គណបក្សកែទម្រង់កម្ពុជាគ្រោងធ្វើសមាជនៅថ្ងៃទី២៣តុលា ប្រកាសក្បាលម៉ាស៊ីនដឹកនាំ

លោក ប៉ុល ហំម លើកកាន់ក្រដាសបង្ហាញពីនិមិត្តសញ្ញាគណបក្សកែទម្រង់កម្ពុជា ក្នុងកម្មវិធីចុះសំណេះសំណាលសួរសុខទុក្ខតំណាងបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា Cambodia Reform Party)

គណបក្សកែទម្រង់កម្ពុជា ដែលអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិទើបនឹងបង្កើតថ្មី គ្រោងនឹងធ្វើសមាជគណបក្ស នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ដើម្បីប្រកាសពីសមាសភាពថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន។

អតីតតំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាស្ថាបនិកគណបក្សថ្មោងថ្មីនេះ បានប្រាប់ វីអូឌី នៅថ្ងៃទី៣០ ខែមិថុនា ថាបើគ្មានអ្វីប្រែប្រួលទេ គណបក្សលោកនឹងធ្វើសមាជគណបក្សនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីប្រកាសពីសមាសភាពថ្នាក់ដឹកនាំគណបក្ស លក្ខន្តិកៈ និងគោលនយោបាយរបស់គណបក្ស។ ប៉ុន្តែគិតត្រឹមថ្ងៃទី៣០ ខែមិថុនានេះ លោកនៅមិនទាន់បង្ហើបឱ្យដឹងពីសមាសភាពថ្នាក់ដឹកនាំសំខាន់ៗនៃគណបក្សថ្មីនេះនៅឡើយទេ។

កន្លងមក គេបានដឹងថា លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់បានបោះដៃរកលោក សុន ឆ័យ តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិដែលទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីខែកញ្ញា ឆ្នាំ២០២០ និងលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសមកចូលរួមជាមួយគណបក្សនេះ បន្ទាប់ពីបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បង្កើតគណបក្សកែទម្រង់កម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ការកំណត់យកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដើម្បីធ្វើសមាជគណបក្សនេះ មិនមែនជារឿងចៃដន្យនោះទេ ត្បិតគណបក្សចង់ភ្ជាប់ព្រឹត្តិការណ៍សមាជគណបក្សរបស់ខ្លួនទៅនឹងថ្ងៃប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដែលត្រូវនឹងខួប៣០ឆ្នាំគត់ គិតមកដល់ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ