រដ្ឋ​សភា​ប្រកាស​រើស​បេក្ខជន​ប្រធាន​ គ.ជ.ប​ ថ្មី​ ជំនួស​លោក​ ស៊ិក​ ប៊ុនហុក​

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក កាលពីពេលកន្លងទៅ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសបើកចំហឱ្យសាធារណជនទូទៅដាក់ពាក្យឈរឈ្មោះជាបេក្ខជនជ្រើសរើសជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានប្រកាសលាឈប់ក្រោមហេតុផលបញ្ហាសុខភាព។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឥស្សរជនដែលមានបំណងចង់ដាក់ពាក្យឈរឈ្មោះជាប្រធាន គ.ជ.ប ថ្មីនេះ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា៖ ជាប្រជាពលរដ្ឋខ្មែរទូទៅដែលមានអាយុចាប់ពី៤៥ឆ្នាំឡើង មានសញ្ញាបត្រចាប់ពីឧត្តមសិក្សា និងមានបទពិសោធន៍ការងារចាប់ពី១០ឆ្នាំឡើងទៅ។ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប២ច្បាប់ សេចក្តីចម្លងសំបុត្រកំណើត២ច្បាប់ ច្បាប់ថតចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ២ច្បាប់ សេចក្តីប្រកាសអំពីសញ្ជាតិ២ច្បាប់ និងសេចក្តីបញ្ជាក់អំពីការចុះឈ្មោះបោះឆ្នោតដោយអាជ្ញាធរឃុំ-សង្កាត់ដែលសាម៉ីខ្លួនបានចុះឈ្មោះបោះឆ្នោត ជាដើម។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ វីអូឌី នៅថ្ងៃសៅរ៍ថា បេក្ខជនដែលបានដាក់ពាក្យរួចរាល់ គណៈអចិន្ត្រៃយ៍រដ្ឋសភានឹងទទួលជាបេក្ខភាពទាំងអស់ បន្ទាប់មកបក្ខជនដែលឈរឈ្មោះត្រូវមានការសម្របសម្រួលជាមួយគណបក្សនយោបាយ មុននឹងរដ្ឋសភាអនុម័ត។

យ៉ាងណាក្តី លោក ឡេង ប៉េងឡុង នៅមិនអាចបញ្ជាក់ជាមុនថា តើបេក្ខជនរូបណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលតំណែងនេះនៅឡើយទេ បើទោះបីជាគេដឹងថា បេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ជាបេក្ខភាពមកពីកូតាគណបក្សកាន់អំណាចក្តី។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ច្បាប់យើងស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង គឺថាជាច្បាប់ប្រជាធិបតេយ្យ គឺយើងជ្រើសរើសដោយតម្លាភាពជាសាធារណៈ គឺប្រជាពលរដ្ឋណាក៏អាចដាក់បានដែរ ឱ្យតែត្រូវតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់»។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចវិញ ក៏មិនទាន់អាចបង្ហើបជាមុនបាននៅឡើយទេ ថាតើគណបក្សនឹងចាត់តាំងបេក្ខភាពឥស្សរជនរូបណាឱ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៅឡើយទេ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការជ្រើសរើសនេះគឺធ្វើឡើងតាមរបៀបលទ្ធិប្រជាធិបតេយ្យ។

លោកមានប្រសាសន៍ថា៖ «អត់ទេ! អាហ្នឹងគឺយើងធ្វើតាមលទ្ធិប្រជាធិបតេយ្យ មិនមែនគណបក្សសម្រេចអត្តនោម័តទេ គឺយើងប្រកាស រាល់សាធារណជនណាក៏ដោយ ឱ្យតែគ្រប់លក្ខណៈសម្បត្តិ ឱ្យមកដាក់ពាក្យក្នុងរយៈពេលប៉ុន្មានថ្ងៃអ៊ីចឹងទៅ»។

ការប្រកាសជ្រើសរើសប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះ បានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានប្រកាសលាឈប់ពីតំណែង ក្រោមហេតុផលសុខភាព។

លោក ស៊ិក ប៊ុនហុក បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ បានក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ក្រោយពីមានការសម្របសម្រួលនយោបាយរវាងគណបក្សប្រជាជនកម្ពុជាតំណាងឱ្យគណបក្សសំឡេងភាគច្រើន និងអតីតគណបក្សសង្គ្រោះជាតិតំណាងឱ្យគណបក្សសំឡេងភាគតិចនៅក្នុងរដ្ឋសភា ដែលមានរូបមន្ត ៤ ៤ ១។

ទោះជាយ៉ាងណាក្តី លោក កន សាវាង្ស ​អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃអង្គការ​ឃ្លាំមើលការបោះឆ្នោត (ខុមហ្រ្វែល) បានលើកឡើងថា លោកមិនចម្លែកឡើយចំពោះការជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីនេះទេ ព្រោះគេដឹងរួចជាស្រេចទៅហើយថា បេក្ខជននឹងមិនមកពីណាឆ្ងាយក្រៅពីឥស្សរជនមកពីគណបក្សកាន់អំណាចនោះឡើយ។

លោក កន សាវាង្ស ថ្លែងថា៖ «ទោះបីយ៉ាងណាក៏ដោយ នៅក្នុងនីតិវិធីបានចែងរួចស្រេចទៅហើយ អ៊ីចឹងទោះបីជាអ្នកចាស់ឬអ្នកថ្មីក៏ដោយ គឺនៅក្នុងគណបក្សកាន់អំណាចដដែលទេ។ ហើយបើមកពីគណបក្សកាន់អំណាចដដែល គឺបេក្ខជនមកដាក់នេះ គឺគេត្រូវរ៉ូវគ្នាក្នុងបក្សរួចស្រេចទៅហើយ វាមិនអាចមកដោយមិនមានការយល់គ្នានៅក្នុងហ្នឹងទេ។ ទោះបីជាគាត់កាន់ឯកសារយកមកក៏ដោយ តែត្រូវការសម្រេចនៅក្នុងហ្នឹងដដែលទេ បាទ»។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ការទទួលពាក្យរបស់បេក្ខជនមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី៧ ខែមិថុនា ដល់ត្រឹមថ្ងៃសុក្រ ទី១១ ខែមិថុនា វេលាម៉ោង៥និង៣០នាទីល្ងាច។ លោក ឡេង ប៉េងឡុង បានថ្លែងថា បន្ទាប់ពីបិទការទទួលពាក្យ លោកនឹងធ្វើរបាយការណ៍មួយផ្ញើទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីសម្រេច មុនពេលបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ