មេធាវីបដិសេធជាថ្មីទៀតថា លោក កឹម សុខា មិនស្ថិតនៅពីក្រោយការបង្កើតបក្សថ្មីឡើយ

លោក កឹម សុខា លើដៃពេលជិះរថយន្តត្រលប់ចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ជាថ្មីម្តងទៀត ក្រុមមេធាវីការពារក្តីអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចេញមកអំពាវនាវកុំឱ្យគណបក្សនយោបាយដែលទើបបង្កើតថ្មីយកឈ្មោះកូនក្តីរបស់ខ្លួន​ទៅប្រើប្រាស់ដើម្បីស្វែងរកការគាំទ្របន្តទៀត។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីក្រុមមេធាវីការពារក្តីលោក កឹម សុខា បានទទួលព័ត៌មានមកថា គណបក្សនយោបាយថ្មីមួយឈ្មោះ «គណបក្សបេះដូងជាតិ»  កំពុងដើរបញ្ចុះបញ្ចូលអតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន​ ដូចជា នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដោយប្រើឈ្មោះរបស់លោក កឹម សុខា ថាជាអ្នកនៅពីក្រោយនៃការបង្កើតគណបក្សថ្មីរបស់ខ្លួន ដោយសំដៅទាក់ទាញចំណាប់អារម្មណ៍និងការគាំទ្រទៅលើគណបក្សថ្មីរបស់ពួកគេ។

ប៉ុន្តែសហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ចាន់ ចេន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៩ ខែមិថុនា ថា ដើម្បីកុំឱ្យអ្នកគាំទ្រនិងប្រជាពលរដ្ឋខ្មែរមានការភ័ន្តច្រឡំនិងចាញ់បោកការអូសទាញរបស់អ្នកនយោបាយទាំងអស់នោះ លោកមេធាវីបានបញ្ជាក់សារជាថ្មីថា លោក កឹម សុខា មិនគាំទ្រក្រុមណាមួយឱ្យបង្កើតបក្សថ្មី ហើយលោកក៏មិនដែលនៅពីក្រោយខ្នងក្រុមណាមួយឡើយ ទោះជាពេលមុនឬពេលនេះក៏ដោយ។

លោកមេធាវីបានសរសេរយ៉ាងដូច្នេះថា៖ «ដើម្បីសម្រេចបានមហិច្ឆតារបស់ក្រុមខ្លួន អស់លោកទាំងនោះបាននិយាយបញ្ចុះបញ្ចូលអ្នកគាំទ្រអតីតសង្គ្រោះជាតិ ថាបក្សរបស់ក្រុមខ្លួននេះគឺឯកឧត្តម កឹម សុខា ឱ្យបង្កើត ឯកឧត្តម កឹម សុខា នៅពីក្រោយខ្នង ឯកឧត្តម កឹម សុខា បានបើកភ្លើងខៀវហើយ»។

វីអូឌី មិនអាចសុំការឆ្លើយបំភ្លឺពីលោក សៀម ភ្លុក ស្ថាបនិក «គណបក្សបេះដូងជាតិ» ដែលរងការចោទប្រកាន់ថាបានប្រើប្រាស់ឈ្មោះរបស់លោក កឹម សុខា ដើម្បីទាក់ទាញការគាំទ្រពីសកម្មជនមូលដ្ឋាននេះបាននៅឡើយទេ។ គណបក្សបេះដូងជាតិ របស់លោក សៀម ភ្លុក ដែលអ្នកបង្កើតជាអតីតសមាជិកគណបក្សសង្គ្រោះជាតិដែរនោះ ទើបទទួលស្គាល់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា ការយកឈ្មោះរបស់លោក កឹម សុខា ទៅប្រើប្រាស់ដោយអ្នកនយោបាយណាមួយនោះ វានឹងធ្វើឱ្យប៉ះពាល់សិទ្ធិឯកជនរបស់លោក កឹម សុខា និងធ្វើឱ្យប៉ះពាល់ដល់បញ្ហាផ្លូវច្បាប់ក្នុងដំណើរការតុលាការរបស់កូនក្តីលោក។ បើតាមលោកមេធាវីរូបនេះ គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះរបស់លោក កឹម សុខា ក៏អាចប្រឈមនឹងហានិភ័យក្នុងការរំលាយដូចគ្នាទៅនឹងអតីតគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ផងដែរ។

លោកមេធាវីថ្លែងយ៉ាងដូច្នេះថា៖ «ទី១ គឺប៉ះពាល់សិទ្ធិរបស់ឯកឧត្តម កឹម សុខា ដែលគាត់ជាក់ស្តែងមិនបានប្រើឱ្យទៅបង្កើតផង។ បញ្ហាទី២ គឺធ្វើឱ្យប៉ះពាល់ទៅលើសាលដីកាឬដីកាសម្រេចរបស់តុលាការ និងពាក់ព័ន្ធផ្លូវច្បាប់»។

នេះមិនមែនជាលើកទី១ទេដែលក្រុមមេធាវីការពារក្តីអតីតមេបក្សប្រឆាំង បានចេញមកច្រានចោលចំពោះអ្នកនយោបាយដែលបានប្រើឈ្មោះរបស់លោក កឹម សុខា ដើម្បីទាក់ទាញអ្នកគាំទ្រ ខណៈលោក កឹម សុខា កំពុងស្ថិតនៅក្នុងបម្រាមធ្វើនយោបាយនៅឡើយ។

កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈម្តងរួចមកហើយ ដោយហាម​អ្នកនយោបាយដែល​ចង់​បង្កើត​បក្ស​ថ្មី​ឬ​ចលនានយោបាយ​ណាមួយ​សម្រាប់​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខ យកឈ្មោះ​លោក កឹម សុខា ​ទៅ​ភ្ជាប់ឬពាក់ព័ន្ធ​នឹងគណ​បក្សនយោបាយរបស់ខ្លួន​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ ដែលទើបចេញទៅបង្កើតគណបក្សថ្មីមួយឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» យល់ឃើញថា ការព្រួយបារម្ភពីការប្រើប្រាស់ឈ្មោះរបស់លោក កឹម សុខា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកនោះ ជារឿងត្រឹមត្រូវ ប៉ុន្តែលោកយល់ឃើញ​ថា ការប្រើប្រាស់ឈ្មោះរបស់លោក កឹម សុខា គឺជាកិត្តិយសរបស់លោក កឹម សុខា ទៅវិញទេ។

លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «មែនទែន ប្រសិនជាមនុស្សគេស្រឡាញ់លោកគ្រប់គ្នា គេយកឈ្មោះលោកទៅប្រើគ្រប់គ្នា គឺជាការលើកកម្ពស់ លើកកិត្តិយសលោកទៅវិញទេ។ ហើយបើមនុស្សទាំងអស់ហ្នឹងប្រើឈ្មោះរបស់លោកមែន ហើយលោកអាចចេញមកធ្វើនយោបាយកើតមែន នោះសុទ្ធតែជាមនុស្សដែលគាំទ្រលោកហើយ។ ប្រសិនបើលោកចេញមកវិញ ត្រូវតែចូលរួមជាមួយលោកហើយ ព្រោះយកឈ្មោះគាត់ប្រើ ប៉ុន្តែបើមិនយកឈ្មោះលោកប្រើទេ អាហ្នឹងអាចរក្សាកិត្តិយសបែបហ្នឹងជូនលោក»។

ចាប់តាំងពីក្រោយការរំលាយគណបក្សសង្គ្រោះជាតិមក យ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន៥ ដោយអ្នកបង្កើតជាអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយនេះ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរអភិរក្ស គណបក្សកែទម្រង់កម្ពុជា និងគណបក្សបេះដូងជាតិ។ ប៉ុន្តែប្រធានគណបក្សឆន្ទៈខ្មែរ បានអះអាងថា ខ្លួនមិនមែនជាគណបក្សដែលបែកចេញពីអតីតគណបក្សសង្គ្រោះជាតិនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ