តុលាការ​ខេត្ត​ពោធិ៍សាត់​សម្រេច​ឃុំ​ខ្លួន​​មនុស្ស​​២​នាក់ ក្រោយ​មាន​មនុស្ស​​ស្លាប់​ដោយ​សារ​ពុល​ស្រា

បុរសជាប្ដីឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ រស់នៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ត្រូវឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រោយពាក់ព័ន្ធនឹងករណីពុលស្រាបណ្ដាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

តុលាការសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួន​មនុស្ស២នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារ ពាក់ព័ន្ធ​នឹងករណី​ផលិតស្រា​គ្មានបច្ចេសទេស បណ្តាល​​ឱ្យ​​អ្នកទទួលទានប្រមាណ១០នាក់​បាន​ស្លាប់​​ដោយ​សារ​ពុលស្រា-ស នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អាជ្ញាធរ​ខេត្តពោធិ៍សាត់ ឱ្យដឹងថា មនុស្សប្រមាណ១០​នាក់បាន​ស្លាប់ជាបន្តបន្ទាប់តាំងពីថ្ងៃទី២៨ ខែឧសភា រហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយ​សង្ស័យ​ពុលស្រា ខណៈព​លរដ្ឋមួយចំនួនទៀតត្រូវបានបញ្ជូនទៅព្យាបាល​នៅ​តាមមន្ទីរ​ពេទ្យ។

អធិការរង​នគរបាល​​ស្រុកក្រគរ លោក ស៊ុយ ម៉ៅ ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ពាក់ព័ន្ធមនុស្សស្លាប់ដោយ​សារ​សង្ស័យ​ពុលស្រានេះ​ សមត្ថកិច្ចបានបញ្ជូនមនុស្ស២នាក់ទៅតុលាការ កាលពីថ្ងៃ​ម្សិលមិញ។ លោកបញ្ជាក់​ថា អ្នកទាំងពីរនោះមានឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ ជាប្តី និងម្នាក់ទៀតឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជាប្រពន្ធ រស់នៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ។

អធិការរងនគរបាលស្រុកក្រគររូបនេះ បន្តថា ករណីបញ្ជូនបុគ្គល២នាក់ប្តីប្រពន្ធនោះទៅតុលាការ ដោយ​សារ​រក​ឃើញ​ថា ការផលិតស្រា-សរបស់ពួកគាត់ពុំមានច្បាប់ និងមានជាតិមេតាណុលខ្ពស់។

 លោក ស៊ុយ ម៉ៅ មិនទាន់អាចបញ្ជាក់ពីស្ថានភាពអ្នកជំងឺថ្មីទៀត​បានទេនៅថ្ងៃនេះ។

ប៉ុន្តែបើយោងតាមរបាយការណ៍ដែលទទួលបានពីថ្ងៃទី២៨ ខែឧសភា រហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ គឺអ្នកដែលស្លាប់ដោយសង្ស័យពុលស្រា មានចំនួន១០នាក់ និងបញ្ជូនទៅសម្រាកព្យាបាលតាមមន្ទីរពេទ្យជាច្រើនអ្នកផ្សេងទៀត។

លោកបន្ថែមថា៖ «ឥលូវយើងកំពុងតែរង់ចាំបញ្ជា​ពីលោកស្នងការ ដើម្បីចុះបិទកន្លែងផលិត​​ស្រា-ស ស្រាថ្នាំ​ទាំង​ឡាយ​ណាដែ​លមិនមានច្បាប់អនុញ្ញាត។ ប្រហែល​ជាបិទបណ្តោះអាសន្ននៅទូ​ទាំងខេត្ត ចំពោះកន្លែងផលិតណា​​​ដែលមិនមាន​ច្បាប់អនុញ្ញាតត្រឹមត្រូវ»

វីអូឌី មិនអាចសុំការ​បញ្ជាក់បន្ថែមពីអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងអភិបាលរងខេត្ត លោក អឹង គឹមលាង ដែលទទួលបន្ទុកការងារនេះ និង​​ស្នងការនគរបាល​ខេត្តពោធិ៍សាត់ លោក សាវ៉ុន ចាន់ធី បានទេ នៅថ្ងៃនេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន ប្រាប់ វីអូឌី ថាក្រោយ​សាកសួរ ចៅក្រម​ស៊ើបសួរបានសម្រេចឃុំខ្លួន​​ជនសង្ស័យ​២នាក់ប្តីប្រពន្ធនោះដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​​ហើយ ពីបទ «ហិង្សាដោយចេតនាដោយប្រើប្រាស់អាហារមានជាតិពុលបណ្តាលឱ្យជនរងគ្រោះស្លាប់» តាមមាត្រា២២៦ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។

លោកបន្ថែមថា៖ «គេបញ្ជូនពួកគាត់ហើយគេឃុំខ្លួនពួកគាត់ ដោយសារបទល្មើសហ្នឹងវាស្លាប់មនុស្សច្រើន»។

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រសួង​សុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា ករណីមនុស្សស្លាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយសង្ស័យពុលស្រានោះ គឺភាគច្រើននៃ​ជនរងគ្រោះបានផឹកស្រាដែលលាយ​ជាតិមេតាណុលខ្ពស់​ ហើយយឺតយ៉ាវក្នុងការបញ្ជូនទៅព្យាបាល។

ក្រសួងសុខាភិបាលបន្តថា មន្ត្រីជំនាញបានយកសំណាកស្រា-ស ស្រាថ្នាំ ចំនួន៣ទីតាំង ទៅវិភាគ ដោយរកឃើញថា ស្រា-សនិងស្រាថ្នាំមួយចំនួនមានសារធាតុមេតាណុលលើសកម្រិតខ្ពស់ ពី៩,៥ទៅដល់១៥ភាគរយ ដែលធ្វើឱ្យពុល ខណៈដែលកម្រិតអនុញ្ញាតឱ្យប្រើប្រាស់មិនលើស០,១ភាគរយឡើយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព លោក យង់ គិមអេង បានបង្ហាញការសោកស្តាយ​ចំពោះហេតុការណ៍មនុស្សស្លាប់ជាបន្តបន្ទាប់ ដោយសារពុលស្រា-សនិង​ស្រាថ្នាំនេះ។ លោកថា ករណីនេះកើតឡើងដោយសារតែរដ្ឋាភិបាលគ្មានចំណាត់ការជារួម ជាពិសេសគ្មានច្បាប់គ្រប់​គ្រង​គ្រឿងស្រវឹង។

លោក យង់ គិម​អេង ជំរុញទៅរដ្ឋា​ភិបាលឱ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការ​​គ្រប់គ្រងគ្រឿងស្រវឹង និងរាល់ការបើកអាជីវកម្មផលិតស្រា-ស ស្រាថ្នាំ ត្រូវមានការសុំច្បាប់ និងត្រូវមានការត្រួតពិនិត្យរាល់ផលិតផលឱ្យគោរពទៅតាមស្តង់​ដារ។

លោកបន្ថែមថា៖ «នេះជាមេរៀនសម្រាប់ការរៀនសូត្រមួយ ដែលរដ្ឋាភិបាលគួរតែពិចារណាចំពោះបញ្ហាហ្នឹង ហើយរិះរកមធ្យោបាយ​ជារួម ដើម្បីគ្រប់​គ្រង​ផលិត​ផល​គ្រឿងស្រវឹងឱ្យមានប្រសិទ្ធភាពខ្ពស់។ កន្លងមក យើង​តែងតែ​ទាមទារថា ច្បាប់គ្រប់គ្រងគ្រឿងស្រវឹងហ្នឹង វាជាបញ្ហាសំខាន់ ដែលត្រូវតែជំរុញឱ្យមានការអនុម័តឱ្យកាន់តែឆាប់។ ជាមួយ​គ្នានេះ​ដែរ មិនគួរលើកទឹកចិត្តឱ្យមានការប្រើប្រាស់គ្រឿងស្រវឹង ​ជាពិសេស​តាមរយៈការផ្សាយពាណិជ្ជ​កម្មផ្សេងៗ ព្រោះរឿងនេះវាបង្ក​ផលប៉ះពាល់ខ្លាំង»

ក្រសួងសុខាភិបាល ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានការស្លាប់ដោយ​សារករណីពុល​ស្រាមាន​ជាតិមេតាណុលខ្ពស់ជាច្រើនករណីបានកើតឡើង មានជាអាទិ៍ នៅ​ស្រុកល្វាឯម ខេត្តកណ្តាល មានករណី​មនុស្សស្លាប់ចំនួន​​១៤នាក់, នៅស្រុក​កំពង់ត្រាច ខេត្តកំពត ស្លាប់១០នាក់ និងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់៧នាក់ ដែលសរុបរួមមានអ្នកស្លាប់ដោយសារការពុល​ស្រាមានជាតិមេតាណុលខ្ពស់ មានទៅដល់៣១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ