អាជ្ញាធរ​គ្រឿង​ញៀន​បញ្ជូន​ជន​សង្ស័យ​៤​នាក់​ដែល​បន្លំ​ខ្លួន​ធ្វើ​នគរបាល​​ទៅ​តុលាការ​​

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យចំនួន៤នាក់ពាក់​ព័ន្ធនឹងរឿង​បន្លំខ្លួន​ជាមន្ត្រីនគរបាលលួចធ្វើសកម្មភាពចាប់ពលរដ្ឋ​ជំរិតទារប្រាក់នៅក្នុង​រាជធានីភ្នំពេញ ទៅតុលាការ​​នៅព្រឹកថ្ងៃនេះ ដើម្បីចាត់វិធានការច្បាប់។

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ វីអូឌី នៅថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២១​នេះ​ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលបន្លំជាមន្ត្រីនគរបាល លួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បុរស​​ជា​​ជនសង្ស័យទាំង៤នាក់នោះ រួមមាន ឈ្មោះ កេត វីរីយ៉ា អាយុ៣៥ឆ្នាំ ជនជាតិ​ខ្មែរ​ (មេខ្លោងផ្តើមគំនិត) ទី២-ឈ្មោះ សយ តុលា អាយុ៣២ឆ្នាំ ជនជាតិ​ខ្មែរ (អ្នកសមគំនិត) ទី៣-ឈ្មោះ ផាន់ វីរ:ភក្តី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (អ្នកសមគំនិត) និងទី៤-ឈ្មោះ សល់ ភារៈ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (អ្នកសមគំនិត)។

ក្រៅពីឃាត់ខ្លួននោះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរឹបអូសសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនទៀត រួម​មាន រថយន្ត ១គ្រឿង, ម៉ូតូ ២គ្រឿង, អាវុធខ្លី (ជ័រ) ១ដើម, កាតសម្គាល់អាវុធខ្លី ១សន្លឹក, វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា ១គ្រឿង, ឯកសណ្ឋាននគរបាល ២កំប្លេ និង​អាវ​១, មួកនគរ​បាល​១, អាវក្រោះ​១ មាន​ផ្លាកសញ្ញា​គ្រឿង​ញៀន, អាវកាក់​១ មានផ្លាកសញ្ញាគ្រឿងញៀន, កាត​នគរបាលក្លែងក្លាយ​ ចំនួន៣សន្លឹក, កាត​សារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក, ឧបករណ៍តេស្តទឹកមូតរកសារធាតុញៀន​១តេស្ត និងកាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក (ក៧ ក៥) ជាដើម។

បន្ថែមពីនេះ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ បានបញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់នោះ​ទៅតុលាការព្រឹកថ្ងៃនេះ ដើម្បីចាត់វិធានការច្បាប់បន្ត ខណៈមនុស្សពាក់ព័ន្ធយ៉ាងតិច៤នាក់ទៀត សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបញ្ជូនទៅតុលាការផងដែរ។

លោកមានប្រសាសន៍ថា៖ «បញ្ជូនហើយ បានបញ្ជូនទៅព្រះរាជអាជ្ញា សំណុំរឿងនៅដំណាក់កាលព្រះរាជអាជ្ញានៅឡើយ។ ដំណាក់កាលទីមួយ យើងចោទពីបទក្លែងជាសមត្ថកិច្ច មិនត្រឹមក្លែងទេ ពួកវាធ្វើសកម្មភាពជំរិតទារប្រាក់ ហើយវាចូលបទគំរាមទារប្រាក់មួយទៀត។ ហើយ[សមត្ថកិច្ច]កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តទៀតដែរ»។ 

លោក ម៉ក់ ជីតូ អំពាវនាវទៅប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានដែលសង្ស័យលើមនុស្សពាក់ឯកសណ្ឋានបន្លំខ្លួនធ្វើជាមន្ត្រីនគរបាលឬមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរាយការណ៍ទៅអង្គភាពសាម៉ី ដើម្បីចុះស្រាវជ្រាវថាតើ​​ពួកគេជាមន្ត្រីពិតប្រាកដ ឬក្លែងបន្លំ ឬមានការបញ្ជាពីថ្នាក់លើ​ឱ្យចុះបង្ក្រាបជនល្មើសតាមមូលដ្ឋានដែរឬយ៉ាងណា នោះ​ទើបអាច​ទប់ស្កាត់​បញ្ហាប្រឈមនានា​បានផលវិជ្ជមាន និងកុំឱ្យប៉ះពាល់ដល់មុខមាត់អង្គភាពសាម៉ី ជាដើម។

ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល សុំមិនធ្វើការបកស្រាយជុំវិញក​រណីនេះ ដោយលោកតម្រូវឱ្យអ្នកសារព័ត៌មានមុននឹងសម្ភាសរូបលោក ​ត្រូវយកកាតអ្នក​សារព័ត៌មាន​​ដែលចេញដោយ​​ក្រសួងព័ត៌មាន ​ទៅបង្ហាញរូបលោក​​​ជាមុនសិន ទើបលោក​ផ្តល់​ព័ត៌​មាន​​ជូន​។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តុលាការត្រូវធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយលើអំពើល្មើសដែលកើតឡើង ហើយ​ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើជនដែលប្រព្រឹត្ត ដើម្បីជាគំរូនិងចៀសវាង​កុំឱ្យរឿងបែប​នេះកើតឡើងបន្តទៀតនៅថ្ងៃខាងមុខ។

លោក​ជំរុញដូច្នេះថា​៖ «ករណីនេះ តុលាការត្រូវតែអនុវត្តតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ត្រូវតែពិចារណា​ទៅ​លើអង្គ​ហេតុ អង្គច្បាប់ដែលបានកើតឡើងហ្នឹង។ ហើយត្រូវ​ផ្តន្ទាទោស ដើម្បីជាគំរូ កុំឱ្យអ្នកក្រោយយកគំរូតាម ដែលធ្វើឱ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈឬក៏ផលប្រយោជន៍ប្រជាពលរដ្ឋ»។

របាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ​​ឱ្យដឹងថា ក្នុងឆ្នាំ២០២០ សមត្ថកិច្ច​ជំនាញ​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​១ម៉ឺន​ករណី ក្នុង​នោះបាន​ចាប់ខ្លួន​មនុស្ស​ជាង២ម៉ឺន​នាក់ និង​គ្រឿងញៀនចំនួន៣ ១៨៩គីឡូក្រាម ​​និងសារធាតុគីមីផ្សំចំនួន៥ ០២៥គីឡូក្រាម។ ​​ចំនួន​នេះបានបង្ហាញពីការកើនឡើងប្រមាណ៤ដងនៃគ្រឿងញៀនដែលរឹបអូសបាន និងកើនឡើងប្រមាណ៥ភាគរយនៃចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន បើធៀបនឹងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ