បុរស​ដែល​ត្រូវ​យោធា​បា​ញ់​អំឡុង​​តវ៉ា​​ជម្លោះ​ដីធ្លី​​នៅ​​ខេត្ត​កណ្ដាល​ បន្ត​​ទាមទារ​សំណង​ជំងឺ​ចិត្ត​

ពលរដ្ឋដែលមានជម្លោះដីធ្លីម្នាក់កាន់អាវប្រឡាក់ដោយឈាមរបស់ជនរងគ្រោះម្នាក់ក្រោយរងការបាញ់ប្រហារពីក្រុមយោធា ដោយពលរដ្ឋអះអាងថា ហេតុការណ៍នេះកើតឡើងពេលពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (Michael Dickison)

ពលរដ្ឋម្នាក់ដែលត្រូវ​ក្រុមយោធាបាញ់​ឱ្យរងរបួស​ក្នុងជម្លោះដីធ្លីនៅ​ខេត្តកណ្តាល បន្តទាម​ទារ​​ឱ្យរដ្ឋាភិបាល​​ជួយរកយុត្តិធម៌និង​ផ្តល់​សំណង​ជំងឺចិត្ត​ដល់គាត់​ឱ្យបានឆាប់រហ័ស ខណៈរូប​​លោក​បារម្ភ​ពីការធ្លាក់​​ខ្លួន​​ពិការអំឡុងពេលព្យាបាលនៅផ្ទះ ដោយសារគ្មានលទ្ធភាពព្យាបាល​នៅមន្ទីរពេទ្យបន្ត​ទៀត។

កាលពីថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២០២១ កង​កម្លាំងយោធាជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ បាន​បាញ់​​ដោយគ្រាប់​កាំភ្លើង​ពិត ​បង្ក្រាបទៅលើប្រជាពលរដ្ឋប្រមាណ៦០នាក់ដែលកំពុងប្រមូលផ្តុំគ្នាតវ៉ារឿងជម្លោះដីធ្លីមួយ​កន្លែង ស្ថិតនៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ មុំ ចន្ថា រងរបួសធ្លាយស្មាខាងឆ្វេង និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ​កាល់ម៉ែត រាជធានីភ្នំពេញ។

ការផ្ទុះអាវុធ​​របស់​ក្រុម​យោធាទាំងនោះ បានធ្វើឡើង​បន្ទាប់ពីក្រុមពលរដ្ឋបានលើកគ្នាទៅតវ៉ា​​ហាមឃាត់​មិន​ឱ្យយកគ្រឿងចក្រឈូសឆាយព័ទ្ធជាព្រំដី ប៉ះពាល់លើដីស្រែរបស់ពួកគេដែលធ្លាប់អាស្រ័យផលជាច្រើន​ឆ្នាំមក​ហើយ។

លោក មុំ ចន្ថា ​ជាជនរងគ្រោះត្រូវរបួសស្មាខាងឆ្វេងនោះ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា អាការ​របួស​របស់គាត់នៅតែ​មិនទាន់ធូរស្រាលនៅឡើយ ដោយគ្រូពេទ្យថា គាត់ត្រូវការព្យាបាលរយៈពេល៦ខែទៀតទើបអាចជាសះស្បើយដូចដើមវិញ។ លោកមាន​ក្ដី​បារម្ភ​ ខ្លាចធ្លាក់ខ្លួនពិការ ដោយសារ​គ្រួសាររបស់គាត់អស់លទ្ធភាព​សម្រាប់ព្យាបាលបន្តទៀត ខណៈការបាញ់ដោយក្រុមយោធាពេលនោះ លោកត្រូវបានបាក់ឆ្អឹងមួយ​កំណាត់។

លោកបន្តថា៖ «ខ្ញុំអត់លទ្ធភាពមើលនៅពេទ្យទៀត មុខរបួសខ្ញុំនៅតែឈឺចុកចាប់ក្នុងឆ្អឹង ព្រោះបាក់ឆ្អឹងមួយ វានៅឈឺតែកន្លែងឆ្អឹងបាក់ហ្នឹងទេ ហើយមុខរបួសវាសះស្បើយ។ ឆ្អឹងដែលបាក់ គឺឆ្អឹងយើងលើកចុះឡើង ឥលូវលើកដៃចុះឡើងមិនទាន់រួចទេ។ ខ្ញុំនៅចាក់ថ្នាំ នៅលាងរបួសរាល់ថ្ងៃ​ហ្នឹង ហើយបញ្ហាលំបាកខ្លាំងគឺអត់មានលុយព្យាបាល។ ហើយព្យាបាលរាល់ថ្ងៃ យើងជំពាក់គេខ្លះទៅ លុយអាជ្ញាធរខេត្តជួយខ្ញុំនោះអស់​ហើយ ឥលូវខ្ញុំខ្ចីគេអស់៥០០​ដុល្លារទៀត»។ ​

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពី​អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេ។ 

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អះអាងថា ​កំពុង​ស្រាវ​ជ្រាវ​រក​មុខ​​មន្ត្រី​​យោធា​ដែលបាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋម្នាក់ឱ្យរងរបួស​ ដើម្បីយកទៅអនុវត្តទោសតាមច្បាប់​។ ប៉ុន្តែចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចមិនទាន់បានបង្ហាញពីលទ្ធផលស្រាវជ្រាវ និងមិនទាន់ចាប់ខ្លួនមន្ត្រីយោធាដែលបាញ់លើប្រជាពលរដ្ឋណាម្នាក់មកដាក់ទោសទណ្ឌនៅឡើយ។ 

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាលនិង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែមិនចាប់ខ្លួន​អ្នកប្រព្រឹត្តល្មើសមកដាក់ទោស និងមិនដោះស្រាយ​ជូនប្រជាពលរដ្ឋនោះទេ នោះ​នឹងធ្វើឱ្យ​​ប្រជាពលដ្ឋបាត់បង់ជំនឿលើរដ្ឋាភិបាលបន្ថែមទៀត។ 

លោកបន្តថា៖ «ស្ថានប័នថ្នាក់ដឹកនាំ គួរតែមានការត្រួតពិនិត្យមើលពីបញ្ហាទាំងអស់ហ្នឹងឡើងវិញ ដោយជួយរកនូវដំណោះស្រាយនិងយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ចៀសវាងការអូសបន្លាយអាចធ្វើឱ្យ​ប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ»។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឱ្យរដ្ឋបាលខេត្តទាំងអស់ពង្រឹងការអនុវត្តច្បាប់ឱ្យ​បានត្រឹមត្រូវ ​ពិសេស​ការចុះអនុវត្តសាលដីការបស់តុលាការ ​ដោយថា ការប្រើប្រាស់កម្លាំងយោធា​ណាមួយ គឺជារឿងខុសច្បាប់ទាំងស្រុង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ