អាជីវករ​មួយ​ចំនួន​រីករាយ​​លាយ​ឡំ​ក្តី​​បារម្ភ ​ខណៈ​ផ្សារ​រដ្ឋ​បើក​ដំណើរ​ការ​ឡើង​​វិញ

គណៈគ្រប់គ្រងផ្សារបឹងកេងកង រៀបចំវិធានការរក្សាគម្លាត តម្រូវឱ្យស្កេន QR Code និងអនុវត្តតាមវិធានការសុខាភិបាលមួយចំនួនទៀត សម្រាប់បងប្អូនអាជីវករឬអតិថិជនគោរពតាមមុននឹងចូលក្នុងផ្សារមួយនេះ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យដំណើរការអាជីវកម្មផ្សាររដ្ឋឡើងវិញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អាជីវករលក់ដូរនៅផ្សារមួយចំនួនបង្ហាញក្តីរីករាយលាយ​ឡំនឹង​ក្តី​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយពី​រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យ​បើក​ដំណើរ​ការ​គ្រប់​អាជីវកម្ម-ការ​លក់ដូរ​ជាប្រក្រតីឡើងវិញក្នុង​​ផ្សាររដ្ឋទាំងអស់។

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃម្សិលមិញ ស្តីពីការអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​គ្រប់អាជីវកម្ម ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា រាល់អាជីវកម្ម ការលក់ដូរ ចាំបាច់ត្រូវ​អនុវត្តវិធានការសុវត្ថិភាពអនាម័យផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ដូចជា កាត​ព្វកិច្ច​​ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR code និង​វិធានការ «៣កុំ និង ៣ការពារ» ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួង​សុខាភិបាល ជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ បន្តថា សម្រាប់អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី គណៈគ្រប់គ្រងផ្សាររដ្ឋ សន្តិសុខ បុគ្គលិក កម្មករ អតិថិជន និងប្រជាពលរដ្ឋ​ដែលចេញចូលផ្សារ ត្រូវអនុវត្តវិធានរដ្ឋបាល វិធានសុខាភិបាល និងគោលការណ៍ណែនាំស្ដីពីការបើកដំណើរការ​ឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ក៏ដូចជាវិធានរឹតបន្តឹងការអនុវត្តចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ​ជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់​រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មភ្នំពេញ ត្រូវ​ចុះត្រួតពិនិត្យការអនុវត្តតាមផ្សារនីមួយៗ ហើយ​​​ក្នុងករណីរកឃើញថា អភិ​បាល​រដ្ឋាករស្វយ័តផ្សារធំថ្មី និង​គណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ឬបុគ្គលណា មិន​ព្រមសហការអនុវត្ត ត្រូវចាត់វិធានការរដ្ឋបាលនិងច្បាប់ដោយគ្មានការលើកលែង។

អ្នកស្រី នង លក្ខិណា អាយុ៥២ឆ្នាំ ជា​អាជីវករលក់បន្លែ​ត្រីសាច់​នៅផ្សារកណ្តាល បានប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះ​ថា អ្នកស្រីមានអារម្មណ៍សប្បាយចិត្ត ក្រោយ​រដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យ​បើកផ្សារឡើងវិញ ព្រោះ​រូបគាត់អាចរកចំណូលបានឡើងវិញ។ អ្នក​ស្រីបន្តថា ក្នុងអំឡុងពេលបិទផ្សារ​រដ្ឋនោះ សេដ្ឋកិច្ចគ្រួសាររបស់គាត់បាន​ធ្លាក់​ចុះ​ខ្លាំង ខណៈ​អ្នកស្រីក៏មានបំណុលនៅធនាគារ​ផងដែរ។

អ្នកស្រីបន្តថា៖ «ប៉ុន្តែនៅមានការព្រួយបារម្ភចំពោះជំងឺកូវីដ-១៩ ដែលអាចកើតឡើងម្តង​ទៀត អ៊ីចឹង​ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា និងមានការការពារជាចម្បង​ កុំធ្វេស​ប្រហែសឱ្យ​​សោះចំពោះជំងឺនេះ»។

លោក បូ សារិន អាយុ៣៨ឆ្នាំ ជាអាជីវករលក់គុយទាវនិងមីឆាតាមរ៉ឺម៉កនៅផ្សារដើមគរ មានប្រសាសន៍ថា ការបើកផ្សារឡើងវិញនេះអាចបង្កភាពងាយស្រួលដល់គាត់ក្នុងការទិញសម្ភារនិងម្ហូបអាហារ​សម្រាប់លក់បន្ត។

លោកបន្តថា៖ «តែនៅតែមានការព្រួយបារម្ភអ៊ីចឹង​ចំពោះជំងឺកូវីដ-១៩ ប៉ុន្តែធ្វើយ៉ាងម៉េច បើយើងជំពាក់លុយធនាគារ បើគ្រាន់តែដើម្បីក្រពះមិនជាបញ្ហានោះទេ តែបញ្ហាចម្បង​គឺរឿងធនាគារ គេមិនចាំយើងទេ។ ដូច្នេះ ត្រូវតែព្យាយាមរកស៊ី តែក៏ត្រូវការពា​រ​ផង​ដែរ ដោយពាក់ម៉ាស់ លាងដៃជាមួយអាល់កុល និងរក្សាគម្លាតជានិច្ច»។

ចំណែកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់​ ពៅ ក៏បានសាទរដែល​រដ្ឋបាលរាជធានីភ្នំពេញបើកផ្សាររដ្ឋ​ឡើងវិញ ព្រោះក្នុងរយៈពេលបិទខ្ទប់កន្លងមក អាជីវករជួបការលំបាកច្រើនក្នុងជីវភាព​គ្រួសារ​ដោយ​សារ​តែ​គ្មាន​ចំណូល​ ហើយរដ្ឋក៏មិន​បាន​ជួយពួកគាត់ឱ្យ​បានគ្រប់គ្រាន់ផងដែរ។

លោកបន្តថា៖ «ទោះបីតួលេខជំងឺកូវីដ-១៩ នៅតែមិនទាន់ធូរថយយ៉ាងណាក៏ដោយ ប៉ុន្តែខ្ញុំ​គិតថា អាជីវករខ្លួនឯងគួររក្សាសុវត្ថិភាព ៣ការពារ ៣កុំ និង​ពាក់​ម៉ាស់​ លាងដៃឱ្យ​បានជាប្រចាំ ជារឿងមួយល្អប្រសើរសម្រាប់អាជីវករលក់ដូរនៅរាជធានីភ្នំពេញផងដែរ»។

ទោះយ៉ាងណា លោកក៏បានជំរុញទៅអាជ្ញាធរ ជាពិសេស​អ្នកគ្រប់គ្រងផ្សារនីមួយៗ ត្រូវ​មានសន្តិសុខសម្រាប់ត្រួតពិនិត្យ និង​កំណត់ចំនួន​មនុស្ស​ក្នុងការ​ចេញ-ចូលផ្សារឱ្យ​បាន​​ច្បាស់លាស់ ព្រមទាំងត្រូវកំណត់ឱ្យអាជីវករនិងពលរដ្ឋដែលចេញចូលផ្សារ ពាក់ម៉ាស់ និងអនុវត្តវិធានសុខាភិបាលឱ្យ​បានត្រឹមត្រូវផងដែរ។

ចំណែកប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងអ្នកជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន ហាក់មានការភ្ញាក់ផ្អើល​ដែលរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យ​បើកផ្សារ​រដ្ឋ​ឡើងវិញ ខណៈ​ស្ថានភាពជំងឺកូវីដ-១៩នៅ​មិនទាន់ធូរស្បើយនៅ​ឡើយ។

តែយ៉ាងណា លោកថា ការអនុញ្ញាតឱ្យ​បើកផ្សារឡើងវិញនេះ អាជ្ញាធរ​អាចមានការសិក្សាជាលក្ខណៈបច្ចេកទេសនិងមានវិធានការគ្រប់គ្រាន់ហើយ ទើបមានការសម្រេច​បែបនេះ។

លោក​ថា៖ «ដើម្បីឱ្យ​រាជធានីភ្នំពេញមានសុវត្ថិភាព ទាំងអាជ្ញាធរ​និងប្រជាពលរដ្ឋ​មិនត្រូវ​ព្រលែង​ដៃចំ​ពោះជំងឺកូវីដ-១៩​នោះ​ទេ ដោយត្រូវមានការរក្សាគម្លាត ពាក់​ម៉ាស់ និងលាង​ដៃ​ជាមួយអាល់កុល​ជាប្រចាំ បើមិនដូច្នោះទេ អាចបង្កឱ្យ​​មាន​ហានិភ័យ​ម្តង​ទៀតនៅ​រាជធានីភ្នំពេញ»។

កាលពីយប់ថ្ងៃទី២៣ ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច​បិទផ្សារ​រដ្ឋនិងផ្សារមិនរៀបរយរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ប៉ុន្តែក្រោយមក ដោយឃើញ​ស្ថាន​ការណ៍​នៃ​ការ​ឆ្លង​ជំងឺ​នេះនៅ​មិ​នទាន់ធូរស្រាល រដ្ឋបាលរាជធានីភ្នំពេញក៏បន្តបិទ​មួយ​រយៈ​បន្ថែម​ទៀត រហូតមកដល់ថ្ងៃម្សិលមិញនេះ ទើបមានការសម្រេចឱ្យ​បើកឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ