បទ​វិភាគ​៖​ តើ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ជា​បន្ត​បន្ទាប់​ ចំណេញ​ឬ​ខាត​សម្រាប់​ជាតិ?

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

​ការបង្ហូរទឹកស្អុយចូលសមុទ្រឬ​ទន្លេ ​ការ​ចាក់ដីលុបបឹង ទន្លេ សមុទ្រ ការ​បូមខ្សាច់​យ៉ាងអនា​ធិប​តេយ្យ ដែល​ធ្វើឱ្យប៉ះពាល់​បរិស្ថានឬបាក់ច្រាំងទន្លេ ការសាងសង់សណ្ឋាគាររំលោភដីឆ្នេរសមុទ្ ការទន្ទ្រានដីព្រៃកោងកាង ការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារ បញ្ហាអំពើពុករលួយ បញ្ហាសំរាម ជាដើម ដែល​​បញ្ហាទាំង​នេះ មាន​យុវជនតិចតួចណាស់ហ៊ានចេញមុខនិយាយការពិតឬរិះគន់ ដើម្បីឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយសម្រាប់ជាប្រយោជន៍ជាតិទៅថ្ងៃអនាគត។

យ៉ាងនេះ​ក្តី សកម្មជនស្រឡាញ់​បរិស្ថាន​ដែលហ៊ាននិយាយការពិតទាំងនោះមានវាសនាមិនសូវល្អប៉ុន្មានឡើយ ដោយពួកគេជាច្រើនត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយ​តុលាការ​ចោទប្រកាន់​ពួកគេពីបទ«ញុះញង់» ឬ «រួមគំនិតក្បត់ជាតិ» ដោយសារតែភាពក្លាហានលើការងារការពារបរិស្ថានរបស់ពួកគេ។  

ជាក់ស្តែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ​យុវជនមាតាធម្មជាតិ ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ដើមចមដែលនាំឱ្យមានការចាប់ខ្លួនអ្នកទាំង៣នាក់ ក្រោយពេលសមាជិករបស់ពួកគេម្នាក់​ប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឱ្យបញ្ឈប់ការចាក់ដីលុបបឹងទំនប់កប់ស្រូវ ឬ​បឹងតាមោក ដោយសារបឹងនេះជាបឹងធម្មជាតិធំជាងគេ និងនៅសេសសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ ខណៈបឹងនេះកំពុងរងការចាក់ដីលុបក្រោមគម្រោងអភិវឌ្ឍន៍ឥត​ស្រាកស្រាន្ត។ 

ដោយឡែក កាលពីថ្ងៃ​ទី១៦ ខែ​មិថុនា យុវជនបរិស្ថានមាតាធម្មជាតិ ចំនួន៤នាក់បន្ថែម​ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះ មាន​ម្នាក់​ត្រូវបានសមត្ថកិច្ចដោះលែងវិញ ប៉ុន្តែ៣នាក់ផ្សេង​ទៀត រួមមាន លោក លី ចាន់ដារ៉ាវុទ្ធ លោក ​យឹម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បានបញ្ជូន​ទៅ​តុលាការ។ កន្លងមក ​​​​តុលាការក៏​បាន​ចោទ​ប្រកាន់​​ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច (Alejandro Gonzalez Davidson) និងពួកគេទាំង៣នាក់នេះពីបទ «ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។ ​

សំណួរត្រង់ថា តើការចាប់ខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់នេះ វាបានផ្តល់ផលចំណេញឬខាតសម្រាប់ជាតិ? 

អ្នកស្រាវជ្រាវការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់ឃើញថា ការចាប់ចងនិងចោ​ទប្រកាន់​ទៅលើក្រុមយុវជនស្រឡាញ់​​បរិស្ថាន មាន​រូបភាព២​​កើតឡើង ដោយ​ទី១ ​ជា​ការ​បង្ក្រាប​ទៅលើសំឡេងរិះគន់លើបញ្ហារសើបរបស់រដ្ឋាភិបាលដែលមិនចង់ឱ្យសាធារណជនដឹង ប៉ុន្តែវាមិនបានផ្តល់ផលចំណេញទៅរដ្ឋាភិបាលទេ គឺ​​កាន់តែធ្វើឱ្យរដ្ឋាភិបាលមាន​កេរ្តិ៍ឈ្មោះអាស្រូវ​ថែមទៀត។ 

លោកមានប្រសាសន៍ថា៖ «អាចជាកាំបិតមុខពីរ វាអាចធ្វើឱ្យភ័យខ្លាចក្នុងចំណោមយុវជន ប៉ុន្តែវាក៏មិនបានជួយស្តារនូវប្រជាប្រិយភាពរបស់រដ្ឋាភិបាលផងដែរ ប្រសិនបើមានការរឹតត្បិតដល់សេរីភាពឬសកម្មភាពការពារបរិស្ថាន​។ ប៉ុន្តែរដ្ឋាភិបាលនៅតែគ្មានសមត្ថភាពក្នុងការការពារធនធានធម្មជាតិនិងបរិស្ថាន។ អាចជាកាំបិតមុខពីរ ជាការបង្ក្រាបបំបាត់សំឡេងផង ហើយក៏អាចធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលកាន់តែមានរូបភាពអាក្រក់ថែមទៀត»។ 

​ការចាប់ខ្លួននិងចោទប្រកាន់ទៅលើក្រុមសកម្មជនបរិស្ថានទាំងនេះ ហាក់បង្ហាញភាពខុសគ្នាចំពោះអ្វីដែលរដ្ឋាភិបាលធ្លាប់ប្រកាសកន្លងមក ដោយជំរុញឱ្យមានការចូលរួមការពារបរិស្ថានទាំងអស់គ្នា។  

ជាក់ស្តែង ក្នុងវេទិកា​មួយស្តីពី «ការការពារនិងអភិរក្សធនធានធម្មជាតិ» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ជាក់ថា លោកត្រូវការប្រជាពលរដ្ឋចូល​រួម ហើយ​លោកត្រូវការ​ស្តាប់​ពាក្យ​ពិតចំពោះកិច្ច​ការ​ពារ​បរិស្ថាននិង​ធនធានធម្មជាតិនៅកម្ពុជា។ ក្នុង​ឱកាសនោះ លោកថែមទាំង​បាន​បញ្ជាមិន​​ឱ្យ​​អាជ្ញាធរ​រារាំងនូវរាល់​យុទ្ធនាការនានារបស់សកម្មជនបរិស្ថានទៀត​ផង។

ផ្ទុយស្រឡះអ្វី​ដែលប្រមុខរដ្ឋាភិបាលចង់​បាន ​សកម្មជនបរិស្ថាន ប្រជាសហគមន៍មូលដ្ឋាន ត្រូវបានអាជ្ញាធរ​រារាំងមិនឱ្យចូលល្បាតព្រៃតំបន់«ព្រៃឡង់»ទៀតឡើយ ចាប់តាំងពីដើមឆ្នាំ២០២០​មក ក្រោមហេតុផលថា​ ពួកគេធ្វើការងារខុសច្បាប់។ មិនតែប៉ុណ្ណោះ មានប្រជាសហគមន៍មួយចំនួនត្រូវបានអាជ្ញាធរហៅទៅធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការងារ​ការពារធនធានធម្មជាតិរបស់ខ្លួន ឬដាក់ពាក្យប្តឹងពួកគេ និងខ្លះទៀតត្រូវបានចាប់ឃុំខ្លួនដោយសារចូលទៅតំបន់ព្រៃការពារមួយ​នេះទៀ​ត​ផង។ 

​ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ​Patrick Murphy ​ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង កាលពីថ្ងៃទី៨ ខែមិថុនា សហរដ្ឋ​អាមេរិកបានអំពាវនាវ​​​ឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង​សកម្មជន​បរិស្ថានដែលកំពុងជាប់ឃុំ ដោយលើកឡើងថា៖

«ការហ៊ាននិយាយដើម្បីការពារបរិស្ថានដែលប្រ​ឈ​មនឹ​ងការគំរាមកំហែង ដោយ​សារ​ការកាប់ឈើខុសច្បាប់និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ»

អាមេរិកថា ការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋានអាចជួយធានានូវអនាគតមួយដែលប្រកប​ដោយ​សុខសន្តិភាព វិបុលភាព អធិបតេយ្យ និងប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជា។

យ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនបានឆ្លើយតបចំពោះការស្នើសុំនេះទេ ប៉ុន្តែរដ្ឋាភិបាល​​ត្រូវបានគេមើលឃើញថា កំពុងបន្តបង្ក្រាបទៅលើសំឡេងអ្នកការពារបរិស្ថាន​បន្ថែមទៀត តាមរយៈការចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិ និងចោទប្រកាន់ពួកគេទាំង៣នាក់កាលពីពេលថ្មីៗនេះ។ 

លោកបណ្ឌិត មាស នី យល់ឃើញថា ការចោទប្រកាន់យុវជនបរិស្ថាន កាលពីថ្ងៃទី២១ ខែមិថុនា ពីបទ«រួមគំនិតក្បត់ជាតិ»នោះ ជារឿងអយុត្តិធម៌ ខណៈបញ្ហាបរិស្ថាននេះបានក្លាយជារឿងក្តៅរបស់រដ្ឋាភិបាល ស្របពេល​ការការពារធនធានធម្មជាតិពីសំណាក់រដ្ឋាភិបាលកន្លងមក ត្រូវបានគេមើលឃើញថា​បរាជ័យ។ 

លោក​បន្ថែមថា៖ «សម្រាប់ខ្ញុំៗនៅតែមើលឃើញពីភាពអយុត្តិធម៌សម្រាប់ក្រុមអ្នកការពារបរិស្ថាន ដែលការចោទនេះហាក់ដូចជាធ្ងន់ធ្ងរពេក ដែលយើងមិនដឹងថាច្បាប់អីអះអាងទៅលើចំណុចណាមួយ យើងអត់ដឹង! ប៉ុន្តែខ្ញុំមើលទៅហាក់ដូចជាចូលទៅក្នុងមាត្រា៤ ដែលថា អ្នកបំផ្លាញរួចខ្លួនទៅ ប៉ុន្តែវាមកជាប់ទោសជាប់កុនៗអ្នកការពារហ្នឹងណា»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការចាប់ខ្លួននិងចោទប្រកាន់ទៅលើសកម្មជនបរិស្ថាន គឺ​គ្មានអ្វីចំណេញដល់ជាតិឡើយ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់​ដល់មុខមាត់​រដ្ឋាភិបាលលើឆាកជាតិនិងអន្តរជាតិ ចំពោះការបំបិទសិទ្ធិសេរីភាព​បញ្ចេញ​មតិ និងបង្ក្រាបសំឡេងអ្នកការពារបរិស្ថាន​ឥតស្រាកស្រាន្តនេះ។

លោកមានប្រសាសន៍ថា៖ «រឿងរ៉ាវនៃការរឹតត្បិត ចាប់ខ្លួន ចោទប្រកាន់អីផ្សេងៗ គំរាមកំហែងអីផ្សេងៗ គឺជាតឹកតាងដែលគេយកមកបញ្ជាក់​ច្បាស់ហើយ ទើបគេមានកិច្ចអន្តរាគមន៍ឬដាក់សម្ពាធអីផ្សេងៗកន្លងមកជាបន្តបន្ទាប់ហ្នឹង។ ហើយយើងមានការព្រួយបារម្ភ ដែលថាបញ្ហាហ្នឹង [ចាប់ខ្លួននិងចោទប្រកាន់សកម្មជនបរិស្ថាន] អាចនឹងធ្វើឱ្យបណ្តាប្រទេសលោកសេរីគេមិនពេញចិត្ត ហើយអាចធ្វើឱ្យមានសម្ពាធផ្សេងៗបន្តបន្ទាប់មកទៀត។ អាហ្នឹងជាក្តីបារម្ភដែលយើងគិតឃើញថា ខាងមុខនឹងអាចកើតមាន»។ 

មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជន​កម្ពុជា លោក សាន់ ម៉ាឡា យល់ឃើញថា ការចាប់ខ្លួនក្រុមយុវជនបរិស្ថានកាន់តែច្រើនថែមទៀតនារយៈពេលចុងក្រោយនេះ បង្ហាញថា​ សកម្មជនបរិស្ថានបានក្លាយទៅជាគោលដៅថ្មីមួយទៀតក្នុងការបង្ក្រាប ដើម្បីបំបាត់សំឡេងអ្នកដែលហ៊ានរិះគន់លើបញ្ហាបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។ 

លោក សាន់ ម៉ាឡា បន្តថា ការចាប់ចងសកម្មជនបរិស្ថានជាបន្តបន្ទាប់នេះ នឹងមិនផ្តល់ផលចំណេញអ្វីឡើយ​ដល់រដ្ឋាភិបាល។ ផ្ទុយទៅវិញ នឹងធ្វើឱ្យមុខមាត់របស់រដ្ឋាភិបាលកាន់តែអាក្រក់​បន្ថែម​ទៀត។

លោក​និយាយថា៖ «បច្ចុប្បន្ន​ រដ្ឋាភិបាលកំពុងរងការរិះគន់ខ្លាំងពីមតិសាធារណជន ក៏ដូចសហគមន៍​អន្តរជាតិ ទៅលើបញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងបរិស្ថាន។ ដូច្នេះ​ ដើម្បីឱ្យកម្ពុជាលុបលាងមុខមាត់និងស្តារនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ រដ្ឋាភិបាលគួរបន្ទន់ឥរិយាបថ ធ្វើការសម្របសម្រួល សណ្តោសប្រណី ដល់អ្នកដែលធ្វើការងារដើម្បីសង្គមជាតិរបស់យើង​​»។  

​​សម្រាប់អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់ថា ការចាប់ខ្លួននិង​ចោទប្រកាន់ទៅលើសកម្មជនបរិស្ថាន ពុំមែនជារឿងថ្មីនោះទេ។ បញ្ហានេះ លោកថា ទាម​ទារ​ឱ្យ​មាន​ការពិនិត្យទៅលើប្រព័ន្ធច្បាប់ទាំងមូលនិងបទចោទប្រកាន់ទាំងនោះឡើងវិញ ព្រោះ​ការ​ដោះស្រាយតាមរបៀបតុលាការបច្ចុប្បន្ននេះ គ្មានយុត្តិធម៌ឡើយ។ 

លោក​បន្តថា៖ «គេត្រូវពិនិត្យមើលរឿងច្បាប់ហ្នឹង! បទចោទប្រកាន់ហ្នឹង! ហើយនិងពិនិត្យមើលតុលាការ ការអនុវត្តច្បាប់ហ្នឹង! តុលាការហ្នឹងឯករាជ្យអត់ទេ? អត់លម្អៀងអត់ទេ? ហើយរកការពិតជាក់ស្តែងអត់ទេ? ហើយច្បាប់ហ្នឹងមានធម្មនុញ្ញភាពអត់ដែលយកមកចោទប្រកាន់គេហ្នឹង? ហើយដោះស្រាយតាមរយៈសព្វថ្ងៃនេះ អត់បានការអីទេ! ព្រោះតុលាការអ៊ីចឹងអត់ឯករាជ្យ ហើយច្បាប់នោះគឺអធម្មនុញ្ញភាព បទចោទប្រកាន់ហ្នឹង»។ 

លោកបណ្ឌិត មាស នី ផ្តល់អនុសាសន៍​ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ​គឺធ្វើយ៉ាងណាផ្តល់នូវ​ឯករាជ្យភាព​ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ លោកថា ប្រសិនបើប្រព័ន្ធយុត្តិធម៌មិនបានផ្តល់​យុត្តិធម៌ជូនពលរដ្ឋគ្រប់រូបដោយស្មើភាពគ្នាទេ សង្គមមួយនេះនឹងកាន់តែស្មុគ​ស្មាញ​បន្ថែមទៀត ដោយ​អ្នកធំ​ឬអ្នកមានអំណាចនៅតែឈ្នះ ហើយអ្នករងគ្រោះគឺជាអ្នកទន់ខ្សោយ។ 

លោកមើលឃើញថា សង្គមបែបនេះនឹងមិនអាចមានស្ថិរភាពយូរអង្វែងឡើយ ដោយនឹងអាចធ្លាក់ទៅក្នុងវិបត្តិសង្គមឬ​នយោបាយនៅពេលណាមួយដោយចៀសមិនរួច៕


អត្ថបទទាក់ទង

ទិដ្ឋភាពថតពីលើអាកាសនៅដែនជម្រកព្រៃអភិរក្សមួយកន្លែងរបស់កម្ពុជា។ (ហ្វេសប៊ុក៖ Ministry of Environment)

កម្ពុជា​មាន​មោទកភាព​ដែល​មាន​ព្រៃឈើ​ច្រើន​

អ្នកនេសាទមួយរូបបើកទូករបស់គាត់ នៅតំបន់ជ្រោយចង្វារនៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ (Michael Dickison)

របាយ​ការណ៍ WWF បង្ហាញ​ថា​​ត្រី​​ទឹក​សាប​​មួយ​ចំនួន​​ដែល​​ជា​​ប្រភេទ​​ជិត​​ផុត​ពូជ​​នៅ​តែ​​រង​​ការ​​គំរាម​កំហែង​​ខ្លាំង​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ