ការ​បង្ក្រាប​គ្រឿង​ញៀន​៦​ខែ​ដើម​ឆ្នាំ​កើន​ឡើង​​ បើ​ទោះ​​ផ្ទុះ​កូវីដ-១៩​កាន់​តែ​ខ្លាំង

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកគ្រឿងញៀន បានអះអាងថា នៅត្រីមាសទី១​ ដើម​ឆ្នាំ២០២១នេះ ការបង្ក្រាបគ្រឿងញៀនមានការកើនឡើងខ្ពស់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បើទោះកម្ពុជា​កំពុងជួបវិបត្តិកូវីដ-១៩ក៏ដោយ​។

អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ វីអូឌី នៅថ្ងៃទី៨ ខែកក្កដានេះថា ការបង្ក្រាបគ្រឿងញៀនក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានការកើនឡើងខ្លាំង ដោយបង្រ្កាបបានរហូតដល់៣ ៣៩១ករណី និងចាប់ជនល្មើសបានដល់៧ ២៤៦នាក់ រឹបអូសគ្រឿងញៀនបាន៧៥៩គីឡូក្រាម។ ចំនួននេះ លោកថា មានការកើនឡើងជិត១០ភាគរយ (៨,៣០%) បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ៣ ១៣១​ករណី។

លោកថា៖ «ពួកឧក្រិដ្ឋជនហ្នឹង វាប្រឹងប្រែងឆ្លៀតណាស់ ដោយសារឃើញយើងរវល់​កំពុងតែខិតខំ​ប្រឆាំង​ជាមួយ​​កូវីដ-១៩ហ្នឹង។ វា​ឆ្លៀតប្រឹងប្រែងធ្វើសកម្ម​ភាព លួចលាក់ធ្វើសកម្មភាពហ្នឹង ភាគច្រើន​វាធ្វើ​ក្នុង​​បរិមាណ​ច្រើនៗទៀត»។

លោកបញ្ជាក់ថា មូលហេតុនៃការបង្ក្រាបមានការកើនឡើង ដោយសារការអនុវត្តតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោកបន្តថា៖ «ផែនការទី១ យើងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងនោះមានចំណុចមួយពាក់ព័ន្ធការបង្រ្កាបគ្រឿងញៀន ហើយទី២ យើងអនុវត្តតាមផែនការយុទ្ធនាការរបស់រដ្ឋាភិបាល ដោយយុទ្ធនាការនេះមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន»។

លោក ម៉ក់ ជីតូ បន្តទៀតថា បញ្ហាគ្រឿងញៀនមិនមែនមានតែចំពោះកម្ពុជាទេ វាជារឿងបញ្ហាសកល ដោយត្រូវ​មានការចូលរួមទប់ស្កាត់​​ទាំងអស់គ្នា។ លោក​ថា ការ​ចុះបង្រ្កាបជារួមលើបញ្ហាគ្រឿងញៀននេះនៅ​មិន​ទាន់​​បានល្អប្រសើរ​នៅឡើយ ប៉ុន្តែអាជ្ញាធរមានការខិតខំប្រឹងប្រែងទាំងអស់គ្នា ដោយគោរពតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នូវពាក្យស្លោកមួយថា«៣កុំ ១រាយការណ៍»

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅតែកើនឡើងនៅក្នុងសង្គមនិងរាលដាលដល់ជនបទផងនោះ ត្រូវបានក្រុមអ្នកតាមដានសង្គមយល់ថា ជាវិនាសកម្មនិងភាពអន្តរាយមួយទៅដល់គោលដៅក្នុងការអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសយុវជនដែលជាស​សរទ្រូងរបស់ជាតិដែលកំពុងត្រូវបានរងគ្រោះដោយសារគ្រឿងញៀនជាបន្តបន្ទាប់។

ចំពោះបញ្ហានេះ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ​យល់ឃើញថា បញ្ហាគ្រឿ​ង​ញៀន​​នេះ ​មានលក្ខណៈជាប្រព័ន្ធទៅហើយនៅក្នុងសកលលោក ជាពិសេសនៅ​ប្រទេស​ដែលអនុវត្តច្បាប់នៅ​មាន​កម្រិត។ ករណីនេះ លោកថា កម្ពុជាត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ទោះបីជាមន្ត្រីណា ឬក៏អ្នកដែលមានឋានៈ ឬអំណាចប៉ុន្មានក៏ដោយ ត្រូវតែអនុវត្តច្បាប់ ទើបអាចទប់ស្កាត់​បញ្ហាគ្រឿងញៀននៅកម្ពុជាបាន។

លោកថ្លែងថា៖ «យើងឃើញកន្លងមកហើយ ការដែលអ្នកពាក់ព័ន្ធជាមួយគ្រឿងញៀនហ្នឹង រហូតទៅដល់មានមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនហ្នឹង​ ក៏មានការពាក់ព័ន្ធ ឧកញ៉ាមួយចំនួនក៏ពាក់ព័ន្ធ។ អ៊ីចឹង​បញ្ហានេះហើយ​​ដែលជាបញ្ហាមួយធំសម្រាប់កម្ពុជាយើង អ៊ីចឹងការអនុវត្តច្បាប់ស្រុក​យើង ទោះបីជាច្បាប់យើងមិនទាន់ដល់ស្តង់ដារក៏ដោយ ប៉ុន្តែត្រូវតែអនុវត្ត​ច្បាប់ហ្នឹង​ឱ្យបានតឹងរ៉ឹង ទោះបីជាមន្ត្រីណាឬក៏អ្នក​ដែលមាន​ឋានន្តរសក្តិណាក៏ដោយ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់»។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ​​កាលពី​​ខែមករា ឆ្នាំ២០២១ ឱ្យដឹង​ថា ក្នុង​ឆ្នាំ២០២០​ សមត្ថកិច្ច​ជំនាញបង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប១០ ៤៦១ករណី និង​រឹបអូស​បាន​វត្ថុ​តាង​គ្រឿងញៀន​ចំនួនជាង៣តោន (៣ ១៨៩គីឡូក្រាម) និង​សារធាតុគីមី​ផ្សំ​ចំនួនជាង៥តោន (៥ ០២៥ គីឡូក្រាម)។

របាយការណ៍​បន្ត​ថា ​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​​ចាប់ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន២១ ៥៦៦នាក់ (ជនបរទេស ៣៨៩នាក់​) ក្នុង​នោះ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ កែច្នៃ រក្សាទុក និង​ដាំដុះ​ ចំនួន១២ ៧៣៩នាក់ និង​អ្នកប្រើ​ប្រាស់​ចំនួន៨ ៨២៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ