បទ​វិភាគ​៖​ ហេតុអី​បាន​ជា​ត្រូវ​ការពារ​ឯកជន​ភាព​របស់​ពលរដ្ឋ​​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ?

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

សិទ្ធិឯកជនឬ​ឯកជនភាពរបស់ពលរដ្ឋរស់នៅក្នុងប្រទេសមួយ ពិសេសប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវបានរដ្ឋអំណាច​យកចិត្តទុកដាក់និងការពារ ត្បិតជាសិទ្ធិមួយដែលមាន​សារៈសំខាន់មិនអាចរំលោភបំពានបាន។ 

ក្រុមអ្នកឃ្លាំមើលសង្គមកម្ពុជា និយាយថា ត្បិតតែឯកជនភាពរបស់ពលរដ្ឋខ្មែរត្រូវបានធានាដោយច្បាប់​ក៏ពិត​មែន ប៉ុន្តែដោយសាររឿងនយោបាយ និងដោយសារបញ្ហាកូវីដ-១៩​ផង ក្នុងមួយ​រយៈ​ពេល​ចុងក្រោយនេះ សិទ្ធិឯកជននោះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំ​ណាក់អាជ្ញាធរ​រដ្ឋ។ លើសពីនេះ ឯកជនភាពរបស់ពលរដ្ឋមួយចំនួនក៏ត្រូវបានរំលោភបំពាន ដូចជាការលួច​មើល លួច​ស្តាប់ និងថតកិច្ចសន្ទនានោះ​ទៅចែកចាយជាសាធារណៈដោយគ្មានការចាប់ខ្លួន​យកមកផ្តន្ទាទោសទៅលើក្រុមអ្នកប្រព្រឹត្តល្មើសទាំងនោះឡើយ។ 

សំណួរត្រង់ថា តើនឹងមានអ្វីកើតឡើងនៅពេលសិទ្ធិឯកជនរបស់ពលរដ្ឋរងការរំលោភបំពានជាបន្តបន្ទាប់នោះ? 

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅក្នុងប្រទេស​ប្រកាន់លទ្ធិប្រជាធិបតេយ្យ សិទ្ធិឯកជន​របស់​ពលរដ្ឋ គឺ​មាន​សារ​ៈសំខាន់​ណាស់ក្នុងការ​រក្សា​នូវសេចក្តីថ្លៃ​ថ្នូរ កិត្តិយស និងការ​សម្ងាត់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗឬ​ក្រុមមួយ។ 

លោកបន្តថា បច្ចុប្បន្ន សិទ្ធិជាឯកជនភាព​របស់ពលរដ្ឋខ្មែរនៅមិនទាន់មានការគោរពពេញលេញ​ទេ ត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាឯកជនឬ​ក្រុមមួយត្រូវបានតាមដានយ៉ាងដិត​ដល់។ 

លោកមានប្រសាសន៍ថា៖ «បើយើងមើលបច្ចុប្បន្ន យើង​ឃើញថា​ សេរីភាពជាឯក​ជន​ភាពនិងការ​ប្រាស្រ័យទាក់ទងជាឯកជនភាពតាមប្រព័ន្ធអនឡាញ តាមបណ្តាញសង្គមក្តី តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ហ្នឹង ត្រូវមានការឃ្លាំមើលយ៉ាងដិតដល់ បើតាមយើងពិនិត្យឃើញកន្លងមកនេះ​»។ 

មន្ត្រី​សង្គមស៊ីវិលដដែល​ កត់សម្គាល់ថា ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិក្តី ការរំលោភបំពាន​ទៅលើជីវិ​តឯកជនរបស់ពលរដ្ឋក្តី ភាគច្រើនកើតមានតែនៅក្នុងប្រទេសប្រកាន់លទ្ធិកុម្មុ​យ​នីស្ត ឬ​ប្រទេសផ្តាច់ការតែប៉ុណ្ណោះ ហើយប្រសិនបើប្រទេសមួយមានការរំលោភបំពានសិទ្ធិឯកជន​​កាន់តែច្រើន ​បង្ហាញថា ប្រទេសនោះមិនបានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ​ឡើយ ព្រោះអ្វីៗ​គ្រប់យ៉ាងជាឯកជនភាពត្រូវបានតាមដាន។ 

លោក អំ សំអាត បន្តថា៖ «ដែលវាផ្ទុយពីសេរីភាពរបស់បុគ្គលក្នុងការប្រើប្រាស់ជីវិតឯកជនរបស់​គេ ​ក្នុង​ការ​សន្ទនា ក្នុងការប្រាស្រ័យទាក់ទង ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ។ អាហ្នឹង​ជាការរំលោភទៅលើឯកជនភាពនិងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែសេរីភាពទាំងអស់ហ្នឹងត្រូវបានគេឃ្លាំមើលនិងធ្វើការតាមដាន។ អ៊ីចឹងវាអស់ឯកជនភាពហ្នឹងហើយ។ អ៊ីចឹងន័យទាំងអស់ហ្នឹង បានន័យថា ការសម្ងាត់របស់ពួកគេទាំងអស់​ត្រូវបានដកហូត»។ 

ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើងថា ​សិទ្ធិសេរីភាពបញ្ចេញមតិ​ឯកជនភាពរបស់ពលរដ្ឋ ត្រូវបានការពារដោយច្បាប់កំពូលនៃប្រទេស។ យ៉ាងនេះក្តី លោក​មើលឃើញថា បច្ចុប្បន្ន សិទ្ធិជាឯកជននេះមិនត្រូវបានការ​ពារត្រឹមត្រូវនោះឡើយ ពោលគឺកាន់តែមានការរឹតត្បិត​ខ្លាំងគួរឱ្យបារម្ភ ហើយរឿងនេះមិនមែនទើបតែកើតមានឡើងនោះដែរ ខណៈជនទី៣ ឬបណ្តាញលួច​ស្តាប់​ ឬ​លួចថតកិច្ចសន្ទនា​របស់​អ្នកដទៃ មិនត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសទេ។ 

លោកមានប្រសាសន៍ថា៖ «ការលបស្តាប់ [ស្តាប់កិច្ចសន្ទនាឯកជន] រហូតធ្វើឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពក្នុងការនិយាយរវាងបុគ្គលនិងបុគ្គល ហើយធ្វើឱ្យមានការព្រួយ​បារម្ភក្នុងចំណោមមជ្ឈដ្ឋានមហាជនថា កិច្ចសន្ទនារបស់ខ្លួនហ្នឹងមិនត្រូវបានរក្សាការសម្ងាត់ទេ»។ 

លោកបន្ថែមថា៖ «អ្វីដែលកាន់តែធ្ងន់ធ្ងរទៀត នៅពេលដែលបណ្តាញលួចស្តាប់ ឬ​យើងហៅថា ភាគីទី៣ ដែលលួចស្តាប់ឯកជនភាពរបស់បុគ្គលនិងបុគ្គលហ្នឹង មិនត្រឹមតែមិនត្រូវបានស្វែងរកមុខមកទទួលខុសត្រូវនៅចំពោះមុខច្បាប់ទេ បែរជាត្រូវថ្នាក់ដឹកនាំប្រទេសសរសើរថា មានសមត្ថភាពក្នុងការលួចស្តាប់ទៅវិញ។ ទន្ទឹមជាមួយសកម្មភាពលួចស្តាប់នេះ ជាសកម្មភាពខុសច្បាប់។ បើយើងមើលទៅលើសារទំនាក់ទំនងឯកជននេះ បើយើងគិតអំពីក្រមនីតិវិធីព្រហ្មទណ្ឌ គឺមិនអាចយកទៅប្រើប្រាស់ជាភស្តុតាងក្នុងការដាក់បន្ទុកសោះឡើយ»។ 

​​ច្បាប់​ជាតិជាច្រើន​បានចែងដោយ​ហាម​ឃាត់​ការ​លប​ថត​សំឡេង​សន្ទនា​តាម​ទូរសព្ទ​របស់​អ្នក​ដទៃឬតាមបណ្តាញទំនាក់ទំនងសង្គមយកទៅចែកចាយជាសាធារណៈ។

រដ្ឋធម្មនុញ្ញ​​ មាត្រា​៤០ មិន​ត្រឹម​តែ​ការពារ​ពលរដ្ឋ​កម្ពុជាគ្រប់​រូប​ពី​ការ​លប​ថត​សំឡេង​និយាយ​សន្ទនា​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធានា​ការពារ​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរគមនាគមន៍​​ទៀត​ផង។

រីឯ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ បញ្ជាក់​​​ថា ទាំង​អ្នក​លួច​​ថត​​សំឡេង​​គេ ទាំង​អ្នក​យក​​សំឡេង​​លួច​​ថត​​នោះ​​ទៅ​​ផ្សព្វ​ផ្សាយ ត្រូវ​មាន​ទោស​ស្មើ​គ្នា។

ច្បាប់នេះ មាត្រា​៩៧ ចែង​ថា៖ «ការ​លប​ស្តាប់ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​​ទូរគមនាគមន៍ ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ខែ ​ទៅ១​ឆ្នាំ និង​ទទួល​ពិន័យ​ជា​ប្រាក់​ពី១​សែន​រៀល ​ទៅ២​លាន​រៀល។ បញ្ញត្តិ​កថាខណ្ឌ​ទី​១ ខាង​លើ​នេះ មិន​ត្រូវ​យក​មក​អនុវត្ត​ទេ ក្នុង​ករណី​ដែល​ការ​ស្តាប់ឬ​ការ​ថត​ការ​សន្ទនា​នោះ ធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធឬ​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​​»។

មាត្រា៩៧ដដែលនេះក៏បានឱ្យដឹងថា រាល់​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយដោយ​ពុំ​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​ភាគី​នៃ​ការ​សន្ទនា ឬ​ពី​អាជ្ញាធរ​ធម្មានុរូប ឬ​ពី​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ក៏​មាន​ទោស​ជាប់​ពន្ធនាគារ​ដូចគ្នាដែរ។ ​

ទោះបីជាមានការចែងពីទោសទណ្ឌបែបនេះក្តី ប៉ុន្តែកន្លងមក គេមិនសូវ​ឃើញអាជ្ញាធរអនុវត្តច្បាប់ទៅលើក្រុមជនល្មើសនោះឡើយ។ 

ជាក់ស្តែង ករណីមុនៗជាច្រើនដូចជា ករណី លោក កឹម សុខា ក្នុងសំណុំរឿងជាមួយនាង ខុម ចាន់​តារាទី ហៅ ស្រីមុំ ​កាលពីឆ្នាំ២០១៦ ដែលត្រូវបានជនទី៣ លួច​ថត​កិច្ច​សន្ទនានិង​បញ្ចេញកិច្ច​សន្ទនាដែល​គេសង្ស័យថាជាសំឡេងអតីតមេបក្សប្រឆាំងរូបនេះ​ជាសាធារណៈក្តី ប៉ុន្តែជនល្មើស​មិនត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសទេ។ បន្ថែមពីនេះ មានថ្នាក់ដឹកនាំអតីតបក្សប្រឆាំង​មួយ​ចំនួន​ទៀត ក៏ត្រូវបានគេលបស្តាប់និងថតសំឡេងសន្ទនាជីវិតឯកជនរបស់ពួកគេ ហើយបញ្ចេញជាសាធារណៈដែរ ហើយកិច្ចសន្ទនាទាំងនោះមួយចំនួនក៏ត្រូវបានរដ្ឋអំណាចយកធ្វើជាភស្តុតាង​ដាក់បន្ទុកនិងចោទប្រកាន់ទៅលើពួកគេចំពោះបទល្មើសផ្សេងៗ ដូចជា រួមគំនិតក្បត់ ប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់ជាដើម។ 

កាលពីពេលថ្មីៗនេះ ក្នុងកិច្ចពិភាក្សាជាឯកជនរបស់ក្រុមចលនាមាតាធម្មជាតិ ដឹកនាំដោយលោក អាឡិច តាមប្រព័ន្ធអេឡិចត្រូនិចហ៊្សូម (ZOOM) ក៏ត្រូវបានគេលបថតវីដេអូនិងបញ្ចេញវីដេអូនោះជាសាធារណៈ។ វីដេអូនៃកិច្ចពិភាក្សានោះ បានធ្វើឱ្យយុវជន៣នាក់ រួមមាន លោក លី ចាន់ដារ៉ាវុទ្ធ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា  ត្រូវបានចាប់ខ្លួន ហើយតុលាការបានចោទប្រាន់ពួកគេ ព្រមទាំងលោក អាឡិច ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។ ​

យ៉ាងណា ស្ទើររាល់វិធានការច្បាប់ទៅលើក្រុមអតីតសកម្មជនបក្សប្រឆាំងក្តី ទៅលើក្រុមសកម្មជនសិទ្ធិ​មនុស្ស និង​បរិស្ថានក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតែងសម្អាងថា ដោយសារកិច្ចសន្ទនាជាឯកជនភាពទាំងនោះបង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ ដែលទាមទារឱ្យចាត់វិធានការច្បាប់ឱ្យខានតែបាន។ 

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ​នៅពេលសង្គមមួយដែលជីវិត​ឯកជន​របស់ពលរដ្ឋម្នាក់ៗមិនត្រូវបានការពារត្រឹមត្រូវ ហើយរងការរំលោភបំពាន​ជា​បន្ត​បន្ទាប់ នឹង​បង្កផលប៉ះពាល់​ដល់មុខមាត់រដ្ឋាភិបាល ថែមទាំងពលរដ្ឋបាត់បង់ជំនឿចិត្តលើ​ប្រព័ន្ធគ្រប់គ្រង និងបង្ហាញពីការធ្លាក់ចុះសីលធម៌សង្គមដែលមិនបានឱ្យតម្លៃទៅលើកិត្តិយសបុគ្គលម្នាក់ៗ។

លោកថា ប្រសិនបើ​មានការរំលោភសិទ្ធិ​ឯកជនភាពតទៅទៀត នោះមិនមែនជាសញ្ញាល្អសម្រាប់​សង្គមមួយនោះឡើយ។

លោកបន្ត​ថា ការយកកិច្ចសន្ទនាឯកជននោះមកធ្វើការចោទប្រកាន់ទៅលើពលរដ្ឋដែលមានគំនិតផ្ទុយដោយមិន​បានបង្កផលប៉ះពាល់ដល់សង្គមនោះទេ នឹងធ្វើឱ្យបាត់បង់នូវធាតុផ្សំមួយក្នុងប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ។  

លោកបណ្ឌិត ប៉ា ចន្ទរឿន បន្ថែមថា៖ «ដូច្នេះហើយ ប្រសិនបើការនិយាយស្តីរបស់ប្រជាពលរដ្ឋនៅក្នុងទ្រង់ទ្រាយជាឯកជនរបស់គាត់ទេ ហើយអាជ្ញាធរទៅចោទប្រកាន់ថា អាហ្នឹងជាពាក្យញុះញង់ ពាក្យអុចអាលអីឱ្យវាមានប៉ះពាល់ទៅដល់សន្តិសុខជាតិអីហ្នឹង គឺទាល់តែយើងពិនិត្យជាក់ស្តែងតទៅទៀត ថាតើវាមានភ្ជៈសនកម្មកើតមានហើយឬនៅ? ឬក៏ការចោទប្រកាន់ឬការចាត់វិ​ធានការ​របស់អាជ្ញាធរមួយចំនួនហ្នឹង វាអាស្រ័យទៅលើការវិនិច្ឆយផ្ទាល់ខ្លួននោះទេ? ដូច្នេះ​ គួរតែមានការពិនិត្យមើលឡើងវិញ បើមិនអ៊ីចឹងទេ យើងនឹងបាត់បង់សំឡេងផ្ទុយ សំឡេងផ្សេង​ដែលជាធាតុសំខាន់មួយនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលទាមទារឱ្យមានការផ្តល់មតិត្រឡប់ពីការពេញចិត្តនិងការកើតទុក្ខមិនសុខចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់អំណាច ជាអ្នកប្រើប្រាស់នូវសេវាកម្មដែលផ្តល់ដោយមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាល»។ 

គេនៅចាំបានថា នៅក្នុងរបបកុម្មុយនីស្តខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ឬ «របបអាវខ្មៅ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ» សិទ្ធិជាមូលដ្ឋានទាំងអស់ត្រូវបានលុបចោល ដូចជា សិទ្ធិមានកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ខ្លួន ពិសេសសិទ្ធិបញ្ចេញមតិ សិទ្ធិនៃជីវិតឯកជនរបស់ពលរដ្ឋខ្មែរម្នាក់ៗ ត្រូវបានរដ្ឋអំណាចដកហូតទាំងស្រុង ក្រោមស្លាកឈ្មោះ «អង្គការ» ហើយអ្វីៗគ្រប់យ៉ាងរបស់ពលរដ្ឋខ្មែរនាពេលនេះ សូម្បីតែជីវិតក៏ជាកម្មសិទ្ធិអង្គការដែរ។  

អង្គការដែលមានឫទ្ធានុភាពអំណាចលើព្រះទៀតនោះ បានរំលោភបំពានគ្រប់យ៉ាងលើសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ក្រោមរូបភាពនៃ «អង្គការភ្នែកម្នាស់» ហើយសូម្បីតែគូស្វាមីដែលអង្គការរៀបចំផ្សំផ្គុំឱ្យរួច កម្មាភិបាលរបស់ខ្លួនឬកងឈ្លបត្រូវតាមដានពួកគេ ដើម្បីឱ្យប្រាកដថា ពួកគេចុះដំណេកគ្នាឬអត់! ហើយបើមិនចុះដំណេកគ្នា អង្គការត្រូវយកពួកគេទៅរៀនសូត្រ ដែលមានន័យថា «សម្លាប់ចោល»។ 

ប្រហែលដោយសារអំពើជិះជាន់ ការបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋខ្មែរទាំងនេះហើយ ទើបសម័យខ្មែរក្រហម គេមើលឃើញថា មិនមានការរីកចម្រើនឡើយ ត្បិតមិនមានសំឡេងចម្រុះចូលរួមក្នុងការអភិវឌ្ឍសង្គម ពោលគឺមានតែការបាត់បង់ជីវិតពលរដ្ឋខ្មែរកាន់​តែច្រើនតែប៉ុណ្ណោះ ក្រោមការចោទប្រកាន់ទៅលើក្រុមមនុស្សដែលមានសកម្មភាពឬ​គំនិតផ្ទុយ​ពីខ្លួន​ថា​ជា​ខ្មាំង ហើយចុងក្រោយ មិនដល់៤ឆ្នាំផង របបខ្មែរក្រហមក៏ត្រូវបានដួលរំលំទៅវិញដោយចៀសមិនរួច៕


អត្ថបទទាក់ទង

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

អង្គការ​សហ​ប្រជា​ជាតិ​ជំរុញ​ឱ្យ​​កម្ពុជា​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សិទ្ធិ​មនុស្ស​អន្តរជាតិ

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

ទស្សនៈ​ពលរដ្ឋ​មួយ​ចំនួន​ជុំវិញ​ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ