រដ្ឋា​ភិបាល​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ដំបូង​ស្តី​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបលោក Luke Arnold អគ្គរាជទូតស្តីទី អូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ (ហ្វេសប៊ុក៖ Cambodian Human Rights Committee)

រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ចប់សេចក្តីព្រាងច្បាប់ដំបូងស្តីពី«ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ»ហើយ ខណៈមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីឯករាជ្យភាពរបស់ស្ថាប័នជាតិមួយនេះ។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានប្រាប់ វីអូឌី​ នៅថ្ងៃអង្គារ​នេះ​ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដាក់ឱ្យភាគីពាក់ព័ន្ធពិគ្រោះយោបល់លើសេចក្តី​ព្រាង​ដំបូង ក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែ លោកនៅមិនទាន់បញ្ជាក់ឱ្យ​លម្អិតនៅ​ឡើយ​ទេ​​ថា តើសេចក្តីព្រាងច្បាប់នេះមានប៉ុន្មាន​ជំពូកនិងប៉ុន្មាន​មាត្រានោះ។

យ៉ាងណាក្តី លោកបញ្ជាក់ថា ខ្លឹមសារសំខាន់នៃសេចក្តីព្រាងនេះបានផ្តោតជាសំខាន់លើតួនាទីនិងភារកិច្ចរបស់ស្ថាប័នសិទ្ធិមនុស្សជាតិ ពីសមាសភាពថ្នាក់ដឹកនាំ និងពីឯករាជ្យភាពរបស់ស្ថាប័នថ្នាក់ជាតិនេះ ដែលនឹងមានការចូលរួមពីគ្រប់ភាគី។

លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា៖ «ឥលូវនេះ យើងបានបញ្ចប់សេចក្តីព្រាងដំបូង ហើយ​ក្រោយពីបញ្ចប់សេចក្តីព្រាងដំបូងនេះ យើងនឹងពិគ្រោះជាមួយគ្រប់ភាគី មានទាំងស្ថាប័ន​រដ្ឋ ស្ថាប័នអង្គការសង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ អ្នកសិក្សា​ស្រាវ​ជ្រាវ គ្រឹះស្ថាន​ឧត្តមសិក្សា និងស្ថាប័នវិជ្ជាជីវៈទាំងអស់ ព្រោះច្បាប់នេះមានវិសាលភាព​គ្រប​ដណ្តប់​លើស្ថាប័នទាំងអស់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តួនាទីគឺក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងការ​ពារ​សិទ្ធិប្រជាពលរដ្ឋជាមូលដ្ឋានស្នូល»។

ប៉ុន្តែនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានដាក់ការព្រួយបារម្ភថា តើស្ថាប័នជាតិមួយនេះ នឹងធានានូវឯករាជ្យភាពនិងមិនចំណុះឱ្យរដ្ឋាភិបាលដែរឬទេ? បើសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងដោយរដ្ឋាភិបាលបែបនេះ។

លោកស្រីបានលើកឡើងពីសំណួរយ៉ាងដូច្នេះថា៖ «យើងនឹងចាំមើលថាតើកិច្ចការងារនេះនឹងដំណើរការបែបណា ប៉ុន្តែតាមអ្វីដែលខ្ញុំដឹងកន្លងមក គឺអង្គការសង្គមស៊ីវិលធ្លាប់បានធ្វើកិច្ចការងារជាមួយរដ្ឋាភិបាលច្រើនមកហើយ ហើយធ្លាប់មានសេចក្តីព្រាងច្បាប់ថែមទៅទៀត ប៉ុន្តែមិនដឹងថា សេចក្តីព្រាងច្បាប់ហ្នឹងវាថ្មីពីអ្វីដែលធ្លាប់បានធ្វើឬយ៉ាងម៉េច នេះជារឿងមួយ»។

លោកស្រីបន្តទៀតថា៖ «ហើយទី២ ដូចខ្ញុំបានគូសបញ្ជាក់អ៊ីចឹង កន្លងមក យើងឃើញហើយ នីតិវិធីនៃការតាក់តែងច្បាប់អ្វីផ្សេងៗហ្នឹង និងការពិគ្រោះយោបល់ទៀតសោតហ្នឹង ថាតើនឹងធានាការបញ្ចូលមតិឬធាតុចូលហ្នឹងដោយពេញលេញ ឬដោយមានអត្ថន័យបែបណា គឺជារឿងផ្សេងទៀត។ អ៊ីចឹងបានខ្ញុំគូសបញ្ជាក់ ពាក់ព័ន្ធនឹងការបង្កើតគណៈកម្មការសិទ្ធិមនុស្សនេះ ការពិតអាស្រ័យលើទិដ្ឋភាពច្បាប់ហើយ តែនៅក្នុងច្បាប់ហ្នឹងត្រូវធានាថា សមាសភាពដែលមកធ្វើការនៅក្នុងគណៈកម្មការថ្នាក់ជាតិនេះ ត្រូវតែតួអង្គឯករាជ្យ ហើយមិនគួរចំណុះឱ្យរដ្ឋាភិបាលអីនោះទេ បើមិនចឹងទេ វានឹងមិនធានាដល់ឯករាជ្យភាពរបស់គណៈកម្មការសិទ្ធិមនុស្សហ្នឹងទេ»។

លោកស្រី ចក់ សុភាព នៅតែមើលឃើញថា ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុងកាលៈទេសៈពេលនេះ គឺពិបាកក្នុងការធានាថាជាស្ថាប័នជាតិដែលឯករាជ្យខ្លាំងណាស់។

យ៉ាងណាក្តី បើតាមការបញ្ជាក់ពីលោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ​ថា ស្ថាប័នសិទ្ធិមនុស្សជាតិនេះ គឺជាស្ថាប័នឯករាជ្យដែលមិនចំណុះក្រោមរដ្ឋាភិបាលនោះទេ។ លោក​បន្ត​ថា ស្ថាប័នសិទ្ធិមនុស្សជាតិនេះ គឺផ្សេង​ពី​យន្តការ​គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា។

បើតាម​លោក ជិន ម៉ាលីន ដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងនោះ បានថ្លែងថា សេចក្តីព្រាងច្បាប់ដំបូងនេះក៏មានការចូលរួមផ្តល់ធាតុចូលពីប្រទេសអូស្ត្រាលី តាមរយៈអង្គការវេទិកាអាស៊ីប៉ាស៊ីហ្វិកដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី។

គួរជម្រាបជូនថា គម្រោងនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីបើកភ្លើងខៀវឱ្យបង្កើតតាំងពីទសវត្សរ៍ឆ្នាំ១៩៩៦មកម៉្លេះ ដោយអនុលោមទៅតាមគោលការណ៍ប៉ារីស (The Paris Principles) ដែលត្រូវបានបង្កើតឡើងនៅក្នុងសិក្ខាសាលាអន្តរជាតិមួយនាទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តនៅឆ្នាំ១៩៩៣។ ស្ថាប័នសិទ្ធិមនុស្សជាតិ គឺជាស្ថាប័នឯករាជ្យមួយមិនចំណុះក្រោមរដ្ឋាភិបាល ដែលមានតួនាទីការពារ​និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៃប្រទេសជាសមាជិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ