មន្រ្តី​ឧទ្យា​នុរក្ស​សោកស្តាយ​ចំពោះ​មតិ​រិះគន់​ដែល​​ផ្ទុយ​ពី​ការ​ពិត​​ជុំវិញ​ការ​ថែ​ទាំ​សត្វ​ព្រៃ​នៅ​ភ្នំតាម៉ៅ​

សត្វតោដែលត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូច បច្ចុប្បន្នរស់នៅក្រោមការមើលថែពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ (ហ៊ន ថូវ៉ាន)

មន្ត្រីឧទ្យានុរក្សនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ខេត្តតាកែវ​ បាន​បង្ហាញ​ការ​សោក​ស្តាយចំពោះមតិរិះគន់​ពីសាធារណជននៅលើបណ្តាញសង្គម​ ទៅលើការងារថែទាំសត្វព្រៃ ជាពិសេសការថែទាំទៅលើសត្វតោមួយក្បាលដែលទើបនឹងដកហូតពីជនជាតិចិនកាលពីពេលថ្មីៗនេះ។

មន្ត្រីឧទ្យានុរក្ស និងជាអ្នកថែទាំសត្វព្រៃនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក យ៉ាន វីរៈ ប្រាប់ ​វីអូឌី កាលពីថ្ងៃទី៣០ ខែមិថុនា ថាថ្មីៗនេះមានមតិមួយចំនួន​នៅលើបណ្ដាញ​សង្គ​ម​បង្ហាញពី​ការ​អាណិត​អាសូរចំពោះសត្វតោមួយក្បាលដែលត្រូវបានបំបែកពីម្ចាស់ជាជនជាតិចិន ដោយអ្នកប្រើប្រាស់​បណ្តាញសង្គមទាំងនោះមានការបារម្ភថា តោមួយក្បាលនេះទទួលបានការមើលថែមិនល្អពីសំណាក់មន្រ្តីឧទ្យានុរក្សនៅភ្នំតាម៉ៅ។

លោកយល់ថា ការលើកឡើងនេះហាក់បីដូចជារូបភាពមួយដែលមិនផ្តល់ទំនុកចិត្ត​លើ​​មន្ត្រី​ឧទ្យានុ​រក្ស​ក្នុងការ​ថែទាំសត្វ​តោ និង​សត្វព្រៃដទៃទៀត។

លោកបន្តថា៖ «អស់សង្ឃឹមណាស់! និយាយត្រង់ថា [ខ្ញុំ] លែងចង់នៅជាមួយវាទៀតហើយ [សត្វព្រៃដែលលោកថែរក្សា] ហើយពួកខ្ញុំធ្វើការនៅនេះគ្មានប្រាក់ខែឯណាទៅខ្ពស់ដូចជាគេធ្វើការងារ [កន្លែងផ្សេងទៀត] ប៉ុន្តែដោយសារការស្រឡាញ់ពេញចិត្តជាមួយពួកវា អ៊ីចឹងយើងនៅទៅ»។

ក្រុមមន្ត្រីឧទ្យានុរក្សបានទទួលសត្វតោមួយក្បាលដែលដកហូតពីម្ចាស់ជាជនជាតិចិន កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ យកទៅ​កាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើការ​បន្សាំវាជាមួយ​ការរស់នៅនិងការមើលថែបែបលក្ខណៈជីវសាស្រ្ត។

​លោក យ៉ាន វីរៈ ដែលបានចូលបម្រើការងារជាអ្នកមើលថែសត្វព្រៃនៅភ្នំតាម៉ៅ រយៈពេល​៩ឆ្នាំ​មក​ហើយនោះ ក៏បានប្រតិកម្មតប​ចំពោះ​មតិរបស់​អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែល​ចង់ឱ្យ​យកសត្វ​តោ​នេះឱ្យ​​ទៅម្ចាស់របស់វាវិញ ថា​វាជាអាចជាការប្រឈម​នឹង​ហានិភ័យទៅថ្ងៃក្រោយ បើ​ឱ្យ​សត្វនោះទៅរស់នៅជាមួយម្ចាស់វិញ ព្រោះ​​សត្វតោ​ជាប្រភេទសត្វព្រៃដែល​មានភាព​កាច​សាហាវ និ​ងអាចបង្កគ្រោះថ្នាក់ នៅពេលដែលវាបញ្ចេញសារធាតុព្រៃរបស់វាចេញមក។​

លោកបន្តថា៖ «ចុះឧទាហរណ៍វាធំជាងហ្នឹង ហើយពេលដែលវារួច ហើយទៅខាំអ្នកណាមួយ សួរថាពេលហ្នឹងអ្នកណាជាអ្នកដែលទទួលខុសត្រូវ [ដល់ពេលមានបញ្ហាកើតឡើង] មិនគិតថាខាងភ្នាក់ងារអភិរក្សមិនចេះមើល មិនចេះថែ? ហ្នឹងខុសទៀត ចាំតែខុស»។

សត្វ​​តោឈ្មោលមួយក្បាលនេះមានឈ្មោះថា​ ហ៊ីម៉ា​ ត្រូវបានចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយ​​កន្លែងស្ថិតនៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ តាំងពីនៅតូច ហើយមកដល់ពេលនេះ វា​មានអាយុ១ឆ្នាំកន្លះ និងស៊ីសាច់ឆ្អិនមួយថ្ងៃ ៦គីឡូ។  

ចំណែកមន្ត្រីឧទ្យានុរក្សនិងជាអ្នកថែទាំសត្វព្រៃនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមួយរូប​ទៀត លោក សំ វឿន មាន​ប្រសាសន៍ថា ការមើលថែនិងចិញ្ចឹមសត្វព្រៃទាំងនេះជួប​ការលំបាកច្រើន​​ ជាពិសេស​គឺ​ពេលដែលពួកវាឈឺនិងពេលវានៅតូច។

លោកបន្តទៀតថា៖ «ធម្មតា [ការរិះគន់] វាប៉ះពាល់មកលើពួកខ្ញុំខ្លះដែរហើយ វាមិនអត់ទេ ព្រោះពួកខ្ញុំខំថែទាំមើលយកចិត្តទុកដាក់ គ្រាន់តែថា ការរិះគន់របស់ពួកគាត់​វាមិនត្រឹមត្រូវ ប៉ុន្តែខ្ញុំក៏មិនប្រកាន់ពួកគាត់ដែរ ខ្ញុំមិនហាមឃាត់បងប្អូនមិនឱ្យ​​រិះគន់ទេ រិះគន់ចុះ! តែយើងមុននឹងរិះគន់ យើងមើលសិន មិនមែនឮគេថា ថាតាមគេទេ យើងមកមើលផ្ទាល់សិនមក»។

ជុំវិញករណីដែលអាជ្ញាធរដកហូតសត្វតោពីម្ចាស់របស់វាមករក្សាទុកនៅភ្នំតាម៉ៅ មន្ត្រីឧទ្យា​នុ​រក្សរូបនេះយល់​​ថា​ជារឿងដែលត្រឹមត្រូវ ដោយសារ​ការចិញ្ចឹមសត្វព្រៃនៅក្នុងផ្ទះជា​រឿង​ដែល​ខុសច្បាប់​។

លោកបន្តថា៖ «ធម្មតា មនុស្សយើងម្នាក់ៗ សត្វដែលយើងធ្លាប់ចិញ្ចឹម វាចេះតែស្រឡាញ់ ចេះតែអាណិត ចេះតែស្រណោះហើយ ប៉ុន្តែនៅក្នុងប្រទេសរបស់យើងគឺមានច្បាប់ មានច្បាប់​ការថែទាំសត្វព្រៃដែលយើង[ចិញ្ចឹម]អត់មានច្បាប់ត្រឹមត្រូវ អាហ្នឹងគេត្រូវការដកហូតហើយ»។

លោក​ ឆោម ពន្លឺ វ័យ១៨ឆ្នាំ ជាភ្ញៀវទេសចរដែលទៅ​កម្សាន្តនៅសួនសត្វភ្នំតាម៉ៅ បាន​បង្ហាញ​​​ការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរដែលដកហូតសត្វតោមួយក្បាលនោះយក​មកថែរក្សាទុកនៅភ្នំតាម៉ៅ ដោយហេតុថា​ នៅទីនោះ វាមានលក្ខខណ្ឌសមស្របសម្រាប់​ការរស់នៅរបស់សត្វព្រៃ ជាពិសេសគឺអម្បូរសត្វតោដែលជាសត្វកំណាចនោះតែម្ដង។

លោកបន្តទៀតថា​៖ ​«វាជាប្រភេទសត្វព្រៃ សារជាតិវាព្រៃ ដល់ពេលយើងយកវាមកចិញ្ចឹមជាប្រភេទសត្វស្រុក ខ្ញុំគិតថាទាល់តែយើងអ្នកដែលរក្សាវា មើលថែចិញ្ចឹមហ្នឹង មានបទពិសោធន៍ក្នុងការចិញ្ចឹមវាដែរ។ បើយើងចេះតែចិញ្ចឹមវាបែបលក្ខណៈតែតាមអារម្មណ៍របស់យើង ក៏វាពិបាកដែរ»។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គីម​ហុង ក៏បានគាំទ្រ​ចំពោះការដកហូតយកសត្វតោនេះ​ទៅថែរក្សានិងឱ្យ​​វារស់នៅជាលក្ខណៈធម្មជាតិនេះដែរ។

លោកថា៖ «ការដកហូតសត្វតោយកទៅសង្គ្រោះនេះ គឺជារឿងមួយដែលអនុវត្តទៅតាមនីតិវិធីច្បាប់ ដែលពលរដ្ឋគ្រប់រូបចាំបាច់ត្រូវតែធ្វើការអនុវត្តយ៉ាងម៉ឺងម៉ាត់។ ហើយតោដែល​ជាប្រភេទសត្វព្រៃកម្រនេះគួរតែរស់នៅក្នុងព្រៃ ហើយវាមិនមែនជាប្រភេទ​សត្វចិញ្ចឹម​ដែលត្រូវយកមកដាក់ចិញ្ចឹមនោះទេ»។

លោកក៏បានអំពាវនាវដល់សាធារណជន គួរ​​បញ្ឈប់​ការលើកទឹកចិត្តឱ្យ​​ចិញ្ចឹមសត្វព្រៃនៅ​ក្នុង​ផ្ទះ​ និងគួរអនុវត្តវិធានការ​ច្បាប់ឬការ​ដាក់ពិន័យចំពោះ​អ្នកដែលចិញ្ចឹមនិងជួញដូរសត្វព្រៃខុសច្បាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា​ មកទល់នឹងពេលនេះ នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មាន​សត្វតោចំនួន៥ក្បាល បូករួមទាំងតោមួយក្បាល​ដែលទើបតែដកហូតពីជនជាតិចិននេះ។ ​សត្វ​​តោទាំងនោះមានអាយុចន្លោះពី២ឆ្នាំកន្លះ ទៅ៣ឆ្នាំ និងមានទម្ងន់ចាប់ពី១៧០គីឡូក្រាម ដល់​២០០គីឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ