អ្នក​ស្រឡាញ់​បរិស្ថាន​អំពាវនាវ​ឱ្យ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​រមណីយ​ដ្ឋាន​និង​តំបន់​ទេសចរណ៍​

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន សហការជាមួយការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំដោយលោក សួស សុផល អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះអប់រំផ្សព្វផ្សាយច្បាប់តំបន់ការពារធម្មជាតិ ការទុកដាក់សំណល់សំរាម គម្រោងនិរន្តរភាពទេសភាពនិងទេសចរណ៍ធម្មជាតិ។ (ហ្វេសប៊ុក៖ មន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ)

ក្រុមអ្នកស្រឡាញ់បរិស្ថាន អំពាវនាវ​ដល់​ពលរដ្ឋដែលទៅរមណីយដ្ឋានទេសចរណ៍និងតំបន់​ធម្មជាតិ​​នានា ជួយ​រក្សាអនាម័យនិងបរិស្ថានស្អាត ដោយចៀសវាងការបោះចោល​សំរាម​ពាស​វាល​ពាសកា​លដែលបង្កឱ្យ​មានភាពអាប់អួនិងប៉ះពាល់ដល់បរិស្ថាន។

ការអំពាវនាវនេះបានធ្វើឡើង​ក្រោយពេលមានគំនរសំរាមជាច្រើនកន្លែងដែល​​ខ្វះសណ្ដាប់​ធ្នាប់ និងការបន្សល់ទុកសំរាមរាយប៉ាយ​នៅ​​លើខ្នង​​ភ្នំគិរីរម្យ ឬឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ រួមនឹងការបន្ទោបង់​ពាសវាលពាលកាលនៅលើខ្នងភ្នំ ខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ ដោយ​សារ​​​តែ​​មាន​​ប្រជាពលរដ្ឋនិងអ្នកទេសចរ​​ជាច្រើនបាន​សម្រុកទៅលេងនៅទីនោះកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ។

ស្ថាបនិកសាលាដូង នៅលើភ្នំគិរីរម្យ និងជា​អ្នកស្រឡាញ់បរិស្ថានមួយរូប លោក អ៊ុក វណ្ណដេ បាន​លើកឡើងនៅថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ​២០២១ ថាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមាន​ការទទួលខុសត្រូវលើសំរាមដែលខ្លួនមាន ជាកាតព្វកិច្ចដែលប្រជាពលរដ្ឋ​​គ្រប់គ្នាត្រូវចូល​រួម​ប្រកាន់​ខ្ជាប់ ដើម្បីធ្វើឱ្យបរិស្ថានសង្គមមានភាពល្អប្រសើរ។

លោកបន្តថា ការមិនយកចិត្ត​ទុកដាក់ចំពោះបញ្ហាសំរាម ​ដោយគិតថាជា​កាតព្វកិច្ច​សម្អាតឬប្រមូលសំរាមរបស់​អ្នក​ទទួល​ខុសត្រូវលើផ្នែកបរិស្ថាន គឺជារឿងខុសឆ្គងដែលនាំឱ្យកើតមាននូវបញ្ហា​កង្វះអនាម័យនៅក្នុងសង្គម។

លោកមានប្រសាសន៍៖ «បើនិយាយពីការទទួលខុសត្រូវ​ គឺ[អាជ្ញាធរ]មូលដ្ឋាន តែជាគុណធម៌នៃអ្នកដើរលេង យើងគួរមានមនសិការជាប្រជាពលរដ្ឋល្អ ត្រូវចេះវេចខ្ចប់ទុកដាក់[សំរាម​]ឱ្យ​មាន​​របៀបរៀប​រយ។ បញ្ហាសំរាមហ្នឹងមិនមែនមាននៅតែភ្នំគិរីរម្យទេ គឺ​នៅគ្រប់តែ​កន្លែង​ ឱ្យ​តែ​នៅ​គិត​ថា​រឿង​ហ្នឹង​ជារឿងរ​បស់​បុគ្គល​ណាម្នាក់ឬក្រុមហ៊ុនណាមួយ»។

​ចំណែកមន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិ​នៃ​សមាគមបណ្ដាញ​យុវជ​​នកម្ពុជា លោក សាន់ ម៉ាឡា​ មានប្រសាសន៍ថា ​បញ្ហាសំរាមរាយប៉ាយនៅតំបន់រមណីយដ្ឋានគិរីរម្យ អ្នកដែលទទួលខុសត្រូវខ្ពស់លើរឿងនេះគួរតែជាអ្នកដែលទទួលបានផលប្រយោជន៍ពីតំបន់នេះតែម្តង។

លោក​បន្តថា មន្រ្តីពាក់ព័ន្ធនៅទីនោះគប្បីយក​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនាឬ​ផ្ញើយានយន្ត​ ទៅប្រើប្រាស់​ក្នុង​ការ​ថែរក្សាបរិស្ថាន​​នៅ​តំបន់​មួយ​នេះ​ផង​ដែរ ដូច​ជា រៀបចំឱ្យមាន​ធុងសំរាមច្រើននៅទីនោះជាដើម។

លើសពីនេះ លោកថា មន្ត្រីពាក់ព័ន្ធគប្បីចុះអប់រំណែនាំដល់ពលរដ្ឋឱ្យបានញឹកញាប់ ជុំវិញបញ្ហាចូល​រួម​ថែ​រក្សាបរិស្ថាននិង​របៀប​ទុ​កដាក់​សំរាមឱ្យ​បាន​ត្រឹមត្រូវ ខណៈ​ពលរដ្ឋមួយ​ចំនួននៅ​ពុំ​ទាន់មានការយល់ដឹងលើបញ្ហានេះនៅឡើយ។

​លោកបន្ត​ថា៖ «ប្រសិនបើមិនមានការផ្គត់ផ្គង់​ធុងសំរាមនៅតាមឧទ្យានឱ្យ​​បាន​គ្រប់​គ្រាន់ អ្នកទេស​ចរ​អាច​ពិបាករកកន្លែងចោលសំរា​មឱ្យ​​បានត្រឹមត្រូវ​ផង​ដែរ។ ហើយ​មន្រ្តីបរិស្ថាន​គួរ​តែ​ចុះល្បាត​ឱ្យ​បាន​ញឹក​ញាប់ ដើម្បីជា​ការដាស់តឿន​ដល់​ពលរដ្ឋ​ដែលមកលេងទស្សនាផងដែរ ព្រោះ​ប្រ​ជាពលរដ្ឋមួយចំនួនក៏អាចខ្វះការយល់ដឹងពីបញ្ហាបរិស្ថាន។ ដូច្នេះខ្ញុំយល់​ថា​ គួរ​មានការ​ចូលរួម​សហការ​រវាង​ពលរដ្ឋ​និង​មន្រ្តី​ពាក់​ព័ន្ធ​ទាំង​អស់​គ្នា ទើប​រមណីយ​ដ្ឋាន​[ទេសចរណ៍]យើង​អាចទទួល​បាន​សោភ័ណភាពល្អប្រសើរ»។

ភ្ញៀវទេសចរម្នាក់ លោក សឿន មករា មានប្រសាសន៍ថា លោកធ្លាប់​ទៅ​ធ្វើទេសចរ​ណ៍​នៅរ​មណីយ​ដ្ឋាន​គិរីរម្យ​នេះជាច្រើនលើកមក​ហើយ ហើយក៏បាន​​ឃើញមាន​សំរាម​ចោល​ពាសវាលពាស​កាល​ផងដែរ ខណៈកន្លែងទុកដាក់សំរាមឬធុងសំរាមមានចំនួនតិច។

លើស​ពីនេះ លោកសង្កេតឃើញថា ខាងផ្នែកសន្តិសុខ​ហាក់​ដូច​មិន​សូវណែនាំ​ដល់​ប្រជាពល​រដ្ឋ​ដែល​ទៅលេ​ង​កម្សាន្តតំបន់នោះ​អំពីបញ្ហាសំរាម​នេះ​ទេ។ ​

បញ្ហានេះ លោក សឿន មករា ​បានស្នើទៅអាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវបង្កើនការអប់រំណែនាំដល់ភ្ញៀវ​ទេសច​រ​​​​ទាំងឡា​យ ឱ្យ​​​ទុកដាក់កាកសំណល់​និងសំរាមឱ្យ​មានរបៀប​រៀប​រយ​មុន​នឹងចាក​ចេញពីតំបន់នេះ និងគួរបន្ថែមធុងសំរាមឱ្យ​បានច្រើនជាងមុន ដើម្បីងាយស្រួលដល់​​អ្នក​ទេស​ចរក្នុងការយកសំរាមទៅបោះចោល។ ​

លោកបន្តថា៖ «អាជ្ញាធរដែលបម្រើការនៅឧទ្យានជាតិគិរីរម្យ គួរតែជួយផ្សព្វផ្សាយអប់រំដល់ភ្ញៀវ។ ហើយខាងប្រធានមន្ទីរបរិស្ថាននៅទីនោះផងដែរ គួរសហការគ្នាជាមួយប្រជាពលរដ្ឋអំពីរឿង​បញ្ហាបរិស្ថាន គ្រប់គ្រងរឿងកាកសំណល់ឬសំរាមដែលយកមកប្រើប្រាស់ ត្រូ​វរក្សាទុកឱ្យ​​មាន​អនាម័យ មានរបៀបរៀបរយ​ និងមានសណ្តាប់ធ្នាប់ នោះទើបរមណីយ​ដ្ឋានយើ​ង​មានសោភ័ណភា​ព»។

វីអូឌី មិនអាចសុំការបំភ្លឺពីអភិបាលខេត្តកំពង់ស្ពឺ លោក​ វ៉ី សំណាង និងអនុប្រធានមន្ទីរ​បរិស្ថានខេត្ត​កំពង់ស្ពឺ លោក សួស សុផល​ បានទេ នៅថ្ងៃព្រហស្បតិ៍​នេះ។ ​

បញ្ហាទុកដាក់សំរាមនិងអនាម័យនៅតែជាបញ្ហាប្រឈមដែលកើតឡើងនៅក្នុងសង្គមកម្ពុជា ពិសេសនៅតំបន់រមណីយដ្ឋាននានា ទីប្រជុំជន និងនៅតាមតំបន់ដាច់ស្រយាលផងដែរ។

​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍​ថា បញ្ហា​សំរាម​នៅ​កម្ពុជា​នៅ​តែ​ជាបញ្ហាសំ​ខាន់​មួយដែល​មិន​ទាន់​អាច​ដោះស្រា​យបាន។ លោកបន្តថា មានមូលហេតុមួយចំនួនដែលធ្វើឱ្យបញ្ហាសំរាម​នៅ​តែ​ចោទ​ឡើង ដូចជា ការយល់​ដឹង​របស់​ពលរដ្ឋអំពី​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​សំរាមនៅមានកម្រិត និង​ភាព​អាត្មានិយម​របស់​ពលរដ្ឋ​មួយ​ចំនួនដោយ​មិន​ខ្វល់​ពី​បញ្ហា​អនាម័យនិង​អាងថា​មិនមែនជាតួនាទីរបស់ខ្លួនជាដើម ខណៈបញ្ហាកង្វះកន្លែងទុកដាក់សំរាម ព្រមទាំងការអនុវត្តច្បាប់នៅមានកម្រិត។

លោកមានប្រសាសន៍ថា៖ «ជារួមយើងឃើញថា ការដែលដាក់ទោសទណ្ឌ ការផាកពិន័យទៅលើបញ្ហាសំរាម ទោះបីជាមានចំនួនផាកពិន័យតិចតួចក៏ដោយ ក៏​យើងមិនសូវផាកពិន័យដែរ។ បើយើង​ផាក​ពិន័យ​ឱ្យបានសកម្មបន្តិច ដូចជាផាកពិន័យរឿងគ្រោះថ្នាក់ចរាចរណ៍​ ប្រហែលជាអា​ចកែបាន។ វិធានការ​អប់រំនឹងមិនជោគជ័យទេ ប្រសិនបើមិនប្រើប្រាស់វិធានការច្បាប់»។

លោក យង់ គិមអេង យល់ឃើញថា ដើម្បីដោះស្រាយបញ្ហានេះ ការអប់រំណែនាំទៅកា​ន់​ពលរដ្ឋ​​ត្រូវ​ធ្វើឡើងជា​រឿយៗ ហើយវិធានការច្បាប់ឬការ​ផាកពិន័យក៏មិនត្រូវរំលងដែរ។ បន្ថែម​ពីនេះ លោកថា ​រដ្ឋាភិបាលក៏ត្រូវគិតគូរពីមធ្យោបាយទុកដាក់សំរាម ជា​ពិសេសកន្លែងទុកដាក់សំរាមនិង​ធុងសំរាមត្រូវរៀបចំឱ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់។

នៅក្នុងរបាយការណ៍ស្រាវជ្រាវ​មួយរបស់​មូលនិធិ អេស៊ីអអេ (ACRA foundation) ដែល​​ផ្សព្វ​ផ្សាយ​ដោយ​​អង្គការអភិវឌ្ឍន៍​​យុវជន​កម្ពុជា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ រក​ឃើញ​ថា​ មាន​​ថង់​​ប្លា​​ស្ទិក​​ប្រមាណ១០លានថង់ត្រូវបាន​​គេប្រើ​​ប្រាស់ជា​រៀង​រាល់​ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ