លោក​ ទៀ​ បាញ់​ រំពឹង​ថា​នឹង​មាន​ដំណោះ​ស្រាយ​លើ​ការ​ផលិត​ប្រេង​នៅ​កម្ពុជា​ ក្រោយ​ក្រុមហ៊ុន​ប្រកាស​ក្ស័យ​ធន

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីទទួលដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដោយកែវផ្ទុកដំណក់ប្រេងលើកដំបូងនោះត្រូវយកទៅតម្កល់ទុកនៅក្នុងវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

រដ្ឋមន្ត្រីក្រសួងការពារជាតិ ចាត់ទុកការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនផលិតប្រេង Kris Energy ជារឿងធម្មតា ខណៈកម្ពុជាបានចាត់ទុកថា ការទទួលបានតំណក់ប្រេងលើកដំបូងជារឿងប្រវត្តិសាស្ត្រថ្មីមួយ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅក្នុងពិធីទទួលតំណក់ប្រេងលើកដំបូងរបស់កម្ពុជា ពីក្រសួងរ៉ែនិងថាមពល ដើម្បីយកទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ នៅ​ព្រឹកថ្ងៃទី៩ ខែមិថុនា ដោយមានជំនឿ​​ថា រដ្ឋាភិបាលនិងក្រុមហ៊ុន Kris Energy នឹងមានវិធីសាស្ត្រដោះស្រាយលើបញ្ហានៅចំពោះមុខនេះ។

លោកមានប្រសាសន៍ថា៖ «ភារៈរបស់ខ្ញុំគឺចាត់ទុកជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់បំផុត នោះគឺតំណក់ប្រេងដំបូងដែលយើងទទួលបាន ចំណែកដែលមានព័ត៌មានយ៉ាងនោះព័ត៌មានយ៉ាងនេះ ខ្ញុំមិនបកស្រាយទេ! តែខ្ញុំគ្រាន់តែមានជំនឿថា កិច្ចការទាំងអស់ជួនណាវាមិនអាចទៅរលូនដូចធ្វើដំណើរតាមថ្នល់កៅស៊ូទេ វាអាចមានរលាក់នេះរលាក់នោះ គេនឹងមានវិធានការដោះស្រាយជាជំហានជាក់ស្តែងតទៅមុខទៀត»។

តំណក់ប្រេងលើកដំបូងដែលបូមបានដោយក្រុមហ៊ុនសិង្ហបុរី Kris Energy កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានយកទៅ​តម្កល់ទុកនៅវិមានឈ្នះឈ្នះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ។ និមិត្តរូបរួមនៃតំណក់ប្រេងដំបូងរបស់កម្ពុជានេះ ត្រូវបានប្រសិទ្ធនាមថា «បឋម​តេលពិន្ទុកម្ពុជា» ដែលប្រែថា «តំណក់ប្រេងដំបូងរបស់កម្ពុជា»

ព្រឹត្តិការណ៍តម្កល់តំណក់ប្រេងលើកដំបូងរបស់កម្ពុជានេះ បានធ្វើឡើងនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីក្រុមហ៊ុនផលិតប្រេង Kris Energy ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Kris Energy Cambodia បានប្រកាសក្ស័យធន កាលពីថ្ងៃទី៤ ខែមិថុនា។ ក្រុមហ៊ុនបូមប្រេង Kris Energy បានប្រកាសថា ខ្លួននឹងបង្វែរទ្រព្យសងបំណុលទៅម្ចាស់បំណុលទាំងអស់ ខណៈការផលិតប្រេងក្នុងអណ្ដូងប្រេងអប្សរា ឬ ប្លុក (A) មានកម្រិតទាបខុសពីការរំពឹងទុក ក្រោយរយៈពេល៦ខែនៃដំណើរការបូមប្រេងដំបូងរបស់កម្ពុជា។

លោកស្រី ចាន់ រ៉ាមី នាយិកាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) មានប្រសាសន៍​ថា ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនផលិតប្រេង Kris Energy គឺជាការបាត់បង់ក្តីរំពឹងទុករបស់កម្ពុជាជិត២ទសវត្សរ៍ ក្នុងការទទួលបានប្រភពចំណូលមកពីវិស័យប្រេងនេះ។

យ៉ាងណាក្តី លោកស្រីបាន​លើកជាយោបល់ថា ខណៈដែលកម្ពុជាមិនទាន់មានធនធានមនុស្សនិងបច្ចេកទេសគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ រដ្ឋាភិបាលគួររក្សាធនធានប្រេងនេះនៅក្នុងដីដដែល។ លោកស្រីពិបាកក្នុងការរំពឹងថា រដ្ឋាភិបាលកម្ពុជាអាចស្វែងរកក្រុមហ៊ុនឬដៃគូថ្មីមករុករកឬផលិតប្រេងនៅកម្ពុជា នៅក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។

លោកស្រី​ថា៖ «ខ្ញុំយល់ថា វាជាការបាត់បង់នូវការរំពឹងទុកនៃការទទួលបានប្រភពចំណូលពីវិស័យប្រេងនៅថ្ងៃអនាគត ព្រោះការសិក្សាស្រាវជ្រាវរកប្រេងហ្នឹង គឺវាច្រើនឆ្នាំមកហើយ ដូចជាតាំងពីឆ្នាំ២០០៤មក។ អ៊ីចឹងការរំពឹងទុករបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាហ្នឹងក៏ច្រើនដែរ ទាក់ទងនឹងចំណូលពីប្រេង។ ខ្ញុំគិតថា វាជាការបាត់បង់ប្រភពចំណូលមួយធំដែរសម្រាប់អនាគត ទោះបីជាតិចឬក៏ច្រើនក៏ដោយ តែវាជាធនធានកម្រ ហើយអត់អាចកកើតឡើងវិញបាន។ អ៊ីចឹងហើយវាជាបញ្ហាប្រឈមរបស់កម្ពុជាដែរ ខ្ញុំក៏មានការសោកស្តាយដែរ»។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនតាមរយៈគណនីហ្វេសប៊ុក (Facebook) របស់លោក ដោយបានចាត់ទុកថា ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Kris Energy នឹងធ្វើឱ្យជះឥទ្ធិពលដល់ប្រតិបត្តិការប្រេងកាតនៅប្លុក A របស់កម្ពុជា។

បើតាមការរំឭករបស់លោក ក្រុមហ៊ុន Kris Energy បានចាប់ផ្តើមជួបវិបត្តិហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ​២០១៨​មក ហើយបានចាប់ផ្តើមលក់សិទ្ធិសម្បទានប្លុកប្រេងកាត​ដែលមាននៅប្រទេសផ្សេងៗមួយចំនួន ដើម្បី​ដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន។ ប៉ុន្តែវិបត្តិកាន់តែធ្ងន់ឡើង រហូតដល់អំឡុងឆ្នាំ​២០១៩ ដោយប្រឈមនឹងការតាមទារបំណុលពីម្ចាស់បំណុល ក្រុមហ៊ុនក៏បានដាក់បណ្តឹងសុំការការពារពីតុលាការនៅប្រទេសសិង្ហបុរី ដើម្បីបញ្ចៀសការប្រកាសក្ស័យធននិងរំលាយក្រុមហ៊ុនលើកដំបូងនៅដើមឆ្នាំ២០១៩ និងរំពឹងថា ការទទួលបានផលិតផលប្រេងនៅកម្ពុជា នឹងអាចជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបាន តែ​លទ្ធផលខុសពីការរំពឹងទុក។

ប៉ុន្តែយ៉ាងណាក្តី លោក ម៉េង សក្តិធារ៉ា បានបញ្ជាក់ថា នៅក្នុងដំណាក់កាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចារវាងភាគីម្ចាស់បំណុលដែលទទួលបានសិទ្ធិបន្តជាមួយរដ្ឋាភិបាលកម្ពុជានេះ ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជានឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ Kris Energy Cambodia បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ លោកថា ប្រតិបត្តិការប្រេងកាតធំៗនិងគម្រោងអភិវឌ្ឍន៍ជាជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរដ្ឋាភិបាលនិងម្ចាស់បំណុលដែលទទួលបានសិទ្ធិបន្តពីតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ