ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​​ចំពោះ​ការ​បញ្ជា​ទិញ​ក្តារ​មឈូស​ពី​ប្រទេស​ថៃ​

មន្ត្រីជំនាញសុខាភិបាលរៀបចំបូជាសពបុរសអាយុ៦៤ឆ្នាំម្នាក់ដែលមានជំងឺកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកោះកុង/ kohkong.gov.kh)

ពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានបង្ហាញការហួសចិត្តនិងភ្ញាក់ផ្អើលចំពោះព័ត៌មាននៃការ​ទិញក្តារមឈូសពីប្រទេសថៃ សម្រាប់ដាក់សពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជា។

​កាល​ពីសប្តាហ៍​មុន ក្នុងកិច្ចប្រជុំតាមអនឡាញពិសេសមួយ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បា​​ន​បញ្ជា​ទៅមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិទប់ស្កាត់ និងបង្រ្កាប​បទ​ល្មើស​ធនធានធម្មជាតិ លោក សៅ សុខា ​​ឱ្យយក​ឈើ​ដែល​រឹបអូស​បាន​មក​រៀប​ចំ​ធ្វើ​ក្តារ​មឈូសសម្រាប់ទុក​ដាក់​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩ បន្ទាប់ពីលោកមើលឃើញថា ចំនួនអ្នកឆ្លងនិងស្លាប់ចេះតែកើន​ឡើងឥតឈប់ឈរ ស្របពេលពលរដ្ឋមួយចំនួន​មិនសូវមានស្មារតីប្រុងប្រយ័ត្ន​នៅ​ឡើយ។

នាឱកាសនោះ លោក ហ៊ុន សែន​ ក៏បាន​បញ្ជា​ឱ្យក្រសួង​សេដ្ឋកិច្ច​បញ្ចេញ​ថវិកា​ទិញ​ក្តារ​មឈូស​​ទុក​សម្រាប់អ្នកស្លាប់ដោយសារជំងឺនេះផងដែរ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួញ ទទួលស្គាល់ថា ពិតជាមានការបញ្ជាទិញក្តារមឈូសពីប្រទេសថៃមែន ប៉ុន្តែតម្លៃនិងចំនួនក្តារមឈូសដែលបញ្ជាទិញនោះចំនួនប៉ុន្មាន លោកមិនបានដឹងទេ ព្រោះលោកគ្រាន់តែជាអ្នកសម្រួលច្រក​ចេញ-ចូលតែប៉ុណ្ណោះ។

លោកថ្លែងថា៖ «សួរទៅអ្នកដឹកនាំទិញ ព្រោះអ្នកទិញផ្សេង ខ្ញុំគ្រាន់តែសម្រួលច្រកដើម្បីចេញ-ចូលទេ»។

កាលពីថ្ងៃ​ម្សិលមិញ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី ប្រាប់ វីអូឌី ​ថាសម្រាប់ខេត្ត​ជាប់ព្រំដែនមួយនេះ នឹងទទួលបានក្តារមឈូសចំនួន​១០០ក្នុងចំណោមក្តារមឈូសជាច្រើន​ទៀត​ដែលរដ្ឋាភិបាលបញ្ជាទិញពីប្រទេសថៃ។

ពលរដ្ឋម្នាក់រស់នៅខេត្តបន្ទាយមានជ័យ លោក គីម សុវណ្ណ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា លោកមិន​យល់ស្របចំពោះការបញ្ជាទិញក្តារមឈូសពីប្រទេសថៃនោះទេ ដោយ​ថា នៅកម្ពុជា​សម្បូរឈើ​​ច្រើនដែលអាចយកទៅប្រើប្រាស់​បាន។

លោកបន្តថា៖ «រដ្ឋាភិបាលគួរតែមានវិធានការផ្សេង ក្រៅតែពីការបញ្ជាទិញក្តារមឈូស ដោយគួរជួយជនក្រីក្រល្អជាងទិញក្តារមឈូស សម្រាប់ពលរដ្ឋដែលអត់រាល់ថ្ងៃ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បាន​បង្ហាញ​​ការ​ព្រួយបារម្ភជា​ខ្លាំង ចំពោះបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩​នៅកម្ពុជា។ ​

លោក​ក៏មាន​ការងឿង​ឆ្ងល់ដែរ​ថា តើនៅ​កម្ពុជា​អត់មានលទ្ធភាពក្នុងការផ្គត់ផ្គង់ក្តារមឈូសទេ បានជាមានការ​បញ្ជាទិញពីប្រទេសជិតខាង​បែបនេះ?

លោកបន្តថា ប្រសិនបើ​កម្ពុជាមានលទ្ធភាពក្នុងការដោះស្រាយបញ្ហានេះ រដ្ឋាភិបាល​មិនគួរ​ចំណាយថវិកាជាច្រើនដើម្បីបញ្ជាទិញក្តារមឈូសពីខាងក្រៅប្រទេសនោះទេ។

លោកបន្តថា៖ «លោកចង់ឃើញវិធានការឱ្យ​មានប្រសិទ្ធភាពក្នុងការដោះស្រាយ ការកាត់បន្ថយ​ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា ប្រសិនបើវានៅតែបន្ត វាអាចនាំផលប៉ះពាល់ខ្លាំងណាស់ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលគាត់មានការលំបាកក្នុងការជំពាក់​លុយធនាគារជាដើម»។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី មានប្រសាសន៍ថា លោកកំពុង​ពិនិត្យមើល និងរៀបចំទិន្នន័យ ឬការវាយតម្លៃផ្សេងៗពាក់ព័ន្ធ​ឈើដែលអាចយកទៅធ្វើ​ក្តារមឈូសបាន។

លោកបញ្ជាក់ថា ឈើដែលគ្រោងយកទៅធ្វើក្តារមឈូសសម្រាប់អ្នកជំងឺស្លាប់ដោយកូវីដ-១៩ គឺជាឈើដែលបង្ក្រាបបាននៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលមានចំនួនប្រមាណ៥ ០០០ម៉ែត្រ​គូប។ 

​យ៉ាងណា ចំពោះឈើដែលគ្រោងធ្វើក្តារមឈូសទាំងនេះ លោកមិនទាន់អាចវាយតម្លៃបានថាតើនឹងអាចធ្វើបាន​ចំនួនប៉ុន្មាន ហើយគ្រប់គ្រាន់ឬអត់នោះឡើយ។  

លោកបញ្ជាក់ថា៖ «ខ្ញុំមិនអាចវាយតម្លៃបានទេ គ្រាន់តែខាងគណៈកម្មការជាតិ គ្រាន់តែប្រមូលទិន្នន័យឈើ គោរពជូនទៅសម្តេច។ ហើយការសម្រេចធ្វើប៉ុន្មានៗ គឺសុំគោលការណ៍ដឹកនាំពីសម្តេចមកវិញ»។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៥៧ ១០៣​នាក់​ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៤៨ ៩៧៤នាក់​ និងមានករណី​​ស្លាប់ចំនួន៧៩៨នាក់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ