ព្រះមហាក្សត្រកម្ពុជានៅថ្ងៃសៅរ៍នេះ បានសម្រេចតែងតាំងលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភានៃអតីតគណបក្សសមរង្ស៊ី ជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ព្រះរាជក្រឹត្យតែងតាំងនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួររំឭកជូនថា លោកស្រី ថាក់ ឡានី គឺជាអតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី នៅអំឡុងឆ្នាំ២០១៦។ លោកស្រីបានសម្រេចនិរទេសខ្លួនទៅរស់នៅក្រៅប្រទេសអស់រយៈពេលជិត៦ឆ្នាំ បន្ទាប់ពីតុលាការកម្ពុជាបានកាត់ក្តីលោកស្រីឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់៨ ០០០ ០០០រៀល ក្រោមការចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍» និងបទ«ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចោទប្រកាន់នេះបានធ្វើឡើងបន្ទាប់ពីលោកស្រីបានថ្លែងជាសាធារណៈ ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការសម្លាប់លោកបណ្ឌិត កែម ឡី។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ លោកស្រី ថាក់ ឡានី ត្រូវបានលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីមានសំណើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕