អាជ្ញាធរ​បញ្ជូន​មនុស្ស​៦​នាក់​ទៅ​តុលាការ​​ពាក់ព័ន្ធ​ការនាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​

សមត្ថកិច្ចស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានចាប់ឃាត់ខ្លួនពលករខ្មែរចំនួន៦នាក់ដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ក្នុងនោះប្រុស៥នាក់ និងស្រីម្នាក់ នៅបរិវេណចម្ការដំឡូង ក្រោយភូមិទ័ពសៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ដោយមានមេខ្យល់ជនជាតិខ្មែរជាអ្នកនាំផ្លូវ នាយប់រំលងអធ្រាត្រថ្ងៃទី២០ ឈានចូលព្រឹកថ្ងៃទី២១ មិថុនា ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

សមត្ថកិច្ច​​​ខេត្តបន្ទាយមានជ័យ បញ្ជូន​មេខ្យល់ចំនួន៦នាក់ទៅតុលាការ និងពលករ៦នាក់ផ្សេង​ទៀតបញ្ជូនទៅធ្វើចត្តាឡីស័ក ខណ:ដែលពួកគេបម្រុងឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។

ស្នងការរងទទួលបន្ទុកផ្នែកទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកស្រី ឌី សុជាតិ ប្រាប់ វីអូឌី នៅថ្ងៃអង្គារ​ថា​ កាលពីថ្ងៃទី២០ ខែមិថុនា ​កន្លងទៅ អាជ្ញាធរជំនាញ​បានសហការជាមួយអជ្ញាធរមូលដ្ឋាន ​ចុះបង្ក្រាប​មនុស្ស១២នាក់ដែលជា​មេខ្យល់ និងពលករ​ដែលបម្រុងឆ្លងដែនខុសច្បាប់ ស្ថិតនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកស្រីបន្តថា ក្នុងនោះ សមត្ថកិច្ចបានបញ្ជូនមេខ្យល់ចំនួន៦នាក់ទៅតុលាការកាលពីថ្ងៃចន្ទនិងអង្គារសប្ដាហ៍នេះ ដើម្បីចាត់វិធានការ​ច្បាប់ ហើយពលករចំនួន៦នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។

លោកស្រីមានប្រសាសន៍កាលពីម្សិលមិញថា៖ «យើងបញ្ជូនទៅ [តុលាការ៦នាក់] កាលពីថ្ងៃម្សិលមិញ រហូតមកដល់ថ្ងៃនេះមិនទាន់រួចចំនួន១២នាក់ទេ។ ហើយពេលនោះដូចជាពលករមានតែ៦នាក់ដែរទេ ចំពោះមេខ្យល់កំពុងចំណាត់ការតាមច្បាប់ អត់ទាន់សម្រេចយ៉ាងណាទេ ដោយសារមនុស្សច្រើន ដល់ច្រើនទៅ យើងសួរមិនទាន់ចប់»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា មានប្រសាសន៍ថា មូលហេតុ​ដែលប្រជាពលរដ្ឋ​សម្រេចចិត្តឆ្លងដែនតាមរយៈមេខ្យល់នោះ ដោយសារតែពួកគាត់គ្មានជម្រើសនិងមានបញ្ហាជីវភាព ទោះបីជាដឹងថាជួបបញ្ហាប្រឈមផ្លូវច្បាប់​និងជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ។ 

មន្ត្រីសង្គមស៊ីវិលរូបនេះក៏ស្នើដល់រាជរដ្ឋាភិបាលនិងបណ្ដាក្រសួងពាក់ព័ន្ធ គួរធ្វើយ៉ាងណាបង្កើនការងារក្នុងស្រុកឱ្យបានច្រើន ដែលមានប្រាក់ខែសមរម្យសម្រាប់ទ្រទ្រង់ជីវភាពពលរដ្ឋ ទើបអាចទប់ស្កាត់បញ្ហាឆ្លងដែនខុសច្បាប់នេះមានប្រសិទ្ធភាព។ 

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឌីថេ ហូយ៉ា  ធ្លាប់ប្រាប់ វីអូឌី ថា គិតត្រឹមរយៈពេល៦ខែដើមឆ្នាំ២០២១ សមត្ថកិច្ចថៃបានចាប់ឃាត់ខ្លួនពលករខ្មែរ​ជាង៥​០០នាក់ ក្នុងចំណោមជាង៣០ករណី ដោយ​ពួកគេម្នាក់ៗ​ត្រូវចំណាយលុយបង់ឱ្យមេខ្យល់​ប្រមាណពី៣ ០០០ ទៅ៤ ០០០​បាត ស្មើនឹ​ងជាង១០០ដុល្លារ។

លោក ហូយ៉ា បញ្ជាក់ទៀតថា កាលពីអំឡុងចុងខែឧសភា ពលករខ្មែរ១២នាក់ត្រូវបានតម្រួតថៃចាប់ខ្លួននៅតំបន់អូរជ្រៅ ស្រុកអារ៉ាញ់ប្រថេត ខេត្តស្រះកែវ និងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមគោលការណ៍ច្បាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មី ដែលអាចជាប់ពន្ធនាគារដ​ល់ពីរឆ្នាំ និងពិន័យប្រាក់ចំនួន៤០ ០០០បាត។

ដោយឡែក កាលពីថ្ងៃទី៥ ខែមិថុនា​ ពលករខ្មែរមួយក្រុមទៀតដែលមានគ្នា១៧នាក់ ក្នុងនោះ​ មានស្រី៧នា​ក់ បានឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ជាប់នឹងតំបន់តាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវដដែល ហើ​យត្រូវបា​នសមត្ថកិច្ចថៃចាប់ខ្លួននិងបញ្ជូនត្រឡប់មកកម្ពុជាវិញ។

តាមរបាយការណ៍​អង្គការ​សង់ត្រាល់​កន្លងមក ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់និង​មិន​ស្របច្បាប់មាន​ជាង១​លាន៨​សែន​នាក់​ ធ្វើ​ការ​នៅ​ប្រទេស​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ