កូរ៉េ​ខាងត្បូង​រាយ​ការណ៍​ពី​ករណី​វិជ្ជមាន​វីរុស​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​របស់ខ្លួន

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-kyum ក្នុងកិច្ចប្រជុំមួយកាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 김부겸)

ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩​ថ្មី ជាង១ ២០០​ករណី​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនមួយ​ខ្ពស់បំផុត គិតចាប់តាំងពីចុងខែធ្នូកន្លងទៅ។ នេះបើតាមការឱ្យ​ដឹងពីនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-kyum នៅក្នុងកិច្ចប្រជុំទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ-១៩ នៅថ្ងៃពុធនេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ប្រសាសន៍​លោក Kim Boo-kyum មកផ្សព្វផ្សាយថា វិធាន​គម្លាត​សង្គមនឹងត្រូវពង្រីកសម្រាប់រយៈពេលមួយសប្ដាហ៍បន្ថែមទៀត ខណៈដែលមន្រ្តីពាក់ព័ន្ធនានានឹង​ពិចារណាថាតើត្រូវរឹតបន្តឹងច្បាប់ដែលមានស្រាប់ឬយ៉ាងណា ស្របពេលដែលប្រទេស​នេះកំពុងប្រយុទ្ធនឹងរលកទី៤ នៃជំងឺរាតត្បាតដែលបង្កដោយវីរុសបំប្លែងខ្លួនថ្មីប្រភេទ Delta ដែលបច្ចុប្បន្នមានការរីករាលដាលខ្លាំង។

លោកបន្តថា វីរុសនេះបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមមនុស្សដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង​ចាប់ពីអាយុ២០ ដល់៣០​ឆ្នាំ ខណៈលោកបានណែនាំឱ្យប្រជាជនធ្វើតេស្ត​រកវីរុសនេះ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ប្រមាណ៣០​ភាគរយ​នៃប្រជាជនសរុបចំនួន៥២​លាននាក់​របស់ប្រទេសនេះ បានទទួល​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ-១៩ យ៉ាងហោចណាស់មួយដូស។

តួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងប្រទេសកូរ៉េខាងត្បូង មានចំនួន១ ២៤០ករណី ដែលត្រូវបានរាយការណ៍នៅថ្ងៃទី​២៥ ខែធ្នូ នៅពេលដែលប្រទេសនេះកំពុងរងការវាយប្រហារដោយរលកទី៣នៃជំងឺ​រាត​ត្បាត។

ប្រទេសកូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៦២ ៧៥៣នាក់ និងអ្នកស្លាប់ចំនួន២ ០៣៣នាក់ ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ