សិស្ស​និស្សិត​ខ្លះ​ប្រឈម​បោះបង់​ចោល​ការ​សិក្សា​ ខណៈ​ជំងឺ​កូវីដ-១៩​នៅ​តែ​បន្ត​អូស​បន្លាយ​

វិទ្យាល័យទួលស្វាយព្រៃ នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ភ្នំពេញ៖ ស្របពេលជំងឺកូវីដ-១៩កើនឡើងជាបន្ទាប់ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ក៏បានបន្តបិទទ្វារដោយមិនកំណត់។ ការអូសបន្លាយនៃជំងឺកូវីដ-១៩រយៈពេលជិត២ឆ្នាំមកនេះ បានធ្វើឱ្យសិស្សនិស្សិតមានការលំបាកក្នុងការសិក្សាណាស់ ពិសេសគឺសិស្សត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងនិស្សិតនៅសាកលវិទ្យាល័យនានា។ និស្សិតមួយចំនួនត្រូវព្យួរការសិក្សា ខ្លះឈប់រៀន និងបន្តការសិក្សាតាមរយៈប្រព័ន្ធអ៊ិនធឺណិតទាំងត្រដាបត្រដួស។ ទន្ទឹមនេះដែរ ក៏ឃើញមានការត្អូញត្អែររបស់សិស្សនិស្សិត ព្រមទាំងមាតាបិតាមានការខកចិត្តលើការសិក្សារបស់កូនៗនៅតាមប្រព័ន្ធអេឡិចត្រូនិចនេះ។

យុវជន ជា ដារ៉ូ ជាសិស្សរៀននៅថ្នាក់ទី១២ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ការរៀនអនឡាញវាអាចជារឿងពិបាកសម្រាប់សិស្សទាំងអស់គ្នា ប៉ុន្តែបើយើងចេះបែងចែកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់រៀន ពិតជាល្អដល់ការសិក្សា។

យុវសិស្សរូបនេះបានបន្តថា៖ «ការរៀនអនឡាញ គឺយើងត្រូវផ្ដោតអារម្មណ៍ស្ដាប់គ្រូពន្យល់ ក៏ដូចជាមើលគ្រូបង្រៀនឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យយើងពិបាកក្នុងការយល់ខ្លឹមសារមេរៀន ព្រោះយើងគ្មានពេលវេលាសួរគ្រូបានគ្រប់គ្រាន់ដូចដែលយើងរៀនរដ្ឋនោះទេ។ គ្រាន់តែជួនកាលជួបបញ្ហាខ្លះហ្នឹង ត្រូវចំណាយច្រើនទៅលើការបញ្ចូលលុយកាតទូរសព្ទតែប៉ុណ្ណោះ ហើយប្រសិនបើយើងមិនយកចិត្តទុកដាក់ក្នុងការរៀនតាមអនឡាញនោះ ការសិក្សាយើងនឹងមិនទទួលបានលទ្ធផលល្អឡើយ»។

ចំណែកយុវជន ឈឹម វិច្ឆិកា ជាសិស្សរៀនថ្នាក់ទី១១C2 នៅវិទ្យាល័យបណ្ដុះបណ្ដាលចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន និយាយថា នៅពេលរៀនតាមអនឡាញ ការសិក្សារបស់ខ្លួនហាក់ចុះខ្សោយជាងមុន ដោយពេលខ្លះរៀនបានតែមួយភ្លែតៗ ជួនកាលពេលកំពុងរៀនត្រូវអ្នកផ្ទះប្រើឱ្យធ្វើនេះធ្វើនោះផ្សេងៗ ជាដើម។

យុវសិស្សរូបនេះបន្តថា៖ «ពេលខ្លះគ្រូមិនសូវបានបង្រៀន គឺរៀនបានតែ៤មុខវិជ្ជា ឯគ្រូមុខវិជ្ជាផ្សេងទៀតបាត់អត់ឃើញ។ និយាយរួមទៅ ការរៀនតាមប្រព័ន្ធអនឡាញ វាពិបាកណាស់ ខួរក្បាលពុំសូវចងចាំ ចុះខ្សោយជាងមុន។ ការសិក្សានៅសាលា គឺទទួលបានផលល្អច្រើនសម្រាប់សិស្ស ដោយលោកគ្រូអ្នកគ្រូបង្រៀនបានដិតដល់ ហើយការពន្យល់បានក្បោះក្បាយ ធ្វើឱ្យសិស្សងាយស្រួលរៀននិងយល់ពីមេរៀនបានច្បាស់ជាងការរៀនតាមអនឡាញ»។

យុវសិស្សរូបនេះបានលើកឡើងបន្ថែមទៀតថា ប្រសិនបើការរៀនតាមអនឡាញនៅតែបន្តពន្យារពេលទៀត ប្អូននិងសិស្សដទៃទៀតប្រហែលមិនអាចបន្តរៀនរហូតដល់ចប់ការសិក្សានោះទេ។

យុវសិស្ស ឈឹម​ វិច្ឆិកា បន្តថា៖ «ខ្ញុំមិនប្រាកដទេថា ខ្ញុំអាចរៀនអនឡាញរហូត មិនថាទាំងខ្ញុំនិងសិស្សដទៃទៀត ពេលខ្លះពុំសូវចូលរៀនបានដិតដល់ ដោយសារតែម្នាក់ៗឆ្លៀតពេលរវល់ជួយកិច្ចការឪពុកម្ដាយរៀងៗខ្លួន។ បើសិនជាការសិក្សាតាមអនឡាញវានៅតែបន្តរហូត សិស្សមួយចំនួនតូចអាចសម្រេចចិត្តបញ្ឈប់ការសិក្សាដោយខ្លួនឯង ចំណែកអ្នកខ្លះទៀតឆ្លៀតទៅធ្វើការរហូតលែងនឹកនាដល់ការសិក្សា។ [ខ្ញុំ]សង្ឃឹមថា ក្រសួងនឹងបើកសាលាឆាប់ៗនេះចុះ»។



រីឯកញ្ញា រឿង គឹមសៀង ជានិស្សិតឆ្នាំទី៣ នៅដេប៉ាតឺម៉ង់ភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ការរៀនតាមប្រព័ន្ធអនឡាញនេះ គឺមានទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន។

កញ្ញាបានថ្លែងថា៖ «ចំណុចវិជ្ជមាននៃការរៀនអនឡាញនេះ គឺវាងាយស្រួលនិងចំណេញពេលវេលា ដោយយើងអាចឆ្លៀតពេលធ្វើអ្វីផ្សេងទៀតបាន តែវាក៏មានចំណុចអវិជ្ជមានមួយចំនួនដែរ ដូចជា សម្រាប់សិស្សមធ្យមឬខ្សោយ អាចរៀនអត់សូវទាន់ និងពិបាកយល់ខ្លឹមសារមេរៀន។ ចំពោះតម្លៃការសិក្សាវិញ គឺចំណាយច្រើនជាងមុន ជាពិសេសចំណាយច្រើនលើកាតទូរសព្ទ ហើយជួនកាលទៀតប្រព័ន្ធអ៊ីនធឺណិតមានការរអាក់រអួលដែលធ្វើឱ្យពិបាកដល់ការរៀនសូត្រ»។

លោក​ យី គឹមថាន ប្រធានអង្គការភ្លែនអន្តរជាតិ មានប្រសាសន៍មកកាន់ វីអូឌី ថា៖ «យើងឃើញថា នៅក្នុងបរិបទកូវីដ-១៩នេះ សាលាបានបិទ​ អ៊ីចឹងកម្មវិធីពីក្រសួងអប់រំភាគច្រើនគឺរៀនតាមប្រព័ន្ធអនឡាញ ហើយក្នុងនោះមានកម្មវិធីសិក្សាផ្សេងៗដែលចាក់តាមទូរទស្សន៍ឬតាមប្រព័ន្ធអនឡាញផ្សេងៗ។ យើងឃើញថា កុមារជាច្រើនគាត់ចំណាយពេលយូរមែនទែន ដោយតាមការមើល ការសិក្សាតាមស្មាតហ្វូន[ឬ]កុំព្យូទ័រ ដែលធ្វើឱ្យពួកគាត់មានការថប់អារម្មណ៍ឬមានការធុញថប់ ព្រោះពួកគាត់មិនមានការលំហែកាយ មិនមានម៉ោងសម្រាកសម្រាប់លេងជាមួយមិត្តភក្តិ ដែលខុសពីរៀននៅសាលាមានម៉ោងសម្រាកនិងបានលេងជាមួយមិត្តរួមថ្នាក់»។

លោកនិយាយថា៖ «រៀនអនឡាញ ទោះបីជាមានម៉ោងសម្រាក ក៏ពួកគាត់មិនមានគ្នាលេងដែរ ដោយសារមានការរឹតត្បិត ពិសេសគឺឪពុកម្តាយក៏មានការរឹតត្បិតមិនឱ្យកូនគាត់ចេញក្រៅសម្រាប់ដើរលេង ព្រោះពួកគាត់ខ្លាចឆ្លងកូវីដ។ នេះបើតាមរយៈការសង្កេតនិងទទួលព័ត៌មានពីអង្គការដៃគូមួយចំនួនដែលធ្វើការជាមួយអង្គការភ្លែន»។

លោក សុខ ឈន ជាគ្រូបង្រៀនដេប៉ាត់ដឺម៉ង់សូរវិទ្យានិងន័យវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា៖ «ការសិក្សាតាមប្រព័ន្ធអនឡាញមានចំណុចវិជ្ជមាននិងអវិជ្ជមាន។​ ចំណុចវិជ្ជមាន មានន័យថា ទោះបីមានបញ្ហាកើតឡើង យើងនៅតែប្រព្រឹត្តទៅបាន ប៉ុន្តែចំណុចអវិជ្ជមាន គឺវាមានភាពមិនរស់រវើកដូចក្នុងថ្នាក់។ យើងរៀនបានក្នុងកញ្ចក់កុំព្យូទ័រនិងទូរសព្ទ អ៊ីចឹងប្រសិនបើម៉ោងរាងអូសបន្លាយ គឺធ្វើឱ្យឆាប់ធុញ សិស្សគឺអាចលាក់បាំងគ្រូបាន ដោយសារអនឡាញមើលគ្នាមិនឃើញ វិន័យគឺសេរី»។

លោកបន្ថែមថា៖ «ការបង្រៀននិងបង្ហាញតាមអនឡាញ ការបង្ហាញងាយជាង ដោយសារមាន PowerPoint។ តែបើក្នុងថ្នាក់វិញ ការរៀនជាទូទៅយើងមិនសូវបានបង្ហាញជាស្លាយ ជា PowerPoint ញឹកញាប់ទេ ដោយសារឧបករណ៍ខ្វះ។ អ៊ីចឹងជារួមមក បើនិយាយពីគុណភាព ចំណេះដឹងដែលសិស្សទទួលបានគឺថាប្រហាក់ប្រហែលគ្នា។ យើងអាចវាស់វែងបានដោយសារយើងសួរសិស្ស ការធ្វើសំណួរ ឬការប្រឡងត្រីមាស​ ឆមាស ឃើញសិស្សឆ្លើយមកហូរហែប្រហែលក្នុងថ្នាក់ដែរ។ ហើយមួយទៀត ដោយសារភាពសម្បូរបែបនៃបច្ចេកវិទ្យា ទាំងឯកសារមេរៀន យើងអាចផ្ញើតាមតេឡេក្រាម Microsoft Team ពេលបង្ហាញ វាងាយដែរ»។

លោកនិយាយថា៖ «ប្រសិនបន្តបិទសាលា​ វាប៉ះពាល់ដល់ផ្លូវអារម្មណ៍សិស្សដែរ។ បើសិនយើងទៅសាលា សិស្សអាចរស់រវើកជាង ព្រោះបានឃើញគ្នា យើងហៅបរិយាកាសវាប្តូរជាង។ តែបើនៅអនឡាញ គាត់នៅតែឯង មើលតែកញ្ចក់កុំព្យូទ័រ ទូរសព្ទ វាធ្វើឱ្យអារម្មណ៍ធុញថប់ច្រើន នេះបើតាមស្តាប់សិស្សនិងរៀនជាក់ស្តែង»។

យ៉ាងណាក្តី លោក កែវ សារុន ជាអាណាព្យាបាលសិស្សមួយរូបរស់នៅទីក្រុងភ្នំពេញ លើកឡើងថា ការសិក្សារបស់កូនៗគាត់គឺមិនសូវទទួលបានគុណភាពពេញលេញនិងក្បោះក្បាយដូចការរៀននៅសាលាទេ ជាពិសេសការទទួលបានចំណេះដឹងពីការរៀនអនឡាញ គឺនៅមានកម្រិត។

លោក កែវ សារុន បាននិយាយថា៖ «ការរៀនតាមប្រព័ន្ធអនឡាញនេះពុំសូវទទួលបានគុណភាពដូចការរៀននៅតាមសាលាផ្ទាល់ទេ ប៉ុន្តែគ្មានជម្រើសណាដែលល្អជាងនេះក្នុងពេលដែលស្រុកទេសជួបវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះ ចង់ឬមិនចង់ មានតែឱ្យកូនរៀនជាជាងអត់បានរៀនសោះដែរ»។

លោកបន្ថែមថា៖ «ចាប់តាំងពីកូនៗរៀនតាមអនឡាញមក គឺជួបប្រទះនូវបញ្ហាមួយចំនួនដូចជា ការដាច់សេវាអ៊ិនធឺណិតពេលកំពុងរៀនជាដើម ហើយក្មេងៗអាចប្រឈមនឹងបញ្ហាភ្នែកផងដែរ ព្រោះខំសម្លឹងមេរៀននៅលើកញ្ចក់ទូរសព្ទជារៀងរាល់ថ្ងៃ រីឯតម្លៃលើការសិក្សាវិញ គឺមានចុះថ្លៃខ្លះនិងអត់ចុះខ្លះ»។

ជាមួយគ្នានេះដែរ អ្នកស្រី ហេង គីមស័ង ជាអាណាព្យាបាលសិស្សមួយរូបទៀត រស់នៅទីក្រុងភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ការរៀនសូត្ររបស់កូនៗគាត់គឺមិនសូវទទួលបានគុណភាពល្អដូចការរៀនផ្ទាល់នៅសាលាទេ អាចថាបានប្រហែល ៥០% តែប៉ុណ្ណោះ។ ហើយគាត់ត្រូវឆ្លៀតតាមដានការសិក្សា និងជួយបង្រៀនកូនៗបន្ថែមផងដែរ ព្រោះពួកគាត់នៅតូច ហើយពេលខ្លះកូនគាត់ឆ្លៀតលេងហ្គេមឬធ្វើអ្វីផ្សេងទៀតពេលកំពុងរៀន។

អ្នកស្រីនិយាយថា៖ «ការរៀនតាមអនឡាញនេះ គឺពុំសូវទទួលបានគុណភាពប៉ុន្មានទេ ហើយចំពោះតម្លៃសិក្សាវិញ គឺចុះថ្លៃតិចត្រឹមតែ ១៥% ឬ ២០ % ប៉ុណ្ណោះ។ រីឯការសិក្សាវិញ គឺជួបបញ្ហារអាក់រអួល Wi-Fi ធ្វើឱ្យកូនៗពិបាកចូលរៀន។ មួយទៀត គឺខ្ញុំបារម្ភពីសុខភាពភ្នែកកូនរបស់ខ្ញុំ និយាយទៅការរៀនតាមអនឡាញនេះ គឺវាមានទាំងចំណុចល្អនិងមិនល្អ»។

យ៉ាងណាក្តី ទាក់ទងករណីនេះ លោក រស់ សុវាចា ជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ វីអូឌី ថា គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនត្រូវបន្តការបង្រៀននិងរៀនពីចម្ងាយនិងតាមអនឡាញស្របតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញរួចហើយនូវសេចក្តីណែនាំស្ដីពីការបង្រៀននិងរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់គ្រឹះស្ថានបឋមសិក្សានិងមធ្យមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២០-២០២១។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្តីណែនាំស្ដីពីការបង្រៀននិងរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់គ្រឹះស្ថានសិក្សាឯកជនឆ្នាំសិក្សា២០២០-២០២១។

លោកមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងបរិបទកូវីដ-១៩ គោលបំណងធំ២សម្រាប់ការសិក្សា គឺឱ្យមានការរៀនសូត្រជាបន្ត និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩»។

យ៉ាងណាមិញ គេសង្កេតឃើញថា ការរៀនសូត្រតាមប្រព័ន្ធអនឡាញបានជះឥទ្ធិពលលើផ្លូវអារម្មណ៍ទៅកាន់សិស្សនិស្សិតមួយចំនួន ដោយពួកគាត់ពិបាកទទួលយក ព្រោះយល់ថា ការរៀននេះពុំសូវទទួលបានចំណេះដឹងពេញលេញដូចការរៀននៅសាលាផ្ទាល់ជាមួយលោកគ្រូ-អ្នកគ្រូ រហូតធ្វើឱ្យសិស្ស-និស្សិតមួយចំនួនបាក់ទឹកចិត្ត និងសម្រេចចិត្តបោះបង់ចោលការសិក្សាឬព្យួរការសិក្សា ជាដើម។

កាលពីថ្ងៃទី១៦ ខែមិថុនា អង្គការ UNICEF បានលើកឡើងថា ការបើកសាលារៀនឡើងវិញមិនអាចពន្យារពេលបន្តទៀតទេ។ អង្គការនេះបានលើកឡើងថា ក្នុងពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលមកដល់ឆ្នាំទីពីរ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុងសាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំងមូល ដែលពិបាកនឹងលើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។

អង្គការនេះបន្តថា ការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើន មិនត្រឹមតែមកលើការទទួលបានជំនាញរបស់កុមារនិងសក្តានុពលរបស់ពួកគេក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងលើសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ៕


ដោយ៖ មាស គឹមធួន និង សុន រស្មី


អត្ថបទទាក់ទង

រដ្ឋា​ភិបាល​ផ្ញើ​សារ​ឱ្យ​​អ្នក​ពាក់ព័ន្ធ​​បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​ក្រីក្រ​

សាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​ប្រមូល​កុមារ​ឱ្យ​បាន​ចូល​រៀន​គ្រប់ៗ​គ្នា​

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ