កម្ពុជា​ធ្វើ​ពិធី​តម្កល់​​កែវ​​ផ្ទុក​​តំណក់​​ប្រេង​​លើក​ដំបូង​ចំ​ពេល​ក្រុមហ៊ុន​ផលិត​​ប្រកាស​​ក្ស័យ​ធន​

នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់​ពី​បាន​បញ្ចប់​សិក្ខា​សាលា​ស្តី​ពី​ចក្ខុ​វិស័យ​ក្នុង​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ «ព្រឹត្តិការណ៍​បង្កើត​ព្រឹត្តិការណ៍​»រួច​មក លោក ​ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​សំណង់​វិមាន​ឈ្នះ-ឈ្នះ​ ដើម្បី​ជំរុញ​ការ​ប្រុង​ប្រៀប​ឆ្ពោះ​ទៅ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ និង​ការ​ប្រារព្ធ​ ខួប​លើក​ទី២០​ ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី២៩​ ខែ​ធ្នូ ​ឆ្នាំ២០១៨ ខាង​មុខ​នេះ​។ រូបភាព៖ វេបសាយ ក្រសួងការពារជាតិ

កម្ពុជានឹងធ្វើពិធីតម្កល់​កែវផ្ទុកតំណក់ប្រេងលើកដំបូងរបស់ខ្លួន​នៅឯវិមានឈ្នះឈ្នះ នៅថ្ងៃ​ស្អែក​នេះ ចំពេលដែលក្រុមហ៊ុនផលិតប្រេង Kris​ Energy បានប្រកាសក្ស័យធន។

នៅក្នុងពិធីដែលមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ នឹង​មាន​ការចូលរួ​មពីលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាង​ឱ្យនាយករដ្ឋមន្ត្រី ដើម្បីទទួលកែវផ្ទុកតំណក់ប្រេងលើកដំបូងរបស់កម្ពុជានេះ ពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំងពីរ ក៏នឹងធ្វើពិធីដង្ហែ​កែវផ្ទុកតំណក់ប្រេងលើកដំបូង​នេះទៅរក្សាទុកក្នុងសារមន្ទីរវិមាននយោបាយឈ្នះ​ឈ្នះ ហើយនឹងឆ្លាក់រូបកែវផ្ទុកតំណក់ប្រេងនេះនៅលើជញ្ជាំងវិមានឈ្នះឈ្នះផងដែរ។

លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវនិងសាងសង់វិមានឈ្នះឈ្នះ បានចាត់ទុកថា តំណក់ប្រេងលើកដំបូងរបស់កម្ពុជាដែលយកទៅរក្សាទុកនៅវិមានឈ្នះឈ្នះនេះ គឺជាសមិទ្ធផលធំមួយទៀតរបស់រដ្ឋាភិបាល​។

លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងយ៉ាងខ្លីថា៖ «អត្ថន័យដូចសម្តេចតេជោ​ [ហ៊ុន សែន​] មានប្រសាសន៍អស់ហើយតើ! កាលពីថ្ងៃទី២៩​ ខែ​ធ្នូកន្លងមក អំពីសមិទ្ធផលប្រេងដែលយើងរកឃើញ ហើយជាសមិទ្ធផលនយោបាយឈ្នះឈ្នះដែលលោកបានមកពេលសន្តិភាព»។

ការធ្វើពិធីតម្កល់​កែវផ្ទុកតំណក់ប្រេងលើកដំបូងរបស់កម្ពុជា នៅឯសារមន្ទីរវិមានឈ្នះឈ្នះនេះ បានធ្វើឡើងចំពេលដែលក្រុមហ៊ុនផលិតប្រេងឈ្មោះ KrisEnergy ទើបបានប្រកាសក្ស័យធន កាលពីថ្ងៃទី៤ ខែមិថុនា។ ក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីមួយនេះបានប្រកាសថា ខ្លួនគ្មានលទ្ធភាព​សងបំណុលនៅក្នុងបណ្តឹងនៅឯតុលាការនោះទេ។  

ទោះជាយ៉ាងនេះក្តី លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល នៅមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់របស់ក្រុមហ៊ុននេះមកលើដំណើរការផលិតកម្មប្រេងនៅកម្ពុជាយ៉ាងណានៅឡើយទេ ដោយរដ្ឋាភិបាលនឹងបន្តពិនិត្យនិងវាយតម្លៃលើស្ថានការណ៍ទៅមុខទៀតសិន។

ទោះជាយ៉ាងនេះក្តី កាលពីចុងខែឧសភាកន្លងទៅ កម្ពុជាបានខកខានក្នុងការនាំចេញប្រេងឆៅជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ នៅពេលដែលខ្លួនផលិតបានប្រេងឆៅប្រមាណជា៣០ម៉ឺនបារ៉ែលរួចហើយនោះ។

លោកមានប្រសាសន៍បញ្ជាក់យ៉ាងខ្លីថា៖ «ឥលូវនេះជាជំហានដំបូង យើងឃើញព័ត៌មានអ៊ីចឹងហើយ គឺក្រុមហ៊ុន KrisEnergy ហ្នឹងគាត់ដាក់ពាក្យរំលាយក្រុមហ៊ុនអ៊ីចឹង ប៉ុន្តែនីតិវិធីវាត្រូវតុលាការគេធ្វើការងារអីបន្តទៀត តើវាត្រូវប៉ះពាល់អីយ៉ាងម៉េច! យើងក៏មានការបារម្ភដែរ ប៉ុន្តែយើងនៅរង់ចាំមើលដំណើរការទៅមុខទៀត យើងអត់ទាន់អាចថាយ៉ាងម៉េចបានទេឥលូវនេះ។ បើទៅពេលខាងមុខ ការសម្រេចចិត្តរបស់ក្រុមហ៊ុនអីយ៉ាងម៉េច អាហ្នឹងយើងគិតតាមហ្នឹងទៀត»។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវជាខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាទទួលបានជោគជ័យក្នុងការទទួលបានតំណក់ប្រេងជាលើកដំបូងពីអណ្តូងប្រេងអប្សរា ស្ថិតនៅប្លុកអេ (A) នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន KrisEnergy ដែលបានខួងរណ្តៅប្រេងពីបាតសមុទ្រនៃខេត្តព្រះសីហនុ។

បើតាមលោក ជៀប សួរ ចាប់តាំងពីថ្ងៃនោះរហូតមកដល់ចុងខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន KrisEnergy បូមប្រេងបានប្រមាណជាង៣០ម៉ឺនបារ៉ែល ខណៈកម្ពុជាក៏គ្រោងនាំចេញ​ប្រេងឆៅជាលើកដំបូងនេះទៅកាន់ទីផ្សារអន្តរជាតិផងដែរ ប៉ុន្តែត្រូវបានពន្យារពេលទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ