រដ្ឋសភា​នឹង​បោះ​ឆ្នោត​តែង​តាំង​លោក​ ប្រាជ្ញ​ ច័ន្ទ​ ជា​ប្រធាន​ គ.ជ.ប ថ្មី​នៅ​សប្តាហ៍​ក្រោយ​

លោកប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង ដែល​បច្ចុប្បន្នគឺជាតំណាងរាស្ត្រនិងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា ក្នុងកិច្ចប្រជុំមួយកាលពីចុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

រដ្ឋសភានឹងបោះឆ្នោត​តែងតាំង​ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី នៅសប្តាហ៍ក្រោយ ក្រោយពីគណបក្សប្រជាជនកម្ពុជាបានសម្រេចឱ្យលោក ប្រាជ្ញ ច័ន្ទ ធ្វើជាប្រធាន គ.ជ.ប ថ្មីជំនួសលោក ស៊ិក ប៊ុនហុក។

អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា បន្ទាប់ពីទទួលបានការសម្រេចនេះ គណៈអចិន្ត្រៃយ៍រដ្ឋសភានឹងកោះប្រជុំនៅ៣ថ្ងៃបន្ទាប់ពីការសម្រេចនេះ។ លោកថា បើគ្មានការប្រែប្រួលទេ រដ្ឋសភានឹងប្រជុំអនុម័តលើបេក្ខភាពរបស់លោក ប្រាជ្ញ ច័ន្ទ នៅសប្តាហ៍ក្រោយ។

លោក ឡេង ប៉េងឡុង បានថ្លែងយ៉ាងដូច្នេះថា៖ «អាទិត្យក្រោយនេះ គឺគណៈអចិន្រ្តៃយ៍នឹងប្រជុំ ដើម្បីបញ្ជូនបេក្ខភាពឯកឧត្តម ប្រាជ្ញ ច័ន្ទ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភា ហើយដើម្បីសុំរដ្ឋសភាបោះឆ្នោតសុំសេចក្តីទុកចិត្តឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អ៊ីចឹងគឺអាទិត្យក្រោយ យើងធ្វើការងារហ្នឹង»។

កាលពី​​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា​ ម្សិលមិញនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបានអនុម័ត​​លើ​បេក្ខជន​២​រូបដែល​បានដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​ថ្មី ជំនួសលោក ស៊ិ​ក ប៊ុន​ហុក គឺលោកប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង ដែល​បច្ចុប្បន្នគឺជាតំណាងរាស្ត្រនិងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា និងលោក ការ លាន ដែលជាអតីតអភិបាលខេត្តព្រះវិហារ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា គណបក្សបានតែងតាំងលោក ប្រាជ្ញ ច័ន្ទ ដោយសារគណបក្សកាន់អំណាចមួយនេះ​មើលឃើញថា លោកមានសមត្ថភាពនិងបទពិសោធន៍ការងារច្រើនក្នុងការចាត់ចែងការងាររដ្ឋបាល។

លោកមានប្រសាសន៍ថា៖ «អាហ្នឹងគឺផ្អែកលើលក្ខណៈវិនិច្ឆ័យដែលមានចែងនៅក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ គ.ជ.ប ហ្នឹងហើយ! បើគ្មានលក្ខណៈគ្រប់គ្រាន់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលោកមិនចុចចំឈ្មោះគាត់ទេ»។

យ៉ាងណាក្តី លោក កន សាវាង្ស មន្ត្រីឃ្លាំមើលការបោះឆ្នោតរបស់អង្គការ ខុមហ្រ្វែល នៅមិនទាន់វាយតម្លៃយ៉ាង​ណានៅ​ឡើយ​ទេ ចំពោះការងាររបស់លោក ប្រាជ្ញ ច័ន្ទ ក្នុងនាមជាប្រធាន គ.ជ.ប នេះ។

លោកថា៖ «យើងឃើញហើយថា នៅក្នុងសមាសភាពចាស់ដែលធ្លាប់ធ្វើកិច្ចការងារកន្លងមក មានចំណុចខ្លះមានការខ្វះខាត ដែលជាចំណុចលើកឡើងឬជាចំណុចនៃការព្រួយបារម្ភពីភាគីពាក់ព័ន្ធ ដែលតែងលើកឡើងថា សមាសភាពហ្នឹងមិនឯករាជ្យមិនអីជាដើមអ៊ីចឹង។ អ៊ីចឹងចំណុចនេះ យើងនឹងធ្វើការតាមដាននិងពិនិត្យមើលទាំងអស់គ្នាទៀត ការពិនិត្យមើលតែលក្ខណៈសម្បត្តិហ្នឹង គឺថាវាមិនទាន់បានគ្រប់គ្រាន់ទេ សំខាន់ការអនុវត្តជាក់ស្តែងបន្តទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ