មន្ត្រី​​​​ស្រង់​ស្ថិតិ​ជន​អន្តោ​ប្រវេសន៍​​រស់​​នៅ​ផ្ទះ​បណ្តែត​ទឹក​ខុស​ច្បាប់​​ ដើម្បី​បញ្ជូន​​ទៅ​ប្រទេស​​​​ពួក​គេ​វិញ​

ទិដ្ឋភាពផ្ទះបណ្ដែតទឹកមួយចំនួនក្រោយពីរុះរើចេញពីផ្ទៃទន្លេ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមការ​ងារជំនាញ​កំពុង​ស្រាវជ្រាវនិង​ស្រង់ស្ថិតិរកជនអន្តោប្រវេសន៍ខុសច្បាប់​ដែលរស់នៅលើផ្ទះ​បណ្តែតទឹក ដើម្បីបញ្ជូនទៅប្រទេសកំណើតពួកគេវិញ។

ការស្រាវជ្រាវនិងស្រង់ស្ថិតិនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងទៅអ្នករស់នៅលើផ្ទះបណ្តែតទឹក បែ​​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ ឱ្យរុះរើចេញ ដើម្បីកុំឱ្យប៉ះពាល់ដល់​ជីវចម្រុះ​ក្នុង​ទឹក​ ខូចគុណភាព​ទឹក​ បំពុលបរិស្ថាន​ ប៉ះពាល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ ​​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​។

​ អ្នកនាំពាក្យនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន មានប្រសាសន៍នៅថ្ងៃពុធនេះថា សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី​ស្រាវជ្រាវរកជនអន្តោប្រវេសន៍ ជាពិសេសជនជាតិវៀតណាមដែលកំពុងរស់នៅលើផ្ទះបណ្តែត​ទឹកនិងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះអះអាងថា បើរកឃើញជនអន្តោប្រវេសន៍រស់នៅមិនស្របច្បាប់ ក្រុមការ​ងារ​ជំនាញ​នឹង​អនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដោយបណ្តេញពួកគេចេញទៅប្រទេសកំណើតវិញ។

លោកមានប្រសាសន៍ថា៖ «បើសិនជាគាត់ជាជនបរទេសអន្តោប្រវេសន៍ស្របច្បាប់ ទាល់តែមានបណ្ណស្នាក់នៅអចិន្ត្រៃយ៍ បើអត់មានទេ យើងអនុវត្តច្បាប់ហើយ។ អនុវត្តច្បាប់អន្តោប្រវេសន៍ គឺបណ្តេញចេញអ្នកដែលអត់មានលិខិតឆ្លងដែន ឬក៏ស្នាក់នៅលើសទិដ្ឋាការ ឬក៏អត់មានបណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍»។

ទោះជាយ៉ាងណា លោក កៅ វណ្ណថន មិនបានបញ្ជាក់ពីចំនួន​ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅខុសច្បាប់ថាមានចំនួនប៉ុន្មាននៅឡើយទេ ដោយថា ក្រុមការងារជំនាញកំពុងស្រាវជ្រាវជុំវិញបញ្ហា​នេះ។

ទាក់ទិននឹងបញ្ហាជនអន្តោប្រវេសន៍ ជាពិសេសជនជាតិវៀតណាម​ដែលរស់នៅលើផ្ទះបណ្តែតទឹកនេះដែរ ​ប្រធានសមាគម​​វៀតណាម ​លោក ស៊ឹម ជី និយាយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១​ ថាសមាគមរបស់លោកបានដាក់លិខិតទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានស្នើ​សុំចំនួន៣ចំណុច រួមមាន ទី១ ស្នើសុំពន្យារពេល​សមស្របបំផុត ដើម្បីផ្លាស់ប្តូរទីតាំង ទី២ ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ រកទីតាំងថ្មី ដែលពួកគេអាចចិញ្ចឹម​ត្រីបន្តទៀតបាន និងទី៣ ស្នើសុំ​ថវិកាខ្លះ ដើម្បីជួយផ្គត់ផ្គង់ឱ្យពួកគេមានលទ្ធភាពចិញ្ចឹមជីវិតនៅពេលចេញទៅវិញជាដើម។

ក្រោយមក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thị Thu Hằng បានចេញសេចក្តីថ្លែងការណ៍មួយក្រើនរំឭកពីការស្នើសុំរបស់រដ្ឋមន្ត្រីខ្លួនទៅកាន់ភាគីកម្ពុជា ត្រូវមានផែនទីបង្ហាញផ្លូវសមស្របសម្រាប់សហគមន៍ពលរដ្ឋដើមកំណើតវៀតណាម ដើម្បីធានាបាននូវសិទ្ធិនិងសុខុមាលភាពពេញលេញរបស់ពួកគេផងដែរ។ 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម និយាយថា៖ «ការរៀបចំទីតាំងថ្មីសម្រាប់ពលរដ្ឋដើមកំណើតវៀតណាម ត្រូវឈរលើហេតុផលអាចទទួលយកបានជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលធានាឱ្យជីវិតរបស់ពួកគេមានស្ថិរភាពនិងការគាំទ្រសុខុមាលភាពពីសង្គម»។​

ទោះជាបែបនេះក្តី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរខ្មែរក្នុងការស្រង់ស្ថិតិនិងស្រាវជ្រាវរកមើល​ជនអន្ដោប្រវេសន៍ដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបែបបទបញ្ជូនពួកគេឱ្យត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ 

ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សរូបនោះស្នើដល់អាជ្ញាធរអនុវត្តច្បាប់នេះឱ្យមានតម្លាភាពរវាងជនអន្តោប្រវេសន៍ខុសច្បាប់នៅលើដីគោក និងនៅលើផ្ទះបណ្តែតទឹក ទូទាំងប្រទេស ទើបអាចទប់ស្កាត់មិនឱ្យមានជនអន្តោប្រវេសន៍ខុសច្បាប់ហូរចូលមកកម្ពុជាបន្តទៀត។

លោកបានបន្តថា៖ «ជាធម្មតា ការអនុវត្តច្បាប់ គេអត់មានគិតមានក្រខ្ពស់ទាបអីទេ សខ្មៅអីទេ! គេគិតទៅការអនុវត្តឱ្យមានភាពត្រឹមត្រូវ ឱ្យមានភាពស្មើគ្នាទាំងអស់គ្នា ហើយចំណុចទាំងអស់​នេះ ចៀសវាងមានការរិះគន់ អាជ្ញាធរគប្បីមានការពិនិត្យមើលនៅក្នុងរឿងហ្នឹងឡើងវិញ»។ 

លោកមានប្រសាសន៍បន្ថែមទៀតថា៖ «ហើយយើងត្រូវពិនិត្យមើលការពង្រឹងលើការអនុវត្តច្បាប់ តើមូលហេតុអ្វីបានជាជនបរទេសអាចមករស់នៅក្នុងប្រទេសយើងយ៉ាង​អនាធិបតេយ្យ ដោយ​មិនមានការអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវ។​ ចំណុចទាំងអស់នេះ គួរតែធ្វើជាប្រចាំ អត់មែនធ្វើម្ដងម្កាលអ៊ីចឹងទេ ដើម្បីចៀសវាងកុំឱ្យមានបញ្ហាបែបនេះកើតឡើងទៀត»។

យ៉ាងណា ក្នុងលិខិតរបស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាល​ពីថ្ងៃ១​៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំចំពោះជនបរទេសខុសច្បាប់គ្រប់រូបភាព ដោយធ្វើការ​ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណ្តេញចេញពីប្រទេសកម្ពុជាស្របតាមច្បាប់អន្តោប្រវេសន៍ទៀតផង។

លិខិតដដែលបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៤ រហូតដល់៥ខែក្នុងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​បណ្តេញជនបរទេសខុសច្បាប់ចេញពីប្រទេសកម្ពុជា សរុប​ចំនួន១៨ ៤៧០នាក់ ស្មើនឹង១០៤សញ្ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ