អាជីវករ​​ត្អូញត្អែរ​​ពី​ជីវភាព​​ ខណៈ​អាជ្ញាធរ​​ចេញ​​ចំណាត់​​ការ​​មិន​​ឱ្យ​​ដាក់​​លក់​​ម៉ូតូ​​ឡាន​​លើ​​ចំណី​​ផ្លូវ​​

ម៉ូតូដាក់តម្រៀបជួរគ្នាលក់នៅហាងមួយកន្លែងតាមបណ្ដោយផ្លូវគិរីរម្យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។ (សារុំ ស្រីណាត)

អាជីវករ​លក់​ដូរ​ម៉ូតូមួយចំនួន​​នៅរាជធានីភ្នំពេញ ​ត្អូញ​ត្អែរ​ពីបញ្ហា​​​ជីវភាព​ ខណៈ​អាជ្ញា​ធរ​ចេញ​វិធាន​ការ​​មិន​ឱ្យ​ពួក​គេ​ដាក់លក់​​ម៉ូតូ​​​​នៅ​លើ​ដី​ចំ​ណី​ផ្លូវ​សាធារណៈ​ ក្រោម​ហេតុ​ផល​​រៀប​ចំ​សណ្ដាប់​ធ្នាប់​ ស្របពេលដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩​។

ការ​ត្អូញ​​ត្អែរ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពីរដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០២១ បាន​​​ចេញ​សេចក្ដី​សម្រេចមួយ​ ដោយ​​មិន​ឱ្យ​អាជីវករ​ប្រើប្រាស់​ចំ​ណី​​ផ្លូវ​​សម្រាប់លក់ដូរម៉ូតូនិងរថយន្ត​​ទៀតទេ​​។ រដ្ឋបាលរាជធានីភ្នំពេញ បាន​​ទុក​រយៈពេល​២​ខែ​ឱ្យអាជីវកម្ម ដែលអាជ្ញាធរថា​ លក់ដូរគ្មានសណ្តាប់ធ្នាប់​ទាំង​នោះ រើ​​ចេញ​ទៅ​ជាយ​ក្រុងវិញ​។

អាជីវករ​មួយ​រូប​ដែ​ល​ប្រកប​របរ​លក់​ម៉ូតូ​នៅ​ហាង​ ទ្រី​ មុំ​ តាម​​បណ្ដោយ​ផ្លូវ​គិរីរម្យ​​ បានលើកឡើងកាលពីថ្ងៃទី​០១​ ខែ​កក្កដានេះ​ថា ការសម្រេចរបស់អាជ្ញាធរនេះបានបង្កឱ្យ​ពួកគាត់ជួបបញ្ហា​ប្រឈមនិង​អាច​បាត់​បង់​ចំណូល​កាន់​តែ​ច្រើ​ន ខណៈ​កម្ពុជា​កំពុង​មានការ​ឆ្លងរាលដាលនៃជំងឺ​​កូវីដ-១៩​។

លោកបាន​និយាយ​​ថា៖ «​បើ​យើង​គិត​ស្ថាន​ភាព​ឥលូវ​ មិន​គួរ​ទេ!​ ទី​១ ​ស្ថានភាព​កំ​ពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ ការ​លក់​​ដូរ​គាំង​ ទី​២ ​ថ្លៃ​ផ្ទះ ​គេ​មិន​ចុះ​ទេ​ យ៉ាង​ច្រើន​ចុះ​តិច​តួច​បំ​ផុត​ទេ ​ព្រោះ​​យើង​ចុះ​កុងត្រា​ ទី​៣ ឧបមា​យើង​​លក់​ក្នុង​​ផ្ទះ​ សួរ​ថា ដាក់​ម៉ូតូ​បាន​១០គ្រឿង​ តែ៣គ្រឿង​​ណែន​បាត់​ទៅ​ហើយ​ តើយើង​រៀប​ម៉ូតូ​កន្លែងណា​»។

លោក​បាន​សំ​ណូម​​ពរ​ដូច្នេះថា​៖ «ធ្វើ​យ៉ាង​ម៉េច​អនុវត្ត​​​ច្បាប់​ឱ្យ​វា​ស្មើ​ភាព​គ្នា​ កុំ​ធ្វើ​តាម​តំ​ប​ន់ ​[…] ឱ្យ​ធ្វើ​ជា​គោល​ការណ៍​ទៅ​ សំខាន់​អនុវត្ត​ឱ្យ​នៅ​ក្រោម​ច្បាប់​តែ​មួយ​ទៅ​»។

អាជីវករលក់ម៉ូតូ​​​មួយ​រូប​ទៀត​​វ័យ​៤០​ឆ្នាំ​ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិង​ស្លាក​យីហោ​ហាង​របស់​​ខ្លួន​​ថា លោក​បាន​ប្រកប​របរ​លក់ម៉ូតូនៅលើបណ្តោយមហាវិថីព្រះសីហនុ ម្តុំអតីតរោងភាពយន្ត​គិរី​រម្យ​នេះ ប្រមាណ​ជាង​១០​ឆ្នាំមក​ហើយ។ លោកយល់ថា ចំណាត់ការ​របស់អាជ្ញាធរនៅពេលនេះបាន​បង្ក​ផល​​​​ប៉ះ​ពាល់​ទៅ​លើ​ចំ​ណូលជី​វភាពប្រចាំ​ថ្ងៃរបស់ពួកគាត់​​កាន់​តែ​ខ្លាំង​​​។

លោក​​បាន​លើក​ឡើង​ថា​៖ «គាត់​ចាត់​មក​បែបហ្នឹង​ល្អ​ តែប៉ះ​ពាល់​យើង​ខ្លាំង​ ដោយសារ​យើង​នៅ​នេះ​ យើង​លក់​តូច​តាច​ យើង​មិន​មែន​បែប​ជា​ហាង​ធំ​ទេ​ រកបានត្រឹមតែរស់​និងចិញ្ចឹម​​ជីវិត​ក្រុម​គ្រួសារ​ទេ​ មាន​កូន​ចៅ​ពីរ​​បី​នាក់​ […]​ ដល់​តែពេល​​គាត់បិទ ​ឱ្យ​លក់​ក្នុង​ផ្ទះអ៊ី​ចឹង​ ប៉ះ​ពាល់​ដែរ!​ ប៉ះ​ពាល់​ខ្លាំង​ យើង​បី​​បួន​​ដប់​ថ្ងៃ​ លក់​បាន​មួយ​គ្រឿង​ ឥលូវ​បែរ​ជា​គ្មាន​មនុស្សមួយ​»។

​​អាជីវករដដែលបាន​សំ​ណូម​ពរ​ដល់អាជ្ញាធរ​បន្ធូរ​បន្ថយ​វិធាន​ការ​នេះ​ ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ពួកគាត់។

វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញករណីនេះពីលោក​​​ មាន ចាន់​យ៉ាដា​ អភិបាល​រង​រាជ​ធានី​ភ្នំ​ពេញ​ និង​លោក​​ ម៉េត មាស​ភក្ដី​ អ្នក​នាំ​ពាក្យ​រដ្ឋបាល​​រាជធានី​ភ្នំ​ពេញ​ បាន​ទេ នៅថ្ងៃសុក្រនេះ។ ​

ប្រធានមជ្ឈ​មណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គាំទ្រ​ចំពោះចំ​ណាត់​ការរបស់​អាជ្ញាធរ ដោយថា វិធានការនេះនឹង​អាចជួយសម្រួលដល់ការស្ទះចរាចរណ៍នៅរាជធានី​ភ្នំពេញ​បាន​មួយកម្រិត ហើយករណីនេះក៏​មិនប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវករដែរ ព្រោះពួកគាត់​នៅតែអាចបន្តលក់បាន។ តែយ៉ាងណា​ លោក​ជំរុញឱ្យអាជ្ញាធរគួរតែអនុវត្តច្បាប់ឱ្យ​​មានភាព​ស្មើ​គ្នា​​។

លោកថា៖ «ប៉ុន្តែបើការអនុវត្តមិនស្មើភាពគ្នា បានជាបញ្ហា! ឧបមាថា ស្រាប់តែគាត់ដាក់ថា១០ផ្ទះ ហើយ៧ផ្ទះដាក់ចូលក្នុង ហើយ៣ផ្ទះមិនដាក់ចូលក្នុង អាហ្នឹងហើយជាបញ្ហាដែលអាចធ្វើឱ្យ​មានការប៉ះពាល់ដល់ការរកស៊ីរបស់គាត់។ បើសិនដាក់ចូលទាំងអស់គ្នាហើយ គឺលែងប៉ះពាល់​ហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ