ជន​​ជាតិ​​ដើម​​ភាគ​​តិច​ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​លើ​​ក្រុមហ៊ុន​​​ឈូស​ឆាយ​​តំបន់​​ប្រវត្តិ​​សាស្ត្រ​​​នៅ​​ខេត្ត​​ព្រះវិហារ​ ​

គ្រឿងចក្រក្រុមហ៊ុនដែលពលរដ្ឋអះអាងថាជារបស់ក្រុមហ៊ុន ហាក់ ប៊ុន​ថា ហើយបានឈូសឆាយលើដីស្រែចម្ការរបស់ពួកគាត់ជាជនជាតិដើមភាគតិចកួយ ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

​ជនជាតិដើមភាគតិចកួយ ​​នៅស្រុករវៀង ខេត្តព្រះវិហារ ទាមទារទៅអាជ្ញាធរ​រក្សា​ដីតំបន់«សន្លុងស្លដែក»ដែលជាតំប​ន់ប្រវត្តិសាស្ត្ររបស់ពួកគាត់​​​ឱ្យនៅ​ដូច​ដើម និង​ចាត់វិធានការច្បាប់​ចំពោះក្រុមហ៊ុនដែល​បានដាក់​គ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញតំបន់នោះ។

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈខេត្ត​ព្រះវិហារ បា​នចុះទៅបោះបង្គោលកំណត់ព្រំប្រទល់តំ​បន់សន្លុងស្លដែក ដែលជាតំបន់ប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាគតិចកួយ ស្ថិតនៅភូមិ​អូរពោធិ៍ ឃុំរមណី ស្រុករវៀង ក្រោយក្រុមហ៊ុនឯកជនមួយ​ឈ្មោះ ហាក់ ប៊ុនថា ដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់តំបន់នោះ។

ជនជាតិដើមភាគតិចកួយ រស់នៅភូមិអូរពោធិ៍ លោក ហុក ឡេង ប្រាប់ វីអូឌី​ នៅថ្ងៃចន្ទនេះ ថាការ​បោះបង្គោល​កំណត់ព្រំដី​របស់មន្ទីរវប្បធម៌ ដើម្បីកំណត់ព្រំប្រទល់តំបន់ប្រវត្តិសាស្ត្រ​មួយនេះ គឺមិនត្រឹមត្រូវឡើយ។

ជនជាតិដើមភាគតិចកួយរូបនេះ បន្តថា ​មន្ទីរវប្បធម៌បាន​បោះបង្គោលកំណត់ព្រំ​ដី​ត្រឹម១០០ម៉ែត្រ​បួនជ្រុង​ប៉ុណ្ណោះ​ សម្រាប់រក្សាទុកជាដីតំបន់ប្រវត្តិ​​​សាស្ត្រ ខណៈដើមឡើយ ​ដីតំបន់ប្រវត្តិសាស្ត្រនេះ​មាន​ទំហំប្រហែល​៥ទៅ​៦ហិកតា។

លោកបន្ថែមថា៖ «ព្រោះកន្លែងស្លដែកនេះវាធំ វាមានស្រះពីរធំៗទៀត ហើយវាមានកន្លែង​បុរាណ​ធំៗ​ទៀត។ អ៊ីចឹង​​ខ្ញុំគិតថា មន្ទីរវប្បធម៌គាត់គួរពិចារណាសិក្សាឡើងវិញ ទាក់ទងនឹងការបោះទីតាំងតំបន់ប្រវត្តិសាស្ត្រមួយនេះ។ ហើយមួយទៀត ​គាត់ត្រូវតែចាត់វិធានការច្បាប់ចំពោះអ្នកដែលបំផ្លាញកន្លែងបុរាណវិទ្យា កន្លែងសិក្សាហ្នឹង ដោយគាត់ចាត់វិធានការតាមផ្លូវច្បាប់ទៅ ដើម្បីសហគមន៍គាត់មានជំនឿឡើងវិញ»

ជនជាតិដើមភាគតិចកួយម្នាក់ទៀត អ្នកស្រី ងូន ហ៊ាង អាយុ៥៣ឆ្នាំ និយាយថា ក្រុមហ៊ុន ហាក់ ប៊ុនថា បានដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីនៅ​តំបន់សន្លុងស្លដែក ដែលជាកន្លែង​អភិរក្សវប្បធម៌របស់ដូន​តាជនជាតិដើមភាគតិចកួយ និងបានឈូសឆាយប៉ះពាល់ដី​ស្រែចម្ការរបស់ពួកគេថែមទៀត ដោយ​ពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។

អ្នកស្រី ងូន ហ៊ាង បន្តថា រូបអ្នកស្រី ក៏ដូចជាប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយទាំងអស់ដែលរងផលប៉ះពាល់ដីធ្លី បានទាមទារទៅអាជ្ញាធរពាក់ព័ន្ធឱ្យដោះ​ស្រាយ​ដីធ្លីជូន​ពួកគេ​វិញ និង​ត្រូវរក្សាដីតំបន់​សន្លុងស្លដែក​ដែលជាកន្លែងប្រវត្តិសាស្ត្រឱ្យនៅស្ថានភាព​ដូចដើមវិញផងដែរ។

អ្នកស្រីបន្ថែមថា៖ «ពេលដែល​ក្រុមឈូសហ្នឹង បានឈូសជាន់លើស្រូវយើង និងកន្លែងយើងអាស្រ័យផលផ្សេងទៀត ដល់អ៊ីចឹងនៅឆ្នាំនេះ ពួកខ្ញុំប្រឈម​នឹងការបាត់បង់ការអាស្រ័យទាំងស្រុង ដោយសារតែគ្មានការ​ដោះស្រាយពីអាជ្ញាធរ ហើយកន្លែងអប្បិយជំនឿរបស់យើងក៏បានរលាយសាបសូន្យ ដោយសារគេមកឈូសឆាយចោល»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ពីមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ និងតំណាងក្រុមហ៊ុន ហាក់ ប៊ុន​ថា ដែលរងការចោទពីពលរដ្ឋ ដើម្បីឆ្លើយតប​ពាក់ព័ន្ធករណីនេះ​បានទេនៅថ្ងៃចន្ទនេះ។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដោះស្រាយនិងទប់ស្កាត់មិនឱ្យក្រុមហ៊ុនបន្តសកម្ម​ភាពឈូសឆាយ។ លោកថា រដ្ឋាភិបាលមិនអាចឱ្យជនណាមួយទៅបំផ្លាញតំបន់បេតិកភណ្ឌបានឡើយ។

លោកបន្ថែមថា៖ «ខ្ញុំចង់បញ្ជាក់ថា ជានយោបាយ ជាការគិតគូរ ទាក់ទងទៅនឹងកិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានគតិយុត្តិដែលរដ្ឋាភិបាលចេញទៅ គឺហាមដាច់ខាតហើយ មិនអាចជនណាមួយធ្វើអីមួយបំផ្លាញស្ថានីយប្រវត្តិសាស្ត្រ បុរេប្រវត្តិ ដែលយើងចាត់ទុកថាជាតំបន់បេតិកភណ្ឌហ្នឹង គឺអត់អាចធ្វើអីបានទេ»

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ករណីក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយប៉ះពាល់តំបន់បុរាណវិទ្យា និងប្រពៃណីរបស់ជនជាតិដើមភាគតិច ជាបទល្មើស​មួយដែលអាជ្ញាធរ ជាពិសេសក្រសួងវប្បធម៌ ត្រូវប្តឹងទៅតុលាការ។

មន្ត្រីសិទ្ធិមនុស្សរូបនេះក៏ជំរុញទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ វាស់​វែងនិង​រក្សាដីតំបន់ប្រវត្តិសាស្ត្រនោះជូនជនជាតិដើមភាគតិចទៅតាមទំហំដើមវិញ ដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច។

លោកបន្ថែមថា៖ «បើយើងនិយាយពីផ្លូវច្បាប់ នៅពេលដែលក្រុមហ៊ុនគាត់មកធ្វើការឈូសឆាយប៉ះពាល់បុរាណវិទ្យា ក៏ដូចជាប្រពៃណីរបស់ជនជាតិដើមភាគតិច គឺជាបទល្មើសមួយទៅហើយ។ ដូច្នេះ បើនិយាយ​ពីផ្លូវច្បាប់ គឺខាងក្រសួងត្រូវតែចាត់វិធានការចំពោះក្រុមហ៊ុន​ដែលបានឈូសឆាយរំលោភយកដីរបស់ជនជាតិ​ភាគ​តិច​ហ្នឹងទៅ​ខាងស្ថាប័ន​តុលាការ នេះទើបជាការត្រឹមត្រូវ»

បើតាមប្រជាពលរដ្ឋ​ ដីស្រែ​ចម្ការ​វិលជុំនិងដីព្រៃតំបន់បុរាណដែលកំពុងមានជម្លោះនោះមានទំហំប្រ​ហែល៦០​ហិកតា ស្ថិតក្រោមការគ្រប់គ្រង​របស់ជនជាតិដើមភាគតិចកួយចំនួន៣៣គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ