សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​គ្រប់គ្រង​ចំណូល​ពី​រ៉ែ​មាស​ដោយ​តម្លា​ភាព​និង​គ្មាន​អំពើ​ពុក​​រលួយ​

សំណាករ៉ែមាសក្រោយជីកយកបាននិងចម្រាញ់ដោយក្រុមហ៊ុន Renaissance Minerals ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក៖ Australian Embassy, Cambodia)

មន្ត្រីអង្គការសង្គមស៊ីវិល បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងចំណូលថវិកាដែលបានមកពីការចម្រាញ់រ៉ែមាសប្រកបដោយតម្លាភាពនិងគ្មាន​អំពើពុក​រលួយ ខណៈកម្ពុជាទើបសម្ពោធ​រោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងកាលពីថ្ងៃម្សិលមិញ។

ប្រធានអង្គការតម្លាភាពកម្ពុជា (TI) លោក ប៉ិច ពិសី បានប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា លោក​មានការព្រួយបារម្ភខ្លាំងចំពោះការគ្រប់គ្រងចំណូលនិងការប្រើប្រាស់ចំណូលដែលបានមកពីធនធានរ៉ែមាសជាលើកដំបូងនៅកម្ពុជានេះ។

លោក​បានថ្លែងយ៉ាងដូច្នេះថា៖ «ចំណុចនេះ គឺជាចំណុចដែលយើងព្រួយបារម្ភជាង​គេ ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​ហ្នឹង! បើសិនជារដ្ឋាភិបាលយើងមានការផ្តល់សេវាល្អ ធ្វើយ៉ាងណាលុប​បំបាត់​អំពើពុករលួយនៅក្នុងវិស័យសាធារណៈហ្នឹង​បាន ជាពិសេសការគ្រប់គ្រងថវិកាជាតិហ្នឹងឱ្យប្រសើរ យើងអាចធានាបាននូវការគ្រប់គ្រងចំណូលដែលចេញពីមាសហ្នឹង។ ផ្ទុយទៅវិញ បើយើងធ្វើមិនស្រួលទេ លុយហ្នឹងវាបាត់បង់ អ៊ីចឹងប្រយោជន៍សាធារណៈនឹងបាត់​បង់»។

កាលពីថ្ងៃទី២១ ខែមិថុនា រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនអូស្ត្រាលី Renaissance Minerals (Cambodia) Limited បានសម្ពោធរោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូង ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ពីបានចំណាយអស់រយៈពេលជិត១៤ឆ្នាំក្នុងការសិក្សាស្រាវជ្រាវ។

រោងចក្រចម្រាញ់រ៉ែមាសលើកដំបូងនៅកម្ពុជានេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត២​លានតោនក្នុងមួយឆ្នាំ និងអាចចម្រាញ់ចេញជាដុំមាសកម្រិត៩០ភាគរយ ដែលអាចទាញចំណូល​ប្រមាណ១៨៥​លានដុល្លារសហរដ្ឋអាមេរិកក្នុង​មួយ​​​ឆ្នាំ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជាក៏អាចទទួលបានចំណូលសម្រាប់ថវិកាជាតិពីសួយសារនិងសារពើពន្ធផ្ទាល់ប្រមាណ៤០​លានដុល្លារសហរដ្ឋអាមេរិក​ក្នុងមួយឆ្នាំ។

ចំណែកស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២១ ខែមិថុនា​ដែរថា រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថា គម្រោងនេះនឹងបង្កើត​ចំណូល​ពន្ធនិងសួយសារប្រមាណជាង៣០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ឆ្នាំ ដែលនឹងផ្តល់ថវិកាចាំបាច់សម្រាប់សេវាកម្មសាធារណៈ និងជួយកាត់បន្ថយនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារតែជំងឺកូវីដ-១៩។

វីអូឌី មិនអាចទាក់ទងសុំការពន្យល់ជុំវិញការគ្រប់គ្រងចំណូលដែលបានមកពីវិស័យរ៉ែមាស​នេះ ពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាននៅឡើយទេ ដោយសារលោកកំពុងជាប់ប្រជុំ។

យ៉ាងណាក្តី លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានធានាអះអាងថា រដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់ចំណូលនេះ ដើម្បីអភិវឌ្ឍប្រទេស ដោយមិនអនុញ្ញាតឱ្យបុគ្គលណាមួយយកផលពីប្រទេសជាតិនេះមកបម្រើកិច្ចការផ្ទាល់ខ្លួននោះទេ។

លោក ផៃ ស៊ីផាន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលអត់អួតទេ ក៏ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាលឬអង្គការផ្សេងទៀតហ្នឹង តែងតែបង្ហាញភាពបារម្ភចំពោះមារយាទ ចំពោះ​អំពើពុករលួយរបស់រដ្ឋាភិបាល ក៏ប៉ុន្តែអ្វីដែលខ្ញុំអាចអះអាងជម្រាបជូន យើងមើលឃើញ គឺពន្ធអាករនិងពន្ធដាររបស់យើង! តើយើងឃើញមានកំណើនទេពីមួយឆ្នាំទៅមួយឆ្នាំ? អាហ្នឹងជាសក្ខីភាពមួយចង់បង្ហាញថា រាជរដ្ឋាភិបាលយល់ច្បាស់ណាស់អំពីថាតើធ្វើយ៉ាង​ដូចម្តេចដើម្បីឱ្យសង្គមហ្នឹងមានការរីកចម្រើន ហើយចំណូលដែលបានមកពីខាងហ្នឹង​មក គឺស្ថិតនៅក្នុងចំណូលថវិកាជាតិក្នុងការអភិវឌ្ឍប្រទេស»។

បើតាមការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ ស្តីពីសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២០ ដែលចេញផ្សាយកាលពីខែមករា ឆ្នាំ២០២​១ គឺកម្ពុជាស្ថិតនៅលេខរៀងទី​១៦០ ក្នុងចំណោម​១៨០​ប្រទេសនិងដែនដីដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។ លទ្ធផលនេះបង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតនៅក្នុងស្ថានភាព​មិនទាន់ល្អប្រសើរនៅ​ឡើយ។

ការប្រកាសពីការទទួលបានចំណូលពីរ៉ែមាសជាលើកដំបូងរបស់កម្ពុជានេះ គឺនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីក្តីរំពឹងការទទួលបានចំណូលពីវិស័យប្រេងជាលើកដំបូងរបស់កម្ពុជាបានអាក់ខាន បន្ទាប់ពីក្រុមហ៊ុនផលិតប្រេង គ្រី​ស​អែ​ណឺ​ជី​ (Kr​is​ Energy​) បានប្រកាសក្ស័យធនដោយសារតែបំណុល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ