ប្រជា​កសិករ​បារម្ភ​សត្វគោ​របស់​ពួក​គេ​ឆ្លង​ជំងឺ​ដុំពក​លើ​ស្បែក​ ខណៈ​ជំងឺ​នេះ​កំពុង​រាត​ត្បាត​ក្នុង​សហគមន៍

មន្ត្រីមន្ទីរកសិកម្មខេត្តប៉ៃលិន មន្ត្រីបសុសត្វ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យ ព្យាបាល អង្កេតតាមដានជំងឺដុំពកលើស្បែកសត្វគោក្របី (LSD) និងផ្សព្វផ្សាយអំពីបញ្ហាជំងឺនេះដល់កសិករ ស្ថិតនៅភូមិសំបូរ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន Agriculture Pailin)

ប្រជាកសិករនៅតាមណ្តាខេត្តមួយចំនួនបារម្ភខ្លាច​សត្វគោរបស់ពួកគាត់​​ឆ្លងជំងឺដុំពក​លើ​ស្បែក ខណៈជំងឺ​មួយ​នេះ​បាននិងកំពុងឆ្លងរាតត្បាតលើសត្វ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍។

កាល​ពីខែមុននេះ ប្រជាកសិករនៅខេត្តជាប់ព្រំដែន​កម្ពុជា-ថៃ ឱ្យដឹងថា​ សត្វគោរបស់ពួកគេរាប់សិបក្បាល​បាន​ឆ្លង​ជំងឺ​ដុំពក​លើ​ស្បែក និងបានឈឺងាប់ជា​បន្តបន្ទាប់។

កសិករនៅស្រុកមុខកំពូល ខេត្តកណ្តាល លោក វ័យ សុនាង ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះថា​ ជំងឺ​ដុំពកលើ​ស្បែកនេះ បានឆ្លងដល់សត្វរបស់កសិករនៅភូមិឃុំរបស់លោកហើយ។ លោកថា សត្វគោជាច្រើនក្បាលរបស់កសិករនៅឃុំរកា​កោង ស្រុកមុខកំពូល បានកើតជំងឺដុំពក​លើ​ស្បែក ដែលធ្វើឱ្យគាត់​មានការ​​បារម្ភ​ខ្លាច​ជំងឺមួយនេះឆ្លងដល់សត្វគោរបស់គាត់​ដែរ។

លោក វ័យ សុនាង ឱ្យដឹងថា បច្ចុប្បន្ន លោកកំពុងចិញ្ចឹមគោពូជជាង១០ក្បាល ដោយសត្វគោមួយក្បាលមាន​តម្លៃចន្លោះពីជាង១ ០០០ដុល្លារ ដល់ជាង៣០ ០០០ដុល្លារ។

លោកបន្ថែមថា៖ «អ៊ីចឹងហើយ យើងបារម្ភខ្លាចគោយើងឈឺរហូតដល់បាតបង់អាយុជីវិត ហើយធ្វើឱ្យ​ខាតបង់​ផល​ប្រយោជន៍លុយកាក់ច្រើន»។

ជាអ្នកជំនួញសត្វគោនិងចិញ្ចឹមគោផងនោះ លោក សាន សេង រស់​នៅស្រុកកងមាស ខេត្តកំពង់ចាម​ បានឱ្យដឹង​ថា សត្វគោរបស់​លោក​មួយ​ក្បាលនិងសត្វគោរបស់ប្រជាសិកររាប់​សិប​ក្បាលទៀត បានកើតជំងឺដុំពកលើស្បែកជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមកហើយ។ លោកថា សត្វដែលកើតជំងឺនេះ គឺលក់មិន​​ចេញ​នោះ​ទេ ឬ​មាន​តម្លៃថោក​បំផុត។

លោកបន្ថែមថា៖ «ពេលយើងលក់វិញ វាខាត! យើងទិញមក៦លានរៀល ពេលយើងលក់វិញ វាអត់បាន៤លានផង អ៊ីចឹង​វាធ្វើឱ្យខាតបង់ច្រើន។ ហើយឥលូវនៅម្តុំៗខ្ញុំនៅនេះ កើតច្រើនគ្នាណាស់ គ្មានអាជ្ញាធរឬពេទ្យសត្វណាចុះមកមើលឬសួរនាំអីទេ»

កសិករនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ លោក សាន់ ប្រុក និយាយថា សត្វគោរបស់កសិករនៅក្រុងសំរោង បានឆ្លងជំងឺដុំពកលើស្បែកនេះកាន់តែច្រើននិងបានឈឺងាប់ជាបន្តបន្ទាប់ ដោយពុំមានអាជ្ញាធរឬមន្ត្រីជំនាញពេទ្យសត្វណាចុះទៅពិនិត្យមើលនិងជួយព្យាបាលឡើយ។

លោកបន្ថែមថា៖ «ខ្ញុំជម្រាបប្រាប់អាជ្ញាធររហូតតាំងពីឈឺដំបូង ប៉ុន្តែមិនមានខាងណាចុះមកមើលឬណែនាំឱ្យយើងប្រើថ្នាំឬការពាររបៀបណាទេ»

កសិករនៅស្រុកក្រឡាញ់ ខេត្តសៀមរាប លោក ណុល សៀងហៃ ឱ្យដឹងថា សត្វគោរាប់សិបក្បាលរបស់ប្រជាកសិករនៅភូមិតាឡឹង ឃុំតាអាន ស្រុកក្រឡាញ់ ក៏កើតជំងឺដុំពកលើស្បែកនេះដែរ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង មានប្រសាសន៍ថា នៅខេត្តនេះ សត្វគោរបស់កសិករបានកើតជំងឺដុំពក​ជា​ច្រើ​នកន្លែង ប៉ុន្តែស្ថានភាព​នៃការឆ្លងជំងឺនេះ គឺអាច​គ្រប់​គ្រង។ លោកថា មន្ទីរកសិកម្មខេត្ត តែងតែបញ្ជូនមន្ត្រីចុះពិនិត្យភ្លាមៗ ក្រោយបានព័ត៌មានជុំវិញសត្វគោពួកគេមាន​បញ្ហា។

លោកបន្ថែមថា៖ «យើងមិនមែនត្រឹមតែចុះទៅមើលទេ យើងបានចុះទៅបង្រៀនពួកគាត់ពីរបៀបបាញ់ថ្នាំសម្លាប់មូស សត្វ​ល្បោមគ្រប់កន្លែង។ កន្លែងណាមានបញ្ហា យើងចុះទៅគ្រប់កន្លែងហ្នឹង»

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ លោក វេង សុខុន បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ ​រាយការណ៍អំពីទីតាំងដែលសត្វគោរបស់ខ្លួនឈឺ និងបញ្ហាប្រឈមនានាទៀត ទៅអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដើម្បីឱ្យមន្ត្រីជំនាញចុះណែនាំនិងព្យាបាលទាន់ពេលវេលា។

លោករដ្ឋមន្ត្រីបន្តថា ក្រសួង​មិនអាចដឹងទាន់ពេលវេលានិងគ្រប់កន្លែងនោះទេ ប្រសិនប្រជាពលរដ្ឋមិនបានផ្តល់ព័ត៌មាន ឬរាយការណ៍ទៅ​អាជ្ញាធរឬមន្ត្រីមន្ទីរកសិកម្មខេត្ត​ឱ្យបានដឹងនោះ។

លោកបន្ថែមថា៖ «ទាន់ទងដំណឹងនេះ គ្រាន់តែប្រាប់ខេត្តឃុំ ទីតាំងនៅកន្លែងណាដែលកំពុងមានបញ្ហាប្រឈម យើងនឹងបញ្ជូនមន្ត្រីរបស់យើងទៅកាន់ទីនោះ។ ហើយកន្លងទៅ យើងបាន​បំពាក់បំប៉នមន្ត្រីពេទ្យសត្វភូមិផងដែរ ឱ្យគាត់ពិនិត្យរឿងសត្វឈឺនៅក្នុងភូមិរបស់គាត់ហ្នឹង។ ប៉ុន្តែអ្វីដូច​ដែលខ្ញុំជម្រាបជូនខាងលើ គួរតែរាយការណ៍បានក្បោះក្បាយអំពីបញ្ហានេះ ដើម្បីសមត្ថកិច្ចគេអាចធ្វើកិច្ចការនេះបាន»។

កាលពីខែឧសភា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់​ចេញវិធានការបន្ទាន់​​មួយចំនួន ដើម្បី​ត្រួត​ពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាល «ជំងឺដុំពក​ស្បែក» (Lumpy Skin Disease-LSD) លើសត្វគោក្របី ខណៈជំងឺមួយនេះកំពុងរាលដាលលើសត្វគោក្របីនៅប្រទេសថៃ និងប្រទេសវៀតណាម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង​កាលពីខែ​ឧសភាថា សត្វគោក្របីដែល​កើតជំងឺ​ដុំពកស្បែកនេះ វាអាចមានអត្រា​ឈឺពី៥ទៅ៤៥ភាគរយ និងអត្រាស្លាប់តិចជាង១០ភាគរយ ដែលបង្កឱ្យខាតបង់ធ្ងន់​ធ្ងរដល់គ្រួសារកសិករនិង​សេដ្ឋកិច្ច​ជាតិ។

ក្រសួងបញ្ជាក់ថា ជំងឺនេះមានរោគសញ្ញាដូចជា ដុំពកតូចៗឬធំ​ទៅតាមស្ថានភាព​នៃជំងឺ ដែល​គេរកឃើញលើស្បែក​តាម​ដងខ្លួន កញ្ចឹងក ច្រមុះ ក្រអូម​មាត់ ប្រដាប់​ភេទ និង​កន្សោម​ដោះរបស់សត្វគោក្របី ហើយ​​កម្ដៅខ្លួនវាឡើងរហូតដល់៤១អង្សា​សេ។

ក្រសួងបន្តថា ​មេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយតាមរយៈការប៉ះពាល់ផ្ទាល់និងប្រយោល តាមភ្នាក់​ងារចម្លងរោគដូចជា រុយ មូស ដង្កែ និងសត្វបឺតជញ្ជក់ឈាមផ្សេងទៀត ឬតាមធ្យោបាយដឹក​ជញ្ជូនសត្វ ទឹក​មេជីវិត រួមទាំងភ្នាក់ងារចម្លងផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ