អ្នក​រាយ​ការណ៍​ពិសេស​ថ្មី​​ថា​នឹង​ធ្វើ​ការ​​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស

ជំនួបរវាងមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia៌

អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​ថ្មី​ប្រចាំនៅកម្ពុជា ប្តេជ្ញាធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឱ្យ​កាន់តែប្រសើរឡើង​ ប៉ុន្តែ​អ្នកឃ្លាំមើលសង្គមមានជំនឿតិចតួចបំផុត។

ការប្រកាសជំហរនេះ ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេស លោក វិទិត មុនតាប៊ន បានបញ្ចប់​ជំនួបជាស៊េរីតាមរយៈវីដេអូខនហ្វ្រឹរេន ជាមួយបណ្តារដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗរបស់កម្ពុជា ចាប់ពីថ្ងៃទី​២៣ ខែ​មិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្នុង​នោះ​​រួមមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋលេខាធិការ​អចិន្ត្រៃយ៍នៃក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាដើម។

គោលបំណងនៃកិច្ចប្រជុំទាំងនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីវិធីសាស្រ្តនិងបញ្ហាជាអាទិភាពនៃអាណត្តិការងាររបស់លោក និង​ពិភាក្សាអំពីវិធីផ្សេងៗ ដើម្បីពង្រឹងកិច្ចសន្ទនានិងកិច្ចសហការរវាងភាគីទាំងពីរ រួមនឹង​​បញ្ហាសំខាន់ៗជាអាទិភាពផ្នែកសិទ្ធិមនុស្ស​មួយចំនួន​ទៀត​ ដូចជា លំហសិទ្ធិពលរដ្ឋ​​និង​ប្រជាធិប​តេយ្យ ស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពជំងឺកូវីដ-១៩ ស្ថាន​ភាព​ពន្ធនា​គារ ការបង្កើតច្បាប់ សិទ្ធិស្រ្តីនិងយេនឌ័រ និង​សិទ្ធិសេដ្ឋកិច្ចនិងសង្គម ​ជាដើម។

អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថ្មីប្រចាំនៅកម្ពុជា លោក​ វិទិត មុនតាប៊ន បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា ការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ គឺជាគន្លឹះមួយសម្រាប់កិច្ចសន្ទនា។

លោក​ក៏បានបញ្ជាក់ពីការ​ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកាតព្វ​កិច្ចរបស់ខ្លួន ក្រោមលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមទាំង​សន្ធិសញ្ញាទាំងឡាយដែលប្រទេសកម្ពុជាបានទទួលយកដោយស្ម័គ្រចិត្ត ក្រោមការត្រួតពិនិត្យរបាយការណ៍ជាសកល​តាមកាល​កំណត់។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះដែរថា ក្នុងកិច្ចពិភាក្សាជាមួយអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិនោះ បានផ្តោតជាសំខាន់លើ​កិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់ ជំងឺកូវីដ-១៩ និង​បញ្ហា​សិ​ទ្ធិ​ពលរដ្ឋនិង​ប្រជាធិបតេយ្យ។ លោក​បន្តថា រាល់វិធានការច្បាប់និងការគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹងនិងអនុវត្តនៅក្នុងព្រំដែននៃច្បាប់។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការប្រកាសជំហរនេះជាកាតព្វកិច្ចរបស់​អ្នករាយការណ៍ពិសេស ប៉ុន្តែប្រសិទ្ធភាពបែបណានោះ អាស្រ័យលើ​រដ្ឋាភិបាលកម្ពុជាដែលជាអ្នកអនុវត្ត ដើម្បីឆ្លើយតបនឹងរដ្ឋធម្មនុញ្ញនិងលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសន្ធិសញ្ញាទីក្រុងប៉ារីស។

លោកស្រីថា៖ «​អ៊ីចឹងជាធម្មតា ទាំងអ្នករាយការណ៍ពិសេស​​ក្ដី ឬក៏សហគមន៍អន្តរជាតិក្ដី ​ឬអង្គការ​សង្គមស៊ីវិលដែលយើងកន្លងមកព្យាយាមអំពាវនាវ​ឱ្យមានការស្ដារឡើងវិញការគោរពគោល​ការណ៍នីតិរដ្ឋអីជាដើម គឺយើងបានធ្វើកិច្ចការងារទាំងអស់ហ្នឹងនៅក្នុងអាណត្តិរបស់យើង ប៉ុន្តែសំខាន់បំផុត គឺអាជ្ញាធរខ្លួនឯងដែលត្រូវ​ធ្វើយ៉ាងម៉េចបង្ហាញអំពី មិនមែនត្រឹមតែឆន្ទៈ​ទេ ​ប៉ុន្តែគឺជាសកម្មភាពពិតប្រាកដដែលខ្លួនបានអនុលោមទៅតាមកាតព្វកិច្ចរបស់ខ្លួនដែលត្រូវធានាដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋហ្នឹង»។

ប៉ុន្តែអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី បង្ហាញក្ដីសង្ឃឹមតិចតួចបំផុត ការដែល​អ្នករាយការណ៍ពិសេសថ្មីនិងរដ្ឋាភិបាលកម្ពុជាថា នឹងអាចស្ដារលទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជាឡើង​វិញ​បាន​នោះ។

លោកថា៖ «មូលហេតុដែលខ្ញុំសង្ឃឹមតិចតួចនេះ ដោយសារ​ប្រទេសមហាអំណាចបានប្រើប្រាស់គ្រប់យន្តការហើយ រហូតដល់យន្តការធម៌ក្ដៅហើយ ជាការដកប្រព័ន្ធអនុគ្រោះពន្ធ ការដាក់ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​ ហើយចុងក្រោយនេះ អាមេរិកក៏ដកអាហារូបករណ៍និស្សិត ជាដើម។ អ៊ីចឹងហើយខ្ញុំមិនសង្ឃឹមថា តំណាងអង្គការសហប្រជាជាតិមានឥទ្ធិពលធ្វើឱ្យរដ្ឋាភិបាលផ្លាស់ប្ដូរចិត្តទេ»។

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ សហភាពអឺរ៉ុប និងបណ្តាប្រទេស​ប្រកាន់​ប្រជាធិបតេយ្យមួយចំនួនបានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទូចជាថ្មីទៀតឱ្យរដ្ឋាភិបាល​កម្ពុជាផ្តើមដំណើរការផ្សះផ្សាជាតិឡើង​វិញ តាមរយៈការសន្ទនាស្មោះត្រង់​ដោយ​មានការចូលរួមពីគ្រប់ភាគី។​

សហភាពអឺរ៉ុប លើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលថា ​ប្រជាពលរដ្ឋកម្ពុជាទាំងអស់គួរទទួលបាននូវការធានាថា ពួកគេមានសិទ្ធិទទួលបានការ​កាត់ក្តីដ៏ត្រឹ​ម​ត្រូវ ស្របទៅតាមអនុសញ្ញាស្តីពីសិទិ្ធពលរដ្ឋនិងសិទ្ធិនយោបាយដែលចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

បញ្ហានេះ សហភាព​អឺរ៉ុប គូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាត្រូវគោរពនីតិរដ្ឋនិងការជំនុំជម្រះដ៏ត្រឹមត្រូវ និងធានាថា សិទ្ធិចូលរួមនយោបាយនិងសេរីភាពជាមូលដ្ឋានគ្រឹះត្រូវបានគោរពយ៉ាងពេញលេញ រាប់បញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ ការបង្កើតអង្គការសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី។

គួរជម្រាបជូនថា បន្ទាប់ពីកិច្ចប្រជុំនេះ លោក​ វិទិត មុនតាប៊ន នឹងសរសេររបាយការណ៍លើកដំបូងរបស់ខ្លួនដាក់ក្នុងសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅពេលខាងមុខនេះ៕


អត្ថបទទាក់ទង

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្វាគមន៍ទទួលជួបពិភាក្សាការងារជាមួយលោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត ក្នុងឱកាសលោកនឹងត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជា ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្វាគមន៍ទទួលជួបពិភាក្សាការងារជាមួយលោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត ក្នុងឱកាសលោកនឹងត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជា ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

ស្ថានទូត​ស៊ុយអែត​បន្ត​ប្តេជ្ញា​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​បើ​ទោះ​បី​ដក​ទូត​ចេញ​ពី​កម្ពុជា​

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

អង្គការ​សហ​ប្រជា​ជាតិ​ជំរុញ​ឱ្យ​​កម្ពុជា​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សិទ្ធិ​មនុស្ស​អន្តរជាតិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ