រដ្ឋ​សភា​បោះ​ឆ្នោត​ជ្រើស​តាំង​លោក​ ប្រាជ្ញ ចន្ទ​ ជា​ប្រធាន​ គ.ជ.ប ជាឯកច្ឆន្ទ

អង្គសភានាព្រឹកថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១​ បានធ្វើការបោះឆ្នោតទុកចិត្តលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយទទួលបានសំឡេងព្រម ចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

រដ្ឋសភាកម្ពុជា នៅថ្ងៃនេះ បានបោះឆ្នោតជ្រើសតាំងលោក ប្រាជ្ញ ចន្ទ ឱ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងសំឡេងជា​ឯកច្ឆន្ទ ៨២លើ៨២សំឡេង​។

លោក ប្រាជ្ញ ចន្ទ ដែលទទួលបានការបោះឆ្នោតឱ្យធ្វើជាប្រធាន គ.ជ.ប ថ្មីនេះ បាន​បង្ហាញខ្លួននៅចំពោះមុខរដ្ឋសភា តែមិនបានថ្លែងអ្វីមួយ​ម៉ាត់​ឡើយ ខណៈរដ្ឋសភាដឹកនាំដោយលោក ហេង សំរិន បានបោះឆ្នោតយល់​ព្រមផ្តល់សេចក្តីទុកចិត្តឱ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ជំនួស​លោក ស៊ិក ប៊ុនហុក។

បើតាមនីតិវិធី ក្រោយ​ពីរដ្ឋសភាបាន​បោះឆ្នោត​គាំទ្រ​រួចហើយ លោក ប្រាជ្ញ ចន្ទ នឹងត្រូវ​​ស្បថ​ចូល​កាន់តំណែង​ជា​ផ្លូវការ​តែម្ដង​។

គណបក្សប្រជាជនកម្ពុជា បាន​សម្រេចឱ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ក្នុងចំណោមបេក្ខជនពីររូប គឺលោក ការ លាន អតីតអភិបាលរងខេត្តព្រះវិហារ។ មុនក្លាយជាប្រធាន គ.ជ.ប នេះ លោក ប្រាជ្ញ ចន្ទ ធ្លាប់ធ្វើជាអភិបាលខេត្តបាត់ដំបងនិងខេត្តត្បូងឃ្មុំ និងក្រោយមកគឺជាសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភានីតិកាលទី៦នេះ។

កាលពីថ្ងៃទី៤ ខែមិថុនា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទីនិងតំណែងប្រធាន គ.ជ.ប របស់លោក​ ស៊ិក ប៊ុនហុក ក្រោមហេតុផល​សុខភាព។

លោក ស៊ិក ប៊ុនហុក បានកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីខែមេសា ឆ្នាំ២០១៥ បន្តពីលោក អ៊ឹម សួស្តី ដែលបានកាន់តំណែងនេះតាំង​ពី​ឆ្នាំ២០០២មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ