គណបក្ស​​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ស្នើ​សុំ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ

ពលរដ្ឋធ្វើដំណើរពីមុខក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ (រូបថត៖ ហួត វុទ្ធី)

គណបក្សនយោបាយថ្មីមួយទៀត​របស់អតីតមន្ត្រីបក្សប្រឆាំង បានស្នើសុំចុះបញ្ជីជាផ្លូវការនៅ​ក្រសួងមហាផ្ទៃ ខណៈអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង​ លោក ថាច់ សេដ្ឋា បានច្រាន​ចោល​ចំពោះការភ្ជាប់ឈ្មោះលោកថាជាអ្នកនៅពីក្រោយនៃការបង្កើតគណបក្សនេះ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលយកលិខិតស្នើសុំចុះឈ្មោះគណបក្សនយោបាយ «បេះដូងជាតិ» ដែលមានលោក សៀម ភ្លុក ជាអតីតមន្ត្រីគណបក្សប្រឆាំងដែលគេមិនសូវឮឈ្មោះនោះ ធ្វើជាតំណាងស្ថាបនិកគណបក្ស។

លោក សៀម ភ្លុក បានដាក់សំណើស្នើសុំបង្កើតគណបក្សនយោបាយថ្មីនេះទៅកាន់ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី៣ ខែមិថុនា។ ប៉ុន្តែផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងបានស្នើឱ្យតំណាងស្ថាបនិកគណបក្សនេះ ត្រូវរៀបចំនូវសញ្ញា​សម្គាល់របស់គណបក្ស ដោយអនុលោមតាមការកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់កថាខណ្ឌទី៣នៃច្បាប់នេះ រួចបញ្ជូនមកក្រសួង​វិញជាកំណត់។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សនយោបាយថ្មីនេះបាននៅឡើយទេ។

ប៉ុន្តែយោងតាមព័ត៌មានដែលគេចែករំលែកតគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ហ៊ុន កុសល (Hun Kosal) អតីតមន្ត្រីគណបក្សប្រឆាំងដែរនោះ បានចោទប្រកាន់ថា ក្រុមលោក ថាច់ សេដ្ឋា កំពុងដំណើរការបង្កើត«គណបក្សបេះដូងជាតិ»នេះ ដោយមានឈ្មោះ សៀម ភ្លុក ជាអ្នកចេញមុខស្នើទៅក្រសួងមហាផ្ទៃ។

ហ្វេសប៊ុករបស់លោក ហ៊ុន កុសល ក៏បានឱ្យដឹងទៀតថា សមាសភាពដឹកនាំគណបក្សនយោបាយថ្មីនេះ គឺមានលោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី និង​កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សិត អតីត​ចៅសង្កាត់ជាប់ឆ្នោត​អតីតគណបក្សសង្គ្រោះជាតិនៅសង្កាត់អូចារ ខេត្តបាត់ដំបង ជាសមាសភាពដឹកនាំគណបក្ស។

ប៉ុន្តែការលើកឡើងនេះ លោក ថាច់ សេដ្ឋា បានបដិសេធ។

លោក ថាច់ សេដ្ឋា ដែលជាប្រធានសមាគមខ្មែរកម្ពុជាក្រោមផងនោះ ទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី​១២ ខែមេសា ឆ្នាំ២០២១ បានថ្លែង​ថា៖ «ដូចជម្រាបពីមុនអ៊ីចឹង ខ្ញុំកំពុង​រវល់ការងារ​ខួបខ្មែរក្រោមមកដល់ហ្នឹង។ ខ្ញុំមិនទាន់មានពេលគិតរឿងហ្នឹងនៅឡើយទេ ទាល់តែចប់បុណ្យខ្ញុំរួចរាល់សិន ខ្ញុំបានតែឃើញតាមហ្វេសប៊ុកគេថាអ៊ីចឹងដែរហ្នឹង»។

ចំណែកកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ចៅសង្កាត់ជាប់ឆ្នោតអតីតគណបក្សសង្គ្រោះជាតិនៅសង្កាត់អូចារ ខេត្តបាត់ដំបង បានប្រាប់ វីអូឌី ថានាងមិនមានឈ្មោះនៅក្នុងគណបក្សនយោ​បាយ​ថ្មីនេះទេ។

កញ្ញា​បានថ្លែងថា៖ «នាងខ្ញុំទើបតែទទួលបានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃមុននេះដែរហ្នឹង ហើយអ្វីដែលគេលើកសួរ មិនថាតែខាងវីអូឌីទេ សូម្បីតែខាងបងប្អូនប្រជាពលរដ្ឋដែលគេបានព័ត៌មានទាំងអស់នេះ គេបានឆាតសួរខ្ញុំ។ ខ្ញុំសូមបញ្ជាក់បងប្អូនជនរួមជាតិទាំងអស់ថា ខ្ញុំអត់មានឈ្មោះអ្វីនៅក្នុងគណបក្សបេះដូងជាតិទេ ខ្ញុំសព្វថ្ងៃគឺជាពលរដ្ឋធម្មតា»។

ទោះជាបានបដិសេធក្តី លោក ហ៊ុន កុសល បានប្រាប់ វីអូឌី បន្ថែមកាលពីថ្ងៃទី១៦ ខែមិថុនា ថាលោកបានទទួលព័ត៌មាននេះច្បាស់ការណ៍ពីមន្ត្រីមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ។

លោក​ថា៖ «រឿងការបដិសេធមិនពាក់ព័ន្ធនេះ វាជារឿងនយោបាយដែរទេ! ព្រោះពីដំបូងឡើយ យើងទទួលព័ត៌មានពីមូលដ្ឋានដែលលោក ថាច់ សេដ្ឋា បានទៅជួបផ្ទាល់ជាមួយមន្ត្រីមូលដ្ឋាន។ ហើយមន្ត្រីមូលដ្ឋានគាត់និយាយថា លោក ថាច់ សេដ្ឋា បបួលគាត់បង្កើតបក្សអីអី ដូច្នេះវាមិនមានអីជាអាថ៌កំបាំងទេ។ ហើយជាធម្មតា នយោបាយវាមានការប្រែប្រួលអ៊ីចឹងឯង ធម្មតាតេស្តទៅមិនមានលទ្ធផលល្អ មានអ្នករិះគន់ច្រើន មានការប្រឈមនឹងជីវិតនយោបាយរបស់ខ្លួនឯង គាត់ត្រូវតែដកថយហើយ។ ដូច្នេះការបដិសេធនេះ មិនមានបញ្ហាអីចម្លែកទេនៅក្នុងចលនានយោបាយ»។

លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនិងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មើលឃើញ​ថា ការ​ចេញទៅបង្កើតគណបក្សនយោបាយថ្មីរបស់អតីតមន្ត្រីបក្សប្រឆាំង នឹង​មិនទទួល​បានជោគជ័យឡើយនៅក្នុងកាលៈទេសៈនេះ។

លោក​ថា៖ «បើយើងនិយាយទៅ បក្សថ្មី ឬអ្នកទៅសុំសិទ្ធិធ្វើនយោបាយចេញមកច្រើន បានន័យ​ថា គណបក្សប្រឆាំងហ្នឹងកាន់តែទន់ខ្សោយហើយ ព្រោះកន្លងមក គាត់ហាមមិនឱ្យមន្ត្រីចេញសុំសិទ្ធិធ្វើនយោបាយទេ ព្រោះគាត់មិនទទួលស្គាល់យន្តការនៃការសម្រេចរបស់តុលាការចោទប្រកាន់គាត់។ ហើយបើគាត់ទៅបង្កើតគណបក្សថ្មីមួយទៀត ខ្ញុំគិតថា វាគ្រាន់តែជារូបភាពសេរីភាពប្រជាធិបតេយ្យបែបរូបភាពទេ តែឱ្យមានពិតប្រាកដនោះ គឺពុំមានតម្លៃនយោបាយគ្រប់គ្រាន់ក្នុងការទទួលបានសំឡេង​ឆ្នោតពីប្រជាពលរដ្ឋទេ»។

គិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយតុលាការកំពូលកម្ពុជាមក មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន២៤នាក់ ក្នុងចំណោម១១៨នាក់ ដែលជាប់បម្រាម​​ធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ បានស្នើសុំសិទ្ធិធ្វើនយោបាយ​ឡើងវិញ។ ពួកគេមួយចំនួនបានទៅបង្កើតគណបក្សនយោបាយថ្មី និងមួយចំនួនទៀតនៅមិនទាន់សម្រេចចិត្តនៅឡើយទេ ខណៈការបោះឆ្នោតឃុំ-សង្កាត់នឹងធ្វើឡើងនៅឆ្នាំក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ