លោក​ ហ៊ុន​ សែន​ ថា​​ជំនួយ​របស់​ចិន​ជួយ​ពង្រឹង​ឯករាជ្យ​ភាព​របស់​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងថ្ងៃទទួលជំនួយវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា ជំនួយរ​បស់ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផង​ដែរ។

ការថ្លែងបែបនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី៦ ខែកក្កដា នៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភព​លោក ដែលក្នុងនោះក៏មាន «គណបក្សប្រជាជនកម្ពុជា» របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

តា​មរយៈវេទិកានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសតូចតាចនិងក្រីក្រត្រូវការចាំបាច់នូវឯករាជ្យនិងអធិបតេយ្យភាព ដោយមិនចង់ឱ្យអ្នកណាបង្គាប់បញ្ជានិងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រីចង់បានន័យថា រាល់ជំនួយរបស់ចិនមិនដែលភ្ជាប់នូវលក្ខខណ្ឌឬបញ្ជាឱ្យកម្ពុជាធ្វើអ្វីតាមបំណងរបស់ចិនឡើយ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងន័យនេះ ជំនួយរបស់មិត្តចិនគឺពិតជាជួយទៅដល់ការពង្រឹងនូវឯករាជ្យខាងនយោបាយ ដើរទន្ទឹមជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ»។

នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសរសើរប្រទេសចិនចំៗបែបនេះ។ កាលពីថ្ងៃទី២ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាស​ដោយបើកចំហ​ដែរថា ​កម្ពុជាចាំបាច់​ត្រូវយក​ប្រទេសចិន ​ធ្វើជាខ្នងបង្អែក​យុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដោយមិនខ្វល់​ពីការរិះគន់​អ្វីទាំងអស់។

ទោះជាយ៉ាងនេះក្តី សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មិនឯកភាពទាំង​ស្រុង​តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា​នោះទេ។ លោកសាស្ត្រាចារ្យយល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺមានទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ខ្ញុំមិនយល់ស្របទាំងស្រុងនោះទេ ដោយ​សារ​តែលក្ខខណ្ឌដែល​លោកខាងលិចលើកឡើង ភាគច្រើនវាជួយជ្រោម​ជ្រែង ឬផ្តល់​នូវលំហសេរីភាព ឬសិទ្ធិប្រជាពលរដ្ឋ ឬគេហៅថា ជួយគិតគូរពីសុខុមាលភាពនិងភាពរស់រាន ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានិងធម្មនុញ្ញអង្គការសហប្រជាជាតិ»។

ចំណែកលោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានអំពាវនាវឱ្យ​រដ្ឋាភិបាលកម្ពុជាប្រុងប្រយ័ត្នក្នុងការទទួលជំនួយពីបរទេស ក្នុងបរិបទ​នៃការប្រកួតប្រជែង​ឥទ្ធិពលនិងភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំពីរ សហរដ្ឋអាមេរិក និងចិន។

លោក ប៉ា ចន្ទរឿន មានប្រសាសន៍បន្ថែម​ថា៖ «​ជាការពិត ការទទួលជំនួយពីបរទេស ត្រូវតែមានការប្រយ័ត្នប្រយែង ជាពិសេសជំនួយដែលទាក់ទងនឹងសន្តិសុខសុវត្ថិភាព និងជំនួយទាក់ទងវិស័យយោធា។ ហើយដោយសារតែប្រទេសយើង រដ្ឋធម្មនុញ្ញប្រទេសយើងសរសេរហើយ យើងប្រកាន់គោលនយោបាយអព្យាក្រឹត្យ​ ហេតុនេះហើយ បើសិនជាចេតនាឬក៏សកម្មភាពនៃការទទួលជំនួយរបស់កម្ពុជាពីមហាអំណាចមួយ ហើយបែរជាបដិសេធមិនទទួលជំនួយពីមហាអំណាចមួយទៀត អាហ្នឹងវាអាចបង្កើតឱ្យមានភាពល្អក់កករផ្នែកទំនាក់ទំនងជាមួយនឹងប្រទេសណាមួយនោះ»។

នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្តីពី​ «អនាគត​អាស៊ី» កាលពី​ថ្ងៃទី​២០ ខែឧសភា​ នាយក​រដ្ឋមន្ត្រី​កម្ពុជាបានចោទជាសំណួរថា «​បើ​ខ្ញុំ​មិន​ពឹង​ចិន​ទេ តើ​ឱ្យ​ខ្ញុំ​ទៅ​ពឹង​អ្នកណា​?»។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការពឹង​ផ្អែកលើ​ចិននេះហើយ ទើប​នាំឱ្យ​កម្ពុជាមានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​នេះ តួយ៉ាងដូចជា ​ហេដ្ឋារចនាសម្ពន្ធ​ ផ្លូវថ្នល់ ស្ពាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ