេះប៉ុណ្ណោះ។ លោកបន្តថា នៅពេលដែលព្រៃលិចទឹកនេះត្រូវបាត់បង់ទៅ អ្នកភូមិគ្មានអ្វីជាទីពឹងទៀតទេ ព្រោះភូមិសាស្រ្តនេះបានចិញ្ចឹមប្រជាពលរដ្ឋរាប់ពាន់គ្រួសារ តែក្រោយពីឈូសឆាយអស់ទៅ តំបន់នេះត្រូវបានគេហាមឃាត់។
លោកបន្តថា៖ «សំខាន់ពេលដែលធ្វើទៅ បើគេធ្វើបានហើយ ប្រជាពលរដ្ឋចូលទៅរកត្រីរកអីអត់បានទេ។ គេហាមមិនឱ្យចូលនុះឯង»។
បើទោះជាបែបណា ក្រុមប្រជាពលរដ្ឋអះអាងថា ប្រសិនបើតំបន់ការពារព្រៃលិចទឹកនេះមិនត្រូវបានអភិរក្សដោយម៉ឺងម៉ាត់ទេ ការឈូសឆាយនេះនឹងបន្តទៅតំបន់ផ្សេងទៀតនៅជិតៗនោះ។
យោងតាមផែនទីភូមិសាស្រ្តដែល វីអូឌី ទទួលបាន បង្ហាញថា តំបន់ព្រៃលិចទឹកលាតសន្ធឹងតាមដងទន្លេសាបចាប់ពីតំបន់៣ ឆ្លងកាត់ខេត្តសៀមរាប និងភ្ជាប់ដល់ខេត្តបាត់ដំបង។ ព្រៃលិចទឹកនេះគឺជាជម្រកសម្រាប់ត្រីពងកូន និងជាតំបន់ជីវចម្រុះ ដែលអំណោយផលសម្រាប់ប្រជាពលរដ្ឋក្នុងការប្រកបរបរនេសាទស្ទើរគ្រប់រដូវ។
វីអូឌី ពុំអាចសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះពីលោក ហៀង អតីតនាយប៉ុស្តិ៍ឃុំប្រាសាទ និងមនុស្ស៥នាក់ទៀតបានទេ នៅថ្ងៃទី៣ ខែមិថុនា។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ លោក យឹម លី ក៏ពុំអាចទាក់ទងបាន ខណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បដិសេធឆ្លើយតប ដោយថា កំពុងមានភារកិច្ច។
ដោយឡែក មេឃុំប្រាសាទ លោក មាស ហ៊ឹក បានលើកឡើងថា លោកមិនដែលបានដឹងពីការឈូសឆាយដីព្រៃលិចទឹកនេះទាល់តែសោះ។ លោកបន្តថា អ្នកដែលឈូសឆាយនេះ បើតាមដឹង អាចជាក្រុមឱកាសនិយមតែប៉ុណ្ណោះ។
តែយ៉ាងណា លោកមិនបានប្រាប់ពីវិធានការដែលនឹងត្រូវបង្រ្កាបចំពោះអ្នកប្រព្រឹត្តបទល្មើសទាំងនោះទេ។
លោកបន្តថា៖ «ខ្ញុំអត់ដែលបាន[ដឹង]ទេលោក លោកក្មួយអើយ! ព្រោះអីបញ្ហាទាំងនេះមានគេលួចធ្វើ។ វាសុទ្ធតែពួកលួចតើ! អ៊ីចឹងៗ! ជួនកាលដីហ្នឹងមានជាប់ពាក់ព័ន្ធ [មន្ត្រីធ្វើការ] អាណត្តិមុនៗ ដែលលោកមេឃុំ [អតីតមេឃុំ] គាត់បានចែកជូនដល់ប្រជាពលរដ្ឋ»។
យ៉ាងនេះក្តី អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ឆ្លើយតបយ៉ាងខ្លីថា បញ្ហានេះ ស្ថាប័នជំនាញពីខាងជលផល កំពុងតែដោះស្រាយហើយ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបន្ទាយមានជ័យ យល់ឃើញថា ស្ថាប័នជំនាញគួរពិនិត្យមើលឱ្យបានដិតដល់ចំពោះបទល្មើសទន្រ្ទានដីរដ្ឋធ្វើជាកម្មសិទ្ធិនេះ។
លោកបន្តថា តំបន់ការពារទាំងនេះពុំមានលិខិតបទដ្ឋានគតិយុត្តិណាមួយដែលបើកផ្លូវឱ្យមន្រ្តីមូលដ្ឋានអាចធ្វើអនុប្បយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋនៅឡើយទេ ហេតុនេះគួរស្វែងរកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបន្តថា៖ «[ក្រសួង] បរិស្ថានគួរបញ្ជូនមន្រ្តី ដើម្បីមកស៊ើបអង្កេតរឿងហ្នឹង ហើយដើម្បីរកមុខរកអ្នកដែលបានប្រព្រឹត្តហ្នឹង ហើយបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស»។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងបរិស្ថាន ណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខាឬការបញ្ជាក់ការកាន់កាប់ដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ រួមទាំងតំបន់របៀងអភិរក្សជីវចម្រុះផងដែរ។
ការណែនាំនេះបានធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញកាលពីពេលថ្មីៗនេះ មានរដ្ឋបាលឃុំ-សង្កាត់មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់នៅលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់និងការប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងខុសច្បាប់៕