បក្ស​កែ​ទម្រង់​កម្ពុជា​បារម្ភ​ពី​​ការ​ព្រមានរបស់​ក្រសួង​ថា​​​ជា​ឧប​សគ្គ​ក្នុង​ការ​ស្វែង​រក​មេ​ដៃ​អ្នក​គាំ​ទ្រ

លោក អ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងសហការី បានចុះមកផ្តិតស្នាមមេដៃពីបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រ ដែលស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា Cambodia Reform Party)

គណបក្សកែទម្រង់កម្ពុជា កំពុងព្រួយបារម្ភថា លិខិតព្រមានរបស់ក្រសួងមហាផ្ទៃនឹងត្រូវប្រើប្រាស់ដោយអាជ្ញាធរមូលដ្ឋានក្នុងការរឹតត្បិត​សកម្មភាពចុះប្រមូលស្នាមមេដៃអ្នកគាំទ្រ៤ ០០០​នាក់ ដើម្បីសម្រេចចុះបញ្ជីជាផ្លូវការនៅក្រសួង។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានលើកឡើងនៅថ្ងៃទី​១ ខែកក្កដា​នេះ​​​ថា លិខិតព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែមិថុនា ទំនងជាកើតចេញពីការយល់ច្រឡំពីសកម្មភាពចុះប្រមូលស្នាមមេដៃអ្នកគាំទ្ររបស់គណបក្សនេះប៉ុណ្ណោះ ដោយថា សកម្មភាពនោះមិនមែនជាការ​​ចុះសំណេះសំណាលជាមួយអ្នកគាំទ្រនោះ​ទេ។

លោក អ៊ូ ច័ន្ទរ័ត្ន បានពន្យល់យ៉ាងដូច្នេះថា៖ «សកម្មភាពរបស់យើងហ្នឹងមិនមានអីប៉ះពាល់​ដល់ផ្លូវច្បាប់ទេ មែនទែននោះ! យើងចុះទៅដើម្បីជួបអ្នកគាំទ្រ ហើយត្រូវការពន្យល់ខ្លះ ព្រោះមុនផ្តិតមេដៃឱ្យលោក ត្រូវដឹងគណបក្សហ្នឹងឈ្មោះអី ស្លាកសញ្ញាហ្នឹងរបៀបម៉េច។ ហើយបើសិនជាហាមឃាត់ថាមិនឱ្យចុះមូលដ្ឋានតាមលិខិតបញ្ជាក់របស់ក្រសួងមហាផ្ទៃហ្នឹង អាហ្នឹងវាជាឧបសគ្គហើយ យើងមិនអាចផ្តិតមេដៃម៉េចបាន បើអត់ជួបមនុស្សហ្នឹង! ហើយលិខិតហ្នឹងទៀតអាចនឹងធ្វើឱ្យអាជ្ញាធរមូលដ្ឋានហ្នឹងរឹតត្បិតពួកយើងទៅទៀត បានលិខិតហ្នឹងទៅ អាចនឹងរារាំង អាចនឹងមិនឱ្យយើងចុះមូលដ្ឋានហ្នឹងទៀត»។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៣០ ខែមិថុនា បានរម្លឹកដល់លោក ទិន សៃ តំណាងស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ឱ្យ​​បញ្ឈប់នូវ​រាល់សកម្ម​ភាព​​នយោបាយនៅតាមមូលដ្ឋាន ពីព្រោះគណបក្សនេះពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។

បើយោងតាមលិខិតដដែលនេះ គណបក្សកែទម្រង់កម្ពុជា កំពុងធ្វើសកម្មភាពមួយចំនួនដែលបំពានទៅនឹងមាត្រា៩ និងមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ក៏ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា សកម្មភាពដែលក្រុមការងារគណបក្សបានចុះទៅមូលដ្ឋាននោះ គឺដើម្បីប្រមូលស្នាមមេដៃនិងថតអត្តសញ្ញាណបណ្ណអ្នកគាំទ្រ ក្នុងគោល​បំណង​ដើម្បីបំពេញតាមលក្ខន្តិកៈតម្រូវរបស់ក្រសួងមហាផ្ទៃ។

ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកថា ការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន ជាលេសដោះសារតែប៉ុណ្ណោះ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អាហ្នឹងគ្រាន់តែជាការដោះសាររបស់គណបក្សហ្នឹងទេ»។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បង្កើត«គណបក្សកែទម្រង់កម្ពុជា» ប៉ុន្តែមិនទាន់បានចុះបញ្ជីគណបក្សជាផ្លូវការនៅក្រសួងមហាផ្ទៃនៅឡើយទេ។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ គណបក្សនេះប្រមូលស្នាមមេដៃអ្នកគាំទ្របានប្រមាណជា ៧៥% ក្នុងចំណោម៤ពាន់នាក់។ បើតាមគម្រោង គណបក្សនេះនឹងរៀបចំធ្វើសមាជគណបក្សនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ដើម្បីប្រកាសពីសមាសភាពក្បាលម៉ាស៊ីនដឹកនំា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ