នាយក​រដ្ឋ​មន្ត្រី​ជំរុញ​​ឱ្យ​ការពារ​ប្រាសាទ​បុរាណ​ ចំ​ខួប​នៃ​​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​​ជា​​បេតិក​​ភណ្ឌ​ពិភ​​ព​​លោក​

ប្រាសាទព្រះវិហារដែល​ស្ថិត​លើកំពូល​ភ្នំដងរែក​ជាប់​តំបន់​ព្រំដែន​កម្ពុជា​-ថៃ ក្នុង​ខេត្តព្រះវិហារ។

ប្រមុខរដ្ឋាភិបាលអំពាវនាវឱ្យ​​ចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់​នៅទូទាំងប្រទេសឱ្យ​​បានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។ 

ការអំពាវនាវនេះ ធ្វើឡើង​ចំថ្ងៃខួប​លើក​ទី១៣​ ដែលអង្គការយូណេស្កូ (UNESCO) បានដាក់បញ្ចូលប្រាសាទព្រះវិហារ​ ជាសម្បតិ្ត​បេតិកភណ្ឌ​ពិភព​លោក កាលពីថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន នៅថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០២១​នេះ បាន​សរ​សេរ​សារនៅលើទំព័រហ្វេស​ប៊ុករបស់​លោកថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ 

លោកនាយករដ្ឋមន្ត្រី សរសេរថា៖ «សូមចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យ​​បានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់»។

ប្រាសាទ​ព្រះវិហារ មានទីតាំងនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក ជាប់ព្រំដែនថៃ។

​ឯកសារ​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែររបស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ព​ឆ្នាំ​២០០៨ បាន​ឱ្យដឹង​ថា ​​ប្រាសាទ​​ព្រះវិហារ​​ ត្រូវ​បាន​ផ្ដើម​កសាងឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គព្រះនាម ​​ព្រះបាទ យសោវរ្ម័ន​ទី​១ ដែល​គ្រង​រាជ្យ​ចន្លោះពី​ឆ្នាំ​៨៨៩ ដល់​ឆ្នាំ​៩០០ នៃ​គ្រិស្ត​សករាជ។ ព្រះអង្គ​ក៏ជា​​​ស្ថាបនិកទីក្រុង យសោធបុរៈ ឬ​ទីក្រុង​អង្គរ​ នៅ​ខេត្ត​សៀមរាប​​សព្វ​ថ្ងៃផងដែរ។

ប្រភពដដែល​បន្ត​ថា ប្រាសាទ​ព្រះ​វិហារ ​ត្រូវ​បាន​ស្ថាបនា​បង្ហើយ​តាម​ព្រះរាជ​បំណង​របស់​ព្រះបាទ សូរ្យវរ្ម័ន​ទី​១ ដែល​សោយ​រាជ្យ​ពី​ឆ្នាំ​១០០២ ដល់​ឆ្នាំ​១០៥០ នៃ​គ្រិស្ត​សករាជ។  រីឯ​ព្រះ​បាទ សូរ្យវរ្ម័ន​ទី​២ ដែល​បាន​សោយ​រាជ្យ​ពី​ឆ្នាំ​១១១៣ ដល់​ក្រោយ​ឆ្នាំ​១១៤៥ នៃ​គ្រិស្ត​សក​រាជ និង​ជាព្រះមហាក្សត្រកសាងប្រាសាទអង្គរវត្តផងនោះ ​ព្រះអង្គ​ក៏​បានរួមចំណែក​សាង​សង់​បន្ថែម​​លើ​ទម្រ​ចាស់នៃប្រាសាទព្រះវិហារ ក្នុងរជ្ជកាលរបស់ព្រះអង្គ​ផង​ដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ