សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋា​ភិបាល​​អនុវត្ត​ច្បាប់​លើ​អ្នក​ទារ​លុយ​ពី​ពលរដ្ឋ​ជា​ថ្នូរ​ចាក់​វ៉ាក់សាំង​​កូវីដ-១៩

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រុមមន្ត្រីសង្គមស៊ីវិល ជំរុញទៅរដ្ឋាភិបាល​ស្រាវជ្រាវ​រក​មេខ្យល់និងអ្នកដែលគប់គិតគ្នាជាមួយ​អាជ្ញាធរ​ទារលុយពីពលរដ្ឋ ជាថ្នូរបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសារការចាក់វ៉ាក់សាំងនេះ រដ្ឋាភិបាលពុំអនុញ្ញាតឱ្យយកលុយពីពលរដ្ឋនោះឡើយ។

ការជំរុញនេះធ្វើឡើង​ក្រោយមានកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-​១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងជនបរទេស អាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខណ្ឌចំនួន៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីថ្ងៃទី១៤ ខែមិថុនា ម្សិលមិញ​នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​បញ្ជាទៅមន្ត្រីរបស់ខ្លួនត្រូវស្រាវជ្រាវចាប់មេខ្យល់និងអ្នកពាក់ព័ន្ធដែលនាំពលរដ្ឋមកពីតំបន់ផ្សេងៗមកចាក់វ៉ាក់សាំងកូវីដ-១៩ ហើយយកលុយពីពួកគាត់ក្នុងម្នាក់ចំនួន២០ដុល្លារ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។

លោក ទៀ បាញ់ បានឱ្យដឹងថា៖ «ក្រោយពីមានមេខ្យល់នាំប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗមកចាក់វ៉ាក់សាំង ហើយយកលុយពីពួកគាត់ក្នុងម្នាក់២០ដុល្លារ ខណៈរាជរដ្ឋាភិបាលពុំបានឱ្យ​យកលុយនោះឡើយ»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដើមចម​ដែលនាំឱ្យពលរដ្ឋផ្តល់លុយឱ្យអាជ្ញាធរមូលដ្ឋាន ឬភូមិ ឬសង្កាត់ ឬមេខ្យល់ ដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសារតែពលរដ្ឋមួយចំនួនមិនទទួលបានព័ត៌មាន​គ្រប់ជ្រុងជ្រោយជាដើម។

ករណីនេះ លោក សន ជ័យ ជំរុញទៅរដ្ឋាភិបាលត្រូវធ្វើការស្រាវជ្រាវរកមេខ្យល់និងមន្ត្រីពាក់ព័ន្ធដែលយកលុយពីប្រជាពលរដ្ឋជាថ្នូរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីជាគំរូល្អ កុំឱ្យរឿងនេះកើតឡើងបន្តទៀត។

លោកមានប្រសាសន៍ថា៖ «ការស៊ើបអង្កេតមិនមានការលំបាកទេ បើសិនជាមានការស៊ើបអង្កេតហ្មត់ចត់! ហើយកុំឱ្យមានព្រឹត្តិការណ៍ តែងតែមានជនខិលខូចឆក់ឱកាស ឆ្លៀតឱកាសកេងចំណេញពីពលរដ្ឋ។ ហើយរឿងនេះមិនមែនកើតឡើងជាទូទៅទេ ជាពិសេសកើតឡើងចំពោះប្រជាពលរដ្ឋដែលគាត់ពុំមានលទ្ធភាពច្រើនក្នុងការទទួលបានព័ត៌មានឱ្យទូលំទូលាយ»។

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ពាក់ព័ន្ធនឹងការទារលុយពលរដ្ឋជាថ្នូរបានចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាលដែលកំណត់ថា ពលរដ្ឋគ្រប់រូបទៅចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ​។

ករណីនេះ លោក ពិសី ផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាទាំងនោះបាន លុះត្រាតែអង្គភាពប្រ​ឆាំង​អំពើពុករលួយ និងក្រសួងសុខាភិបាល ត្រូវសហការគ្នាជាមួយសមត្ថកិច្ច ចុះស្រាវជ្រាវករណីនេះ និងពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើអ្នកប្រព្រឹត្ត ទើបអាចមានប្រសិទ្ធភាព​ខ្ពស់។

លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងរឿងនេះ អាចពាក់ព័ន្ធនឹងអំពើពុករលួយ ហើយការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយមើលលើកិច្ចការហ្នឹងក៏ជាការចាំបាច់ដែរ ដោយមានការសហការជាមួយក្រសួងសុខាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយទៅ ហើយធ្វើម៉េចយើងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង។ ខ្ញុំមើលឃើញស្រុកយើងប្រើមនោសញ្ចេតនាច្រើន អ៊ីចឹងកិច្ចការអត់មានប្រសិទ្ធភាពកើតទេ»។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពី​រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអ្នកនាំពាក្យ លោក ឈុំ សុជាតិ បានទេនៅថ្ងៃនេះ។ 

ដោយឡែក អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា កន្លងមក លោកស្រីធ្លាប់ទទួលបានព័ត៌មាននេះដែរ ប៉ុន្តែមិនមានភស្តុតាងណាមួយច្បាស់លាស់ ដើម្បីស្វែងរកជនខិលខូចដែលទារលុយពីពលរដ្ឋជាថ្នូរបានចាក់វ៉ាក់សាំងនោះទេ។ យ៉ាងណា លោកស្រីអំពាវនាវទៅប្រជាពលរដ្ឋដែលរងគ្រោះដោយសារការទារលុយពីមេខ្យល់ឬពីមន្ត្រីមូលដ្ឋាន ត្រូវរាយការណ៍មកក្រសួងសុខាភិបាល ដើម្បីចាត់វិធានការបន្ទាន់លើជនខិលខូចទាំងនោះ។

លោកស្រីមានប្រសាសន៍ថា៖ «បើសិនករណីមានជនខិលខូចគាត់ទៅទារលុយពីបងប្អូនយើងដែលទៅចាក់វ៉ាក់សាំង សូមកុំឱ្យ! យើងសាម៉ីខ្លួន កុំឱ្យ! បើសិនជាមានបញ្ហាអ្វី សូមតេមកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស [គ.វ.ក-១៩] ដើម្បីក្រុមការងារ [គ.វ.ក-១៩] ចុះធ្វើការស្រាវជ្រាវវែកមុខរកជនខិលខូចជាបន្ទាន់។ តែយើងមិនមានការអនុញ្ញាត មិនមានការលើកលែងឱ្យជនណាដែលប្រកាសឬមួយក៏ទៅបង្ខិតបង្ខំបងប្អូនយើង ដើម្បីឱ្យបង់លុយបង់កាក់ សុំកុំជឿ ហើយកុំបង់ឱ្យសោះ»។

កាលពីម្សិលមិញនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងទៀតថា រហូតមកដល់ពេលនេះ ក្រុមការងារចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៦ នៃរាជធានីភ្នំពេញ បានប្រហែល១លាននាក់ហើយ។

លោកថ្លែងទៀតថា ក្រសួងការពារជាតិ នឹងបន្តចាក់ជូនប្រជាពលរដ្ឋនៅខេត្តចំនួន៥បន្ថែមទៀត ដូចជា ខេត្តកំពង់ចាម កំពងស្ពឺ តាកែវ ស្វាយរៀង និងព្រះសីហនុ ដើម្បីធ្វើយ៉ាងណាពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​​១៤ ខែមិថុនា កម្ពុជា​បាន​ចាក់​វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន៣លាននាក់ ​នៃ​ចំនួន​គោលដៅ​ប្រជាជន​ដែលត្រូវ​ចាក់មានចំនួន​១០​​លាន​នាក់​ សម្រាប់រយៈពេលត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ