អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ថា​ កន្លែង​ស្មុគស្មាញ​ដែល​ងាយ​ឆ្លង​ជំងឺ​​កូវីដ-១៩​មាន​នៅ​តំបន់​ខ្លះ​ក្នុង​ក្រុង​និង​​​ជាយ​​ក្រុង​

អាជ្ញាធរខណ្ឌបឹងកេងកងបានដាក់ខ្សែនិងរបាំងមិនឱ្យមានការចេញចូលតំបន់ផ្សារបឹងកេងកងដែលកំពុងតែផ្ទុះកូវីដ-១៩នៅអាជីវករផ្សារបឹងកេងកង ថ្ងៃទី២៨​ខែមិថុនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងថា តំបន់ដែលងាយឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺស្ថិតនៅ​តំបន់មួយចំនួនក្នុងក្រុង និងនៅជាយក្រុង ដោយសារតំបន់ទាំងនោះ​មានភាពស្មុគស្មាញច្រើន។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ វីអូឌី នៅថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ២០២១នេះថា អំឡុងពេលជិត​មួយខែ​នេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានវាយលុកនៅតាមជាយក្រុងនិងតំបន់មួយចំនួនទៀត​ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ដែលមាន​កម្មកររោងចក្ររស់នៅច្រើន​។

លោកមានប្រសាសន៍ថា៖ «គ្រាន់តែសព្វ​​ថ្ងៃនេះ ឆ្លង​នៅតំបន់ជាយក្រុង គឺឆ្លងនៅតំបន់បងប្អូនកម្មករ-កម្មការិនីរោងចក្រ។ គ្រាន់តែការឆ្លង យើងសង្កេតឃើញនៅតំបន់ស្មុគស្មាញ តំបន់រោងចក្រ មាននៅស្ទឹងមានជ័យ នៅខណ្ឌពោធិ៍សែនជ័យ»។

ទោះជាយ៉ាងណា លោក កើត ឆែ មិនបានបញ្ជាក់លម្អិតជុំវិញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតំប​​ន់ស្មុគស្មាញនោះដូចម្តេចនោះ​ទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ក្រុមការងារជំនាញរបស់រដ្ឋបាល​រាជធានីភ្នំពេញបានសហការ​ជាមួយនឹងក្រសួងការងារ ក្រសួងសុខាភិបាល និងថៅកែរោងចក្រ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ។

នៅរសៀលថ្ងៃចន្ទនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារ​បឹងកេងកង ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌ​បឹងកេងកង ដែលមានករណីវិជ្ជមាន​ជំងឺកូវីដ-១៩កើតឡើងថ្មីក្នុងចំណោម​បុគ្គលិក​ កម្មករ និង​អាជីវករ​ រយៈពេល​១៤ថ្ងៃ ចាប់​ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បន្តថា សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវ​ចូលរួមសហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និង​មន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាក​វិភាគរក​មេរោគ និងត្រូវធ្វើចត្តាឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ​។

សេចក្តីសម្រេចនោះបន្ថែមថា ក្នុងករណីសន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និង​អ្នកពាក់ព័ន្ធ ដែលមិនព្រម​សហការ​ទៅយកសំណាកវិភាគ​រក​មេរោគកូវីដ-១៩ ឬមិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈម​មុខទៅនឹង​ការពិន័យ​អន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់​ចន្លោះពី១លានរៀល ដល់១០លាន​រៀល ទៅតាមប្រកាស​អន្តរក្រសួងរបស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រៅពីការពិន័យ​អន្តរការណ៍ គណៈកម្មការ​ផ្សារ នឹងមិនអនុញ្ញាត​ឱ្យ​បន្តអាជីវកម្ម​លក់ដូរ ឬចេញចូល​មកបម្រើការងារ​របស់​ខ្លួន​ឡើយ នៅពេលដែលផ្សារ​នេះត្រូវបានបើកដំណើរការ​ឡើងវិញ។​

ចំណែករដ្ឋ​បាលខណ្ឌបឹងកេងកង បានចេញសេចក្តីជូនដំណឹងដល់អាជីវករផ្សារបឹងកេងកង និងប្រជា​ពលរដ្ឋដែលរស់នៅជុំវិញផ្សារ រួមទាំងអ្ន​កធ្លាប់ចេញចូលចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវ​ទៅយ​កសំណាកតេស្តវីរុសកូវីដ-១៩ នៅបរិវេណ​វិទ្យាល័យ​ជា​ស៊ីម​បឹង​កេង​កង ចាប់ពីថ្ងៃនេះតទៅ​ ដោយសារមាន​​អាជីវករ​​ផ្សារ​ជាច្រើន​នាក់បាន​ឆ្លងជំងឺ​នេះ។

ទោះជាយ៉ាងណា វីអូឌី មិនអាចសុំការបញ្ជាក់​ពីចំនួនអ្នកឆ្លងកូវីដ-១៩ ថាមានចំនួនប៉ុន្មាននាក់ពីអភិបាលខណ្ឌ​បឹងកេងកង លោក ស៊ីម ពិសិដ្ឋ បានទេ​។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា ក្រោយពី​រដ្ឋាភិបាល​បើកឱ្យមានការ​ធ្វើចរាចរណ៍​ទូទាំងប្រទេសឡើងវិញនោះ​ ការឆ្លង​រាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាមិនទាន់មានការថមថយនៅឡើយ ពោលគឺ​មាន​អ្នកស្លាប់និងអ្នកឆ្លងថ្មីកើនឡើងជាបន្តបន្ទាប់ ដោយសារតែប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន និងមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល​ឱ្យបានខ្ជាប់ខ្ជួន​នៅឡើយ។

ករណីនេះ លោកស្រី​អំពាវនាវទៅអាជ្ញាធរនិងប្រជាពលរដ្ឋត្រូវសហការគ្នាក្នុងការទប់ស្កាត់ការ​ឆ្លងរាលដាលជំងឺកូវីដ-១៩នេះឱ្យមានប្រសិទ្ធភាពខ្ពស់ បើពុំដូច្នេះទេ បញ្ហាប្រឈមនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពរបស់​ពលរដ្ឋ។

លោកស្រីមានប្រសាសន៍ថា៖ «បើសិនជាបញ្ហា​នេះនៅតែអូសបន្លាយពេលវេលាយូរ យើងនឹងមានការប៉ះពាល់ច្រើន។ យើងឃើញហើយ មានការសិក្សារួចទៅហើយទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គម ជាពិសេសស្ថានភាពសុខភាពផ្លូវចិត្ត ផ្លូវកាយរបស់ប្រជាពលរដ្ឋយើង គឺមានការប៉ះទង្គិចមែនទែន ជាពិសេសដូចជាកុមារ។ បច្ចុប្បន្ន យើងដឹងហើយ សាលានៅតែបន្តបិទ បើសិនជាយើងមិនចូលរួម ហើយធ្វើឱ្យមានការថមថយនៃជំងឺរាតត្បាតនេះទេ យើងនឹងទទួលរងនូវផលជះ»។

​បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៤៨ ៥៣២​​នាក់ ក្នុងនោះ ​​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៤២ ៧៦៤នាក់ អ្នកស្លាប់៥៥៦នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប២ ៣១១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ