រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​ លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ចំពោះ​មុខ​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបទទួលស្វាគមន៍លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងជំនួបពិភាក្សាការងារនិងទំនាក់ទំនងទ្វេភាគី នៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១៕ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស​នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក​ ប្រាក់ សុខុន នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​​ខ្លីមួយ​របស់ស្ថានទូតអង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ស្តីពី លទ្ធផល​នៃជំនួប​ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានឱ្យដឹងថា បញ្ហាសិទ្ធិ​មនុស្ស គឺជាប្រធានបទមួយក្នុងចំណោម​ប្រធានបទផ្សេងទៀតដែលរដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានលើកឡើង។ ប៉ុន្តែសេចក្តីប្រកាស​ខ្លីនេះមិនបានបញ្ជាក់ឱ្យពិស្តារឡើយ។

ស្ថានទូតអង់គ្លេសបានសរសេរក្នុងសេចក្តីប្រកាស​នោះ​ថា៖ «ថ្ងៃនេះ នៅប្រទេសកម្ពុជា រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab មានសេចក្តីរីករាយដែលបានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាងចក្រភពអង់គ្លេស និងឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអាទិភាពរួម ដែលរួមមាន ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញពីស្ថានភាពកូវីដ សិទ្ធិមនុស្ស និងអំពីប្រទេសមីយ៉ាន់ម៉ា»។

ស្ថានទូតបានសរសេរបន្តថា៖ «ចក្រភពអង់គ្លេសទន្ទឹងរង់ចាំក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជានាពេលខាងមុខ ក្នុងអំឡុងពេលប្រទេសកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ពុំអាចបញ្ជាក់បានភ្លាមៗជុំវិញជំនួបនេះទេ ដោយឱ្យ​​រង់ចាំសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

ចំណែកលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះ លោក ដូមីនិក រ៉ាអាប់ មិនបានលើកឡើងពីបញ្ហាការចាប់ខ្លួនយុវជនបរិស្ថានកាលពីថ្មីៗនេះទេ។ លោកថា លោក​ ដូមីនិក រ៉ាអាប់ គ្រាន់តែចង់ដឹងពីតម្រូវការរបស់កម្ពុជាដែលចង់ឱ្យ​ចក្រភព​អង់គ្លេសជួយ​ប៉ុណ្ណោះ។

លោក នេត្រ ភក្ត្រា បានប្រាប់ វីអូឌី ថា៖ «គាត់មក គាត់ថាមកក្នុងនាមជាមិត្តភក្តិ ជាដៃគូ ហើយគាត់ស្វែងយល់ពីតម្រូវការដែលកម្ពុជាត្រូវការ ហើយថាតើអ្វីដែលកម្ពុជាត្រូវការ»។

លោក ដូមីនិក រ៉ាអាប់ (Dominic Raab) គឺជារដ្ឋមន្ត្រីការបរទេសអង់គ្លេសទី១ ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់តាំងពីអង់គ្លេសបានបើកស្ថានទូតរបស់ខ្លួននៅកម្ពុជាជាថ្មី ចាប់តាំងពីឆ្នាំ១៩៩១មក។

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បានសរសេរសាអេឡិចត្រូនិច (Email) មួយ ទៅកាន់រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដោយជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ។

លោក ហ្វីល រ៉ូប៊ឺតសុន ក៏បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេស​ ស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជនបរិស្ថាននិង​អ្នកទោសនយោបាយប្រមាណជា៧០​នាក់​ពីពន្ធនាគារ​ផងដែរ។

គួរជម្រាបជូនថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅកម្ពុជានេះ រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងបានទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ផងដែរ មុននឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។

ដោយឡែក គម្រោងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានលុបចោលទៅវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពី៣ថ្ងៃមុនថា លោកត្រូវធ្វើចត្តាឡីស័កដោយសារពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ