មន្ត្រី​ជំរុញ​ឱ្យ​មាន​កិច្ច​ការពារ​សត្វខ្ទីង​ ខណៈ​ខ្ទីង​ញី​មួយ​ក្បាល​ទៀត​​ងាប់​ដោយ​​ការ​ដាក់​អន្ទាក់​

សត្វខ្ទីងញីមួយក្បាលកំពុងស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងររហូតដល់ស្លាប់ដោយជាប់អន្ទាក់ព្រានព្រៃ ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (ផ្ដល់ឱ្យ)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមការពារសត្វខ្ទីងនៅកម្ពុជា​បន្ថែមទៀត ត្បិត​សត្វ​ប្រភេទ​នេះជាពពួក​សត្វកម្រ និង​ស្របពេល​មានសត្វខ្ទីងញីមួយក្បាលទៀតបាន​បាត់បង់ជីវិតដោយសារជាប់អន្ទាក់ព្រានព្រៃកាលពីពេលថ្មីៗនេះ។ 

តាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ Solo Landscapes កាលពីថ្ងៃទី​១៧ ខែមិថុនា​ ឆ្នាំ២០២១នេះ មានសត្វខ្ទីងមួយក្បាល ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសភាពស្គមស្គាំងនិងបាក់ជើងម្ខាងដើរមិនរួច។ សត្វខ្ទីងនេះបានស្លាប់​បាត់បង់ជីវិត នៅព្រឹកថ្ងៃ​ទី​១៨ ខែ​មិថុនានេះ ទោះបីមានការសង្គ្រោះពីខាងអង្គការ Wildlife Alliance ដែលបានទៅជួយផ្ទាល់ក៏ដោយ។

រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ វីអូឌី នៅថ្ងៃ​ទី​២២ ខែ​មិថុនា​​ ថា​គេ​មិន​អាច​ជួយសង្គ្រោះសត្វខ្ទីងញីនោះបានទាន់ពេលវេលា​ទេ ដោយសារតែវា​មានរបួសធ្ងន់ធ្ងរពេកដែលបណ្ដាលមកពីការជាប់អន្ទាក់របស់ព្រានព្រៃ។

លោកបន្តថា សត្វខ្ទីងនេះគឺជាប្រភេទសត្វ​កម្រនិងជិតផុតពូជនៅលើសកលលោក ដែលទាមទារឱ្យ​​មានការយកចិត្តទុកដាក់និងអភិរក្សឱ្យ​បានហ្មត់ចត់ និងចាត់វិធានការច្បាប់ឱ្យ​​បានតឹង​រ៉ឹង​ជា​ទីបំផុត​ចំពោះអ្នក​ដែល​បាន​គំរា​មកំហែង​ដល់​អាយុ​ជីវិ​តសត្វព្រៃនៅកម្ពុជា។ 

លោកបន្តទៀត​ថា៖ «ចំពោះវិធានការរបស់យើងផ្អែក​តាមការអនុវត្តច្បាប់ ដោយសារប្រភេទសត្វខ្ទីង​ជាប្រភេទសត្វជិតផុតពូជ បើក្នុងករណីដែលយើងចាប់បាននូវជនប្រព្រឹត្តបទល្មើសសម្លាប់​សត្វខ្ទីង ឬក៏សម្លាប់សត្វដែលកម្រៗ​ហ្នឹង គឺយើងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ»។

លោក​បន្ថែមទៀតថា ខាងក្រសួងបរិស្ថាន​បានខិតខំប្រឹងប្រែងអភិរក្សសត្វគ្រប់ប្រភេទ មិនចំពោះ​តែ​សត្វខ្ទីងមួយនោះទេ គឺអភិរក្សសត្វគ្រប់ប្រភេទនៅកម្ពុជា។ 

មន្ត្រីអ្នកនាំពាក្យរូបនេះបន្តថា អន្ទាក់គឺជាឃាតករលាក់មុខដែលសម្លាប់សត្វព្រៃនៅកម្ពុជា ហើយ​នៅក្នុងមួយឆ្នាំៗមានអន្ទាក់​រាប់សែន​ត្រូវបានដាក់ពង្រាយនៅក្នុងព្រៃ ប៉ុន្តែការងារដោះអន្ទាក់សត្វទាំងនោះ​នៅមានកម្រិត ដោយសារក្នុងមួយឆ្នាំ មន្ត្រីជំនាញដោះអន្ទាក់បានតែប្រមាណ​៥ម៉ឺន​ប៉ុណ្ណោះ។

លោកបានបន្តទៀតថា ខាងក្រសួងក៏កំពុងគិតគូរលើការបង្កាត់ពូជប្រភេទសត្វព្រៃកម្រៗផ្សេងទៀត ដើម្បីបង្កើនចំនួនរបស់វាឡើងវិញផងដែរ។ បន្ថែមពីនេះ​ លោកថា​ ក្រសួងបរិស្ថានគិតគូរដល់សេដ្ឋកិច្ចមូលដ្ឋានរបស់ពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដោយផ្លាស់ប្ដូរមុខរបររបស់​ពួកគាត់បែបប្រពៃណី ដូចជា ចូលព្រៃកាប់ឈើ បរបាញ់សត្វ ឬ​ដាក់អន្ទាក់សត្វ ទៅជាការប្រកបមុខរបរដែលផ្សារភ្ជាប់វិស័យទេសចរណ៍ធម្មជាតិវិញ។ 

លោកបន្តថា៖ «ទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយរបស់ភ្ញៀវទេសចរទៅសហគមន៍ ហើយប្រជាសហគមន៍គាត់មានមុខរបរនិងមានតួនាទីការងារមានចំណូលសម្រាប់ពួកគាត់។ បើសិនជាប្រជាពលរដ្ឋមិនមានជីវភាពធូរធារ មិនមានមុខរបរពិតប្រាកដទេ គឺស្ថានភាពបច្ចុប្បន្នអាចថាជាបញ្ហាមួយគំរាមកំហែងទៅកាន់ធម្មជាតិ ហើយជាការដាក់សម្ពាធទៅធម្មជាតិ ដែលពួកគាត់នៅតែបន្តអូសយកនូវផលប្រយោជន៍លើសកម្រិតពីធនធានធម្មជាតិ ដែលធ្វើឱ្យ​​ប៉ះពាល់ដល់ព្រៃឈើនិងសត្វព្រៃ»។

មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មើលឃើញថា ការគ្រប់គ្រងធនធានធម្មជាតិរបស់ក្រសួងបរិស្ថាននៅមានភាពទន់ខ្សោយខ្លាំងក្នុងការថែរក្សាការពារធនធានធម្មជាតិនៅក្នុងដែនការពាររបស់ខ្លួន។ 

លោកបន្តថា៖ «អភិបាលកិច្ចនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន ហាក់បីដូចជាមានភាពទន់ខ្សោយខ្លាំង ដែលបណ្ដែតបណ្ដោយឱ្យ​​មានការកាប់បំផ្លាញព្រៃឈើស្ទើរគ្រប់តំបន់ការពារទាំងអស់ដែលខ្លួនគ្រប់គ្រង ចំនួន៧,២លានហិកតា ដោយការកាប់បំផ្លាញព្រៃឈើទាំងអស់នេះបានជះផលអាក្រក់មកលើជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ជីវចម្រុះដូចជាសត្វព្រៃដទៃទៀតដែលកំពុងតែស្នាក់អាស្រ័យក្នុងព្រៃ»។ 

លោកបានលើកឡើងថា មូលហេតុនៃការបរបាញ់សត្វព្រៃ គឺបណ្ដាលមកពី​​មនុស្សមួយចំនួនយល់ឃើញថា សា​ច់របស់សត្វព្រៃមានរសជាតិឆ្ងាញ់និង​ជាថ្នាំពូកែស័ក្តិសិទ្ធិជាដើម។

លោកបានជំរុញដល់រដ្ឋាភិបាល​​ពង្រឹងការអនុវត្តច្បាប់ និងត្រួតពិនិត្យមើលឡើងវិញពីប្រសិទ្ធភាពរបស់មន្ត្រីថ្នាក់ក្រោម ថាមានអំពើពុករលួយជាមួយនឹងឈ្មួញកណ្ដាលដែលទទួលទិញសាច់សត្វព្រៃខុសច្បាប់នេះដែរឬទេ។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន​ គេមិនទាន់ដឹងពីចំនួនសត្វខ្ទីងសរុប​នៅក្នុងប្រទេសកម្ពុជានោះទេ តែចំពោះចំនួនសរុបនៅលើពិភពលោក គឺមានចំនួន​ជាង២ម៉ឺនក្បាល។ លោកថា តាមរយៈការដាក់បង្កប់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងព្រៃ គេបានឃើញមានវត្តមានសត្វខ្ទីង និងមានកូនតូចៗរស់នៅជាហ្វូង ហើយមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃជួរភ្នំក្រវាញ នៅភាគឦសាន្ត​នៃប្រទេស តំបន់ឧទ្យានជាតិវីរជ័យ ដែនជម្រកសត្វព្រៃកែវសីមា និង​ក្នុងដែនជម្រកសត្វព្រៃមួយចំនួនទៀតនៅ​ខេត្តព្រះវិហារ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ