ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​បាកាន​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​

ថ្ងៃអាទិត្យ ទី៣០​ ឧសភា​ ឆ្នាំ២០២១ ក្រមការងារមន្ទីរកសិកម្ម​ បានចុះពិនិត្យ​ភូមិសាស្ត្រ រួមមាន ភូមិស្រករ​ ភូមិព្រះម្លូរ​ ស្ថិតក្នុងឃុំ​បឹងខ្នារ​ ស្រុកបាកាន​ ដែលជួបប្រទះភាពរាំងស្ងួត​ និងបានចុះពិនិត្យសកម្មភាព​តាមទ្វារទឹក​​ ដើម្បីបើកទឹកបង្ហូរឱ្យដល់ឃុំបឹងខ្នារ និងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់)

ពលរដ្ឋមួយចំនួននៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់​សម្រាប់ការរស់នៅ​ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ ដោយពួកគាត់​ថា បណ្ដាល​ពីកង្វះទឹក​ពីប្រព័ន្ធប្រឡាយទឹកផ្នែកខាងលើ ​គ្មាន​ភ្លៀងធ្លាក់ជាច្រើនខែ និងអណ្ដូងបូមទឹកអត់ចេញ ជាដើម។

លោក ហឿន នី ពលរដ្ឋម្នាក់រស់នៅភូមិអូរព្រាល ឃុំមេទឹក ​បានប្រាប់ វីអូឌី​ នៅថ្ងៃទី៦ ខែ​កក្កដា​នេះ​​​ថា ពលរដ្ឋរាប់សិបគ្រួសាររស់នៅក្នុងភូមិ​នេះ បាន​ជួបប្រទះ​បញ្ហា​កខ្វះ​ទឹក​ប្រើប្រាស់ប្រមាណជា៣​ខែមកហើ​យ។  

​លោកបន្តថា អណ្ដូងទឹករបស់លោកអាចបូម​ទឹកប្រើមួយគ្រាៗ ហើយម្ដងម្កាល​ក៏ដាច់ទឹក។ ចំណែក​ស្រូវនិងដំណាំផ្សេងៗរបស់លោកនិងអ្នកភូមិផ្សេងទៀតចាប់ផ្ដើមងាប់ ហើយលោកក៏​សម្រេច​ចិត្តបោះបង់ចោល ដោយយកគោទៅចងឱ្យវាស៊ីស្រូវទាំងនោះ​តែម្តង។ 

លោក ហឿន នី បន្ថែមថា៖ «មានតែសំណូមពរឱ្យអាជ្ញាធរជួយដោះស្រាយរឿងទឹករឿងអីឱ្យបានធ្លាក់ដល់ បានប្រជាពលរដ្ឋប្រើ បានដាក់ស្រូវ បានឱ្យគ្នាប្រើ ស្រោចស្រពដំណាំបន្តិចបន្តួច  និងឱ្យទឹកគោអីជាដើម។​ បើស្រូវនោះវាជ្រុលពេលហើយ វាងាប់អស់ហើយ មានតែធ្វើថ្មី យើងម្នាក់ៗខាតរាប់លាន[រៀល] ឈានដល់ពាន់ដុល្លារ អ្នកណាដែលធ្វើច្រើន»។

ដូចគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតរស់នៅភូមិអង្កាញ់ ឃុំមេទឹក លោក លីន អះអាងថា ពលរដ្ឋនៅក្នុងភូមិនេះ ​ក៏ដូចជាអ្នកភូមិជាច្រើនផ្សេងទៀតនៅក្នុងឃុំ ​កំពុងតែជួបបញ្ហាកង្វះ​ទឹក​ប្រើប្រាស់នេះដែរ។ បញ្ហានេះ លោកបានសម្រេចចិត្តបុកអណ្ដូងមួយ​សម្រាប់ប្រើប្រាស់ ប៉ុន្ដែអណ្ដូងគ្មានទឹកចេញ ឯទឹកព្រែកនិង​ប្រឡាយជាដើមនោះបានរីងស្ងួតហែង មិន​ទាន់​មានទឹកចូលដល់ ព្រោះតែមិនទាន់មានភ្លៀងធ្លាក់នៅឡើយ។ 

លោកបន្ត​ថា គ្មានទឹកគឺមិនអាច​បង្កបង្កើនផលអ្វីបានឡើយ ដែល​នាំ​ឱ្យប៉ះពាល់ដល់ជីវភាពរស់​នៅរបស់ពលរដ្ឋជាខ្លាំង ពិសេសស្រូវរាប់រយហិកតារបស់ពួកគាត់ប្រឈមនឹងការខូចខាតតែម្តង។  ​

ប្រភពដដែលបញ្ជាក់ថា បញ្ហាកង្វះទឹកប្រើប្រាស់នេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែមកទល់ពេលនេះ​ អាជ្ញាធរ​នៅពុំទាន់មានវិធានការជាក់លាក់ក្នុងការដោះស្រាយនោះឡើយ។ 

លោ​​កបន្ថែមថា៖ «​វាដូចតែរាល់ឆ្នាំដែរ ឆ្នាំមុនៗ ក៏នៅតែអ៊ីចឹង អត់មានធ្វើស្រែអីបានទេ ខែដើមដៃអីអ៊ីចឹង ហើយដល់តែខែចុងដៃ កាលឆ្នាំទៅមិញនេះ វាបានគេបាក់ទំនប់មកនោះគ្រាន់ ជ្រុលទៅជាលិចអស់ […] ប៉ះពាល់! ព្រោះស្រូវក៏ធ្វើអត់បាន អង្ករក៏អត់មាន ទិញតែគេហូប ហើយត្រូវទៅដឹកទឹក [យកមកប្រើប្រាស់] សុំពីគេដែលមានស្រះទឹកធំៗ»។

ពាក់ព័ន្ធបញ្ហានេះ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានប្រាប់ វីអូឌី កាលពីថ្ងៃទី៦ ខែកក្កដា ថាលោកមិនដឹងប្រជាពលរដ្ឋខាងណាទេដែលជួបបញ្ហាកង្វះទឹកប្រើប្រាស់នេះ។ លោកបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់នោះ​ ពួកគេនឹងហៅទូរសព្ទទៅលោក​ផ្ទាល់​ដើម្បីសុំជំនួយមិនខាន ព្រោះប្រជាពលរដ្ឋមានលេខទូរសព្ទរបស់លោកហើយ​​។

លោក ម៉ៅ ធនិន៖ «ខ្ញុំ វាមិនដឹងថាប្រជាពលរដ្ឋខ្ញុំឬលោកឯងទេ ព្រោះប្រជាពលរដ្ឋខ្ញុំ មានលេខខ្ញុំ គួរតេមកខ្ញុំ ព្រោះប្រជាពលរដ្ឋខ្ញុំខ្វះខាត តែងតេមកខ្ញុំ។ ហើយបើតេទៅលោកឯង លោកឯងដោះស្រាយយ៉ាងម៉េច ខ្ញុំសួរ […] ឥលូវលោកឯងដោះស្រាយយ៉ាងម៉េច បើតេទៅលោកឯង បើមិនតេមកខ្ញុំ! ឥលូវប្រាប់គាត់ទៅ ប្រាប់ថា ចៅហ្វាយខេត្តមានលេខ ឱ្យតេមកចៅហ្វាយខេត្តមក។ ការងារហ្នឹងការងារខ្ញុំ លោកឯងប្រាប់គាត់ ប្រាប់ថា មីងពូតេទៅចៅ​ហ្វាយ​ខេត្ត​ទៅ គាត់ដោះឱ្យ​ទាន់​ទេ»។

វីអូឌី នៅមិនទាន់សុំអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បាននៅឡើយទេ។ ​

យ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា មានប្រសាសន៍ថា ៦ខែដើមឆ្នាំ២០២១នេះ មិនមែនមានតែគ្រោះរាំងស្ងួតតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានៅជួបបញ្ហាអាកាសធាតុផ្សេងៗជាច្រើនទៀត។ 

លោកថា ជាធម្មតា របាយទឹកភ្លៀងប្រចាំឆ្នាំគឺមិនស្មើគ្នាទេ ហើយណាមួយរដូវវស្សាឆ្នាំនេះទើបនឹងចាប់ផ្ដើម ដូច្នេះផលប៉ះពាល់នៃភាពរាំងស្ងួតប្រាកដជាមានតាមតំបន់ខ្លះ​ជាក់ជាមិនខាន។ លោកបញ្ជាក់ថា បញ្ហានេះមិនទាន់ចោទជាបញ្ហាធំដុំឡើយ ខណៈលោកក៏មិនទាន់ទទួលរបាយការណ៍ពីផលប៉ះពាល់នៃគ្រោះរាំងស្ងួត​ពីអាជ្ញាធរថ្នាក់ក្រោមជាតិ​នៅឡើយដែរ។

លោក ឃុន សុខា បានថ្លែងថា៖ «​​បើសិនមានករណីរាំងស្ងួត [ទ្រង់ទ្រាយធំ] កើតឡើង រដ្ឋាភិបាលមិននៅស្ងៀមទេ នឹងចុះទៅធ្វើអន្តរាគមន៍ហើយ ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ដូចជាខាងធនធានទឹក និងកសិករ នឹងចុះទៅធ្វើអន្តរាគមន៍»។

ប្រធាន​សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធត្រូវ​​ដោះស្រាយបញ្ហា​កង្វះទឹកប្រើប្រាស់នេះ ​ដូចជា​ បុកអណ្ដូង ការបូមទឹកមកពីប្រភពផ្សេង​តាមតែអាចធ្វើទៅបាន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចសង្គ្រោះស្រូវនិងដំណាំទាន់ពេលវេលា។ 

លោកថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយទាន់ពេលវេលា នឹងធ្វើឱ្យកសិករប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរក្នុងជីវភាព ពិសេសផលដំណាំរបស់ពួកគេនឹងរងការខូចខាតទាំងស្រុង។

លោក ថេង សាវឿន បាន​គូសបញ្ជាក់ថា៖ «រឿងទី២ អាជ្ញាធរក៏ត្រូវតែត្រៀមសម្រាប់ករណីនេះ មិន​អាចដោះស្រាយបាន ដោយសារតែរាំងស្ងួតខ្វះទឹកបំផុតហើយ អាជ្ញាធរត្រូវតែរៀបចំស្រូវ​ពូជ​​សម្រាប់ទុកជួយផ្ដល់ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចសាបព្រោះឡើងវិញ ក្រោយរងគ្រោះ​។ មួយទៀត បើសិនបញ្ហាខ្វះទឹកនៅតែជាបញ្ហាចោទ មិនអាចដាំដំណាំ ឬធ្វើស្រែបាន អាជ្ញាធរត្រូវតែគិតគូរទៅលើដំណាំជាយុទ្ធសាស្ត្រផ្សេងៗ ឬក៏គិតគូរទៅលើការធ្វើកសិកម្មបែប​ធន់​ទៅនឹងការប្រែប្រួល​អាកាសធាតុឬក៏គ្រោះរាំងស្ងួត»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ