កម្ពុជា​នឹង​ទទួល​ខុសត្រូវ​លើ​ការ​បង់​ថ្លៃ​សិក្សា​របស់​និស្សិត​យោធា​កម្ពុជា​៦​រូប​រហូត​ដល់​បញ្ចប់​ការ​សិក្សា​នៅ​អាមេរិក​

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា រដ្ឋាភិបាលកម្ពុជានឹងទទួលខុសត្រូវលើការបង់ថ្លៃសិក្សារបស់និស្សិតយោធាកម្ពុជា៦រូប រហូតដល់បញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីយប់មិញនេះ បានសរសេរថា៖ «ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ [៦នាក] ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ភាគីអាមេរិក និងក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគតនិងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រដ្ឋាភិបាលកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។ សេចក្តីប្រកាសបន្តថា ក្រសួងការពារជាតិកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងចំណាត់ការនេះ»។

យោងតាមការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ កាលពីថ្ងៃទី១ ខែកក្កដា បានឱ្យដឹងថា និស្សិតកម្ពុជាចំនួន៦រូបដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួនក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឱ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ ដោយសារតែកម្ពុជាបានបាត់បង់នូវភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិក។ និស្សិតទាំង៦រូបនេះកំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។

លោក អារ៉ែន វ៉ាតជេស (Arend C. Zwartjes) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់ វីអូឌី តាមរយៈសារអ៊ីម៉ែល កាលពីថ្ងៃទី១ ខែកក្កដា ថាការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិក។ ប៉ុន្តែសហរដ្ឋអាមេរិកបានលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាជួយបង់ថ្លៃសិក្សាដល់និស្សិតរបស់ខ្លួនជាមួយនឹងថ្លៃសិក្សាដែលនៅសល់។

ទាក់ទងនឹងថ្លៃចំណាយលើការបង់ថ្លៃសិក្សាដែលនៅសល់នេះ វីអូឌី បានទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជាថ្មីម្តងទៀត នៅថ្ងៃទី៣ ខែកក្កដានេះ ប៉ុន្តែពួកគេស្ថិតនៅក្នុងការសម្រាកវិស្សមកាលមិនទាន់អាចឆ្លើយតបភ្លាមៗបានទេ។ យ៉ាងណាក្តី តាមប្រភពនានាបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាអាចចំណាយថវិកាប្រមាណជាង១ ១០០ ០០០ដុល្លារអាមេរិក លើថ្លៃសិក្សារបស់និស្សិតយោធាកម្ពុជាទាំង៦រូបរហូតដល់បញ្ចប់ការសិក្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ