សហ​គមន៍​នេសាទ​ថា​ ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតា​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​រង​ការ​កាប់​បំផ្លាញ​

ក្រុមការងារថ្នាក់ស្រុកនិងអ្នកពាក់ព័ន្ធ ចុះបោះបង្គោលព្រំដីព្រៃលិចទឹក ស្ថិតនៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកក្រូចឆ្មារ)

ប្រជាសហគមន៍នេសាទ អះអាងថា ព្រៃលិចទឹករាប់ពាន់ហិកតានៅជុំវិញបឹងទន្លេសាបបានរងការកាប់បំផ្លាញនិងទន្ទ្រានយកធ្វើ​កម្មសិទ្ធិ ដោយពុំមានការទប់ស្កាត់និងវិធានការច្បាប់តឹងរ៉ឹងពីអាជ្ញាធរពាក់ព័ន្ធទៅលើជនល្មើសឡើយ។

ប្រធានបណ្តាញសហគន៍សម្ព័ន្ធនេសាទកម្ពុជាប្រចាំខេត្តពោធិ៍សាត់ លោក អូត ឡុង ឱ្យដឹងថា ក្នុង​ខេត្តពោធិ៍​សាត់ ព្រៃលិចទឹកនៅឃុំមួយចំនួនដូចជា នៅឃុំកញ្ជរ ឃុំអន្សាចំបក ឃុំស្នាមអន្សា ឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំផ្សេងៗទៀត មិនក្រោម១ ០០០​ហិកតា​ទេ បានរងការកាប់បំផ្លាញនិងទន្ទ្រានយកធ្វើកសិកម្មពីសំណាក់ជនខិលខូច ហើយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។

លោកបន្ត​ថា៖ «មួយចំណុចកើតមានបទល្មើស កើតបទល្មើសប្រហែល៥០ទៅ៦០ហិកតា។ ចុះមួយ​ឃុំ? មិន​មែន​មាន​តិច​ចំណុចឯណា មាន៥ទៅ៦ចំណុចនោះ! អ៊ីចឹងខ្ញុំថា នៅខេត្តពោធិ៍សាត់មានរាប់ពាន់ហិកតា។ បើអ្នករៀបចំច្បាប់ អនុវត្តច្បាប់ អត់យកច្បាប់មកអនុវត្ត អាហ្នឹងវារលាយទាំងអស់គ្នាហើយ មានការហាមឃាត់មែន ប៉ុន្តែអត់ចាប់អ្នកប្រព្រឹត្តបទល្មើសហ្នឹងមកដាក់ទោស»

បើតាមលោក អូត ឡុង នៅខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងកំពង់ធំ ជាដើម ក៏មានការកាប់បំផ្លាញព្រៃលិច​ទឹក​ធ្ងន់ធ្ងរ​គួរឱ្យព្រួយបារម្ភដែរ ដើម្បីយកដីធ្វើស្រែប្រាំងនិងធ្វើកសិកម្មផ្សេងៗទៀត។

មុខរបរ​ជាអ្នកនេសាទ លោក ជា សារ៉ាក់ រស់​នៅស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង បានប្រាប់ វីអូឌី ថាព្រៃលិចទឹករាប់រយហិកតាក្នុងតំបន់៣​ ដែលជាព្រៃតំបន់ការពារ​សម្រាប់​ត្រីព​ងកូន ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ត្រូវបានជនខិលខូចរុករានកាប់បំផ្លាញជាបន្តបន្ទាប់ធ្វើជាកម្មសិទ្ធិ។

លោក ជា សារ៉ាក់ បន្តថា សកម្មភាពកាប់បំផ្លាញព្រៃលិចទឹកនេះ គឺលោកសង្កេតឃើញ​មន្ត្រីបរិស្ថាននិងមន្ត្រីជលផលចុះពិនិត្យមើលដែរ ប៉ុន្តែ​ពុំមានចំណាត់ការណាមួយទៅលើជនល្មើសនោះទេ ខណៈព្រៃលិចទឹកនៅតែបន្តកាប់បំផ្លាញ និងសកម្មភាពចូលទៅធ្វើស្រែលើដីនោះនៅតែបន្តកើតមាន។

លោកបន្ថែមថា៖ «និយាយឱ្យចំទៅ អ្នកកាប់ហ្នឹង កាប់ហ្នឹង មានទាំងពលរដ្ឋនិងអាជ្ញាធរលាយគ្នា ហើយមានអ្នកខ្លះបាន៤ទៅ៥ហិកតាម្នាក់ឯង។ ខ្ញុំមិនមានអីទេ គ្រាន់សុំឱ្យអាជ្ញាធរពង្រឹងការទប់ស្កាត់ កុំឱ្យមានការកាប់ទន្ទ្រានបន្ថែម​ទៀត។ ជួយថែរក្សាគ្នាទៅ ព្រោះឥលូវវាអស់ព្រៃទៅហើយ។ យើងព្រួយបារម្ភថា បើអស់ព្រៃ​ទៅ វាអត់មានកន្លែងត្រីពង ត្រីក៏ពិបាករក ព្រៃក៏អស់»

បណ្តាញ​សហគមន៍នេសាទកំពង់គោ ​នៅខេត្តកំពង់ធំ អ្នកស្រី យ៉ង សំខាន់ និយាយថា ការកាប់បំផ្លាញព្រៃលិចទឹកនៅខេត្តកំពង់ធំ ក៏កំពុងកើតមានគួរឱ្យព្រួយបារម្ភផងដែរ ជាពិសេសឃុំផាត់សណ្តាយ ស្រុកស្ទោង។

បណ្តាញស​ហគមន៍រូបនេះបន្តថា ការបាត់បង់ព្រៃលិចទឹក​នឹងធ្វើឱ្យប៉ះពាល់ដល់ជម្រកត្រីពងកូន និងបរិស្ថានដែលបង្ក​ឱ្យមាន​គ្រោះធម្មជាតិ ជាដើម។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមាន​ការបារម្ភខ្លាំងណាស់ ព្រោះកាលណាបាត់បង់ព្រៃទឹក​ទៅ វានឹងធ្វើឱ្យមច្ឆជាតិយើង​នឹងបាត់បង់ដែរ ហើយគួបផ្សំជាមួយការនេសាទដែលប្រើឧបករណ៍ដែលខុសច្បាប់ច្រើនថែមទៀត អ៊ីចឹង​ផល​ត្រី​យើង​នឹងកាន់តែថយចុះដែរ។ ហើយមួយទៀត ខ្ញុំបារម្ភខ្លាំងជាងគេ គឺគ្រោះធម្មជាតិ»

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា ក្រសួងបានដឹងអំពីបញ្ហាការកាប់បំផ្លាញនិងទន្ទ្រានយក​ដីព្រៃទឹកនេះ។ លោកបន្តថា ក្រសួងបានបញ្ជូនមន្រ្តីពាក់ព័ន្ធចុះពិនិត្យនិង​ពិភាក្សាការងារជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យមានវិធានការចំពោះបញ្ហានេះហើយ។

លោក​បន្ត​​ថា បញ្ហានេះ អាជ្ញាធរពាក់ព័ន្ធ​ត្រូវការពេលវេលាក្នុងការស្រាវជ្រាវនិងកំណត់មុខសញ្ញាជនល្មើសនិងអ្នកពាក់ព័ន្ធផងទៀត។

លោកបន្ថែមថា៖ «សូមបញ្ជាក់ នៅចុងឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចទៅជូនគណៈបញ្ជាការឯកភាពខេត្ត ដែលមានឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ជាអ្នកទទួលបន្ទុកបង្រ្កាបបទល្មើសនេសាទ ព្រៃឈើ។ យោងតាមអនុក្រឹត្យ ១៥៦ អនក្រ.បក ចុះថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០១៤ និងសារា​ចរ​លេខ០៥ សជណ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ចុះថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ​២០១៦»

ប្រធានអង្គ​ការ​សម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សុចែត មានប្រសាសន៍ថា កត្តាដែលនាំឱ្យមានការកាប់បំផ្លាញព្រៃលិច ដោយសារតែកំណើន​​ប្រជាពលរដ្ឋដែលត្រូវការដីធ្វើកសិកម្មមានការ​កើនឡើង​​ ការបែងចែក​ដីជូនពលរដ្ឋនៅជិតតំបន់ការពារ ការលោភលន់របស់ជនខិលខូច ភាពកម្សោយរបស់មន្ត្រីអនុវត្តច្បាប់ និង​ការប្រព្រឹត្តអំពើពុកលួយរវាងអាជ្ញាធរពាក់ព័ន្ធនិងជនល្មើស ជាដើម។

លោកបន្តថា ការបាត់បង់ព្រៃលិចទឹកនឹងធ្វើឱ្យប៉ះពាល់ដល់ជម្រកសម្រាប់ត្រីពងកូន និងធ្វើឱ្យថយចុះនូវទិន្នផលត្រីធម្មជាតិ​ផង​ដែរ។

លោកបន្ថែមថា៖ «មានតែការរឹតបន្តឹងការអនុវត្តច្បាប់ទេ ទើបរក្សាព្រៃលិចទឹកនេះបានយូរ ដូចជា​ច្បាប់គ្រប់​គ្រងព្រៃលិចទឹក កំណត់ថាមានទោសយ៉ាងម៉េច​ យើងត្រូវអនុវត្តតាមហ្នឹងទៅ។ ប៉ុន្តែទន្ទឹមនឹងការរឹតបន្តឹង​​ច្បាប់​នេះ រដ្ឋាភិបាលត្រូវដោះស្រាយចំពោះពលរដ្ឋដែលរស់នៅក្នុងទឹក តាមដៃបឹងទន្លេសាបហ្នឹង យើង​ត្រូវយកពួកគាត់ពីទន្លេមក ដោយរ​កទីតាំងកន្លែង​គាត់​ដែលឆ្លាយពីតំបន់ការពារ ហើយមានមុខរបរ​សម្រាប់​គាត់»

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានឱ្យដឹងថា ការថម​ថយផលត្រី​ពីធម្មជាតិ​ ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ ការប្រែប្រួលរបប​ទឹកទន្លេមេគង្គ និងការប្រើប្រាស់​ដីធ្លីរបស់​ប្រជាពលរដ្ឋជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ