HRW​ ជំរុញ​​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​​លើក​​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១៕ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) លើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២៣ ខែមិថុនានេះ។

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បានសរសេរសារអេឡិចត្រូនិច (Email) ទៅកាន់រដ្ឋមន្ត្រីការបរទេសអង់គ្លេស កាលពីថ្ងៃទី២២ មិថុនា ថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅកម្ពុជាពេលនេះ គឺធ្វើឡើងចំពេលដែលមានវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ហើយដែលភាគីអង់គ្លេសគួរតែរំលេចប្រធានបទនេះនៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោករដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍ចក្រភពអង់គ្លេស ដូមីនិក រ៉ាអាប់ (Dominic Raab) បានមកដល់រាជធានី​ភ្នំពេញ​កាលពីយប់មិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនានេះ។

ក្រសួងបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹង​មានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដោយផ្តោតលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់និងអន្តរជាតិ ជាប្រយោជន៍និងកង្វល់រួម។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏​មានជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយផ្តោតជាសំខាន់លើបញ្ហាការប្រែប្រួលអាកាសធាតុ និងរួមទាំងការទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។

ដោយឡែក គម្រោងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែមិថុនានេះ ត្រូវបានលុបចោលទៅវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពី៣ថ្ងៃមុនថា លោកត្រូវធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី៣ ខែកក្កដាខាងមុខ។

ទោះជាយ៉ាងនេះក្តី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេស​អង់គ្លេសរូបនេះលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងលំហលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យអាជ្ញាធររដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ និងដោះលែងដោយឥតលក្ខខណ្ឌ ចំពោះសកម្មជនបរិស្ថាននិងអ្នកទោសនយោបាយប្រមាណជា៧០​នាក់ដែលកំពុង​ជាប់​ពន្ធនាគារ។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បានរំឭកលោករដ្ឋមន្ត្រីការបរទេសអង់គ្លេសថា នៅមុនដំណើរទស្សនកិច្ចនេះ អាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់សកម្មជនបរិស្ថាន​មាតា​​ធម្មជាតិ ៤នាក់ ពីបទ «ប្រមាថព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។ សកម្មជនបរិស្ថាន ៣នាក់ ត្រូវបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដើម្បីរង់ចាំការកាត់ទោស។

បន្ថែមលើនេះ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ក៏ស្នើឱ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេសជួបជាមួយអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធររដ្ឋាភិបាល ដើម្បីការពារពួកគេពីការរាយការណ៍ព័ត៌មានដោយសេរី។

កាលពី​​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ អនុ​រដ្ឋមន្ត្រី​​ការ​បរទេស​​អាមេរិក​​ លោក​ស្រី​ វិនឌី​ ហ្សឺម៉ាន​ ក៏បានអញ្ជើញ​​មក​​បំពេញ​​ទស្សន​កិច្ច​នៅ​​កម្ពុជា​​ផងដែរ ដោយ​លោក​ស្រីបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងបានជួបលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ​។

តាមគម្រោង រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ដោយបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី៕


អត្ថបទទាក់ទង

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

សង្គម​ស៊ីវិល​​និង​​មន្ត្រី​ទូត​ស្នើ​តុលាការ​​​​ទម្លាក់​បទ​ចោទ​លើ​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​​៤​រូប​

អង្គការជាតិ-អន្តរជាតិ រួមនឹងតំណាង​ទូតជិត១០០ស្ថាប័ន បង្ហាញ​ការ​ព្រួយ​បារម្ភ​និង​ទាម​ទារ​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​ការ​ចោទ​ប្រកាន់​ទៅលើសកម្មជនបរិស្ថាន​​វ័យ​ក្មេងចំនួន៤នាក់​និងដោះលែងពួកគេឱ្យមានសេរីភាពវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ