អាជ្ញាធរ​​ខេត្ត​​កែប​ ដាក់​វិធាន​ការ​ឱ្យ​​​រុះ​រើ​​ផ្ទាំង​​ប៉ាណូ​​ផ្សាយ​​ពាណិជ្ជ​​កម្ម​គ្រប់​ប្រភេទ​

អាជ្ញាធរមានសមត្ថកិច្ចឈរប្រចាំការត្រួតពិនិត្យការធ្វើដំណើរចេញចូលខេត្តកែប ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

អាជ្ញាធរខេត្តកែប ប្រាប់ឱ្យម្ចាស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មរុះរើបដាឬផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទចេញ​ពី​ក្នុង​ភូមិ​សាស្ត្រខេត្តនេះ​ ដោយជំនួយមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធវិធានការទប់ស្កាត់ការឆ្លង​រីករាលដាល​នៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប បានទុករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា​នេះ ឱ្យម្ចាស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មធ្វើការរុះរើបដាឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីឱ្យរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោលដែលក្រុមហ៊ុនដាក់ផ្សាយពាណិជ្ជកម្ម​នា​​ពេល​កន្លងមកនោះ​ ទៅ​ដាក់ជំនួស​វិញនូវខ្លឹមសារអប់រំនានា​ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកែប បានព្រមានថា ក្នុងករណីម្ចាស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មមិនគោរពតាមសេចក្តីជូនដំណឹង​នេះ រដ្ឋបាល​ខេត្ត​នឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល រួមនឹងធ្វើការរុះរើផង ដោយរាល់ការចំណាយជាបន្ទុក​របស់ម្ចាស់ក្រុមហ៊ុន ហើយរាល់ការខូចខាតអាជ្ញាធរខេត្តមិនទទួលខុសត្រូវនោះទេ។

តែ​យ៉ាងណា អភិបាលរង និង​ជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោក វ៉ៅ សុខា មានប្រសាសន៍បញ្ជាក់បន្ថែមលើលិខិត​ជូនដំណឹងនេះថា រដ្ឋបាលខេត្តសុំឱ្យម្ចាស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មចូលរួម​ចំណែកផ្សព្វផ្សាយ​អំពីវិធានការការពារ​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩​ ក្នុងកម្រិតណាមួយប៉ុណ្ណោះ មិនមែនឱ្យរុះរើបដាឬផ្ទាំងប៉ាណូនោះចេញទាំងស្រុងឡើយ។

លោកបន្ថែមថា៖ «នៅតាមដងផ្លូវនៅក្នុងខេត្តកែបយើងនេះ មានប៉ាណូខ្លះគាត់ដាក់ហូរហែជាប់គ្នា៥០ម៉ែត្រមួយ។ យើងមិនហាមទេ ផ្សាយចុះ! ប៉ុន្តែយើងសុំឱ្យមានការចូលរួមផ្សព្វផ្សាយបញ្ហាការឆ្លងរាលដាលជំងឺកូវីដក្នុងហ្នឹងផង ពីព្រោះបើយើងធ្វើថ្មី ក៏វាយូរដែរ។ ឧទាហរណ៍​ថា ក្នុងផ្ទាំងប៉ាណូហ្នឹង ទី១ គាត់ដាក់ផ្សព្វផ្សាយផលិតផលរបស់គាត់ទៅ ទី២ គាត់ចូលរួមជាមួយអាជ្ញាធរផ្សព្វផ្សាយពីវិធានការជំងឺកូវីដ ​ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបបន្ថែមទៀត។ យើងធ្វើមិននេះ មិនដូចនៅកំពង់ស្ពឺទេ ខុសគ្នា»

ម្ចាស់ហាងអាហារដ្ឋាននិងភេសជ្ជៈមួយកន្លែងនៅក្រុងកែប លោក កុង ឃួន បានគាំទ្រចំពោះវិធានការរបស់រដ្ឋបាលខេត្តនេះ ហើយថា លោកនឹងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ ប៉ុន្តែលោកស្នើឱ្យការអនុវត្តនោះត្រូវមានតម្លាភាព។

លោកបន្ថែមថា៖ «មិនអីទេ! បើនេះជាគោលការណ៍របស់រដ្ឋបាលខេត្ត យើងជាប្រជាពលរដ្ឋ យើងត្រូវអនុវត្តតាម! ត្រឹមផ្ទាំងប៉ាណូ! ប៉ុន្តែបើយើងត្រូវដកទាំងអស់គ្នាទូទាំងខេត្ត កុំដកកន្លែងតែមួយ មួយទៀតឬអ្នកផ្សេងទៀតមិនដក អាហ្នឹងមិនត្រូវទេ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរខេត្តកែបអនុវត្តដូចការជូនដំណឹងមែននោះ វាជារឿងល្អ ហើយលោកគាំទ្រពេញទំហឹងចំពោះវិធានការនេះ ជាពិសេសការលុបបំបាត់ផ្ទាំង​ប៉ាណូផ្សព្វផ្សាយ​គ្រឿងស្រវឹង។

លោក យង់ គិមអេង បន្ថែមថា រដ្ឋបាលខេត្តទាំងអស់គួរតែលុបបំបាត់បដាឬផ្ទាំងប៉ាណូដែលផ្សព្វផ្សាយគ្រឿងស្រវឹង ដោយដាក់ជំនួសមកវិញនូវការផ្សព្វផ្សាយការអប់រំនានា និងគួរ​​​​​ផ្សព្វ​ផ្សាយ​ពី​រមណីយ​ដ្ឋាន​នានា​ក្នុង​ខេត្ត​រប​ស់ខ្លួនវិញ។

លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំគិតថា រដ្ឋបាលខេត្តកែប បើគេអនុវត្តដូច្នេះ ខ្ញុំសូមស្វាគមន៍និងកោតសរសើរចំពោះខេត្ត ដែលគាត់បានគិតលើកកម្ពស់ដល់សីលធម៌​យុវវ័យឬក៏ប្រជាពលរដ្ឋរបស់យើង ធ្វើម៉េច​ឱ្យ​ចៀស​​ចា​កឆ្ងាយ​ពីគ្រឿង​ស្រវឹង។ គ្រឿងស្រវឹង​មិន​មែន​ជា​និមិត្ត​រូប​របស់​ប្រទេសកម្ពុជាយើងទេ។ មែនទែនទៅ! វាបានបង្កមហន្តរាយ​ទៅដល់​ធនធានមនុស្ស ក៏ដូចជា​សង្គមកម្ពុជា ​តាមរយៈការគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាជាដើម»

ពាក់ព័ន្ធនឹងការតម្រូវឱ្យម្ចាស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មរុះរើបដាឬផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលនេះ កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ​រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បាន​​ដាក់​​​​​​ចេញ​​​​នូវវិធានការរដ្ឋបាលរបស់ខ្លួន ឱ្យពលរដ្ឋរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរផងដែរ។

អង្គការសង្គមស៊ីវិលមួយចំនួនបានគាំទ្រចំពោះវិធានការដកហូតនិងរុះរើ​​ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹងនេះ ដោយ​ចាត់ទុកវិធានការរបស់អាជ្ញាធរនេះថា ជា​ជំហានចាប់ផ្តើមដ៏ល្អមួយ​សម្រាប់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ