ពលរដ្ឋ​មួយ​ចំនួន​​ស្នើ​​ក្រសួង​ទៅ​ពិនិត្យ​​​សំណង់​​ប្រាសាទ​​ថៃ​​ដែល​​សង់​​ស្រដៀង​​​​ប្រាសាទ​​អ​ង្គរវត្ត

ប្រាសាទ «ប្រាសាទសីហនគរ» បាន​ប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។ (ហ្វេសប៊ុក៖ Fuse Thinnaput)

អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រ និងយុវជនមួយចំនួន​ ទាមទារឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះ​ទៅ​​ពិនិត្យ​​សំណង់​ប្រាសាទ​មួយ​​នៅប្រទេសថៃដោយ​ផ្ទាល់​ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​បង្ហាញ​ការ​​មិន​ពេញ​ចិត្ត ព្រោះតែ​សំណង់​ប្រាសាទ​នោះ​សង់ឡើង​ស្រដៀង​​ទៅនឹង​​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ

និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា លោក លាក់ សារ៉ាយ នៅថ្ងៃសុក្រនេះ បាន​បង្ហាញការមិនគាំទ្រចំពោះ​ការសាងសង់ប្រាសាទមួយនេះ ដោយថា ទង្វើនោះនឹងធ្វើឱ្យ​ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​ល្បាញ​​របស់​ប្រាសាទ​អង្គរវត្ត​របស់កម្ពុជា។

ម្យ៉ាងទៀត លោកថា ការសាងសង់ប្រាសាទរបស់ថៃនេះ វាខុសពីការសាងសង់ប្រាសាទដែល​មា​នរចនាបថខ្មែរនៅប្រទេសចិន និងប្រទេសអេស្ប៉ាញ ដោយសារ ប្រទេសថៃ​សាងសង់​ដោយ​មិនមានការអនុញ្ញាតពីប្រទេសកម្ពុជា។

លោកបន្តថា៖ «អេស្ប៉ាញ និងចិន គេសាងសង់​មកជាតំណាងទេ គឺគេជួយផ្សព្វផ្សាយឱ្យ​​ខ្មែរ! ណាមួយនៅតាមជញ្ជាំងប្រាសាទដែលគេសាងសង់ ក៏គេដាក់ដែរថា ប្រាសាទដើម​គឺនៅខ្មែរ​យើង ហើយ​ក៏មានកិច្ចព្រមព្រៀងនៅក្នុងការដែលសាងសង់ហ្នឹង​ដែរ។ ប៉ុន្តែនៅថៃនេះ គឺការសាងសង់អត់មានការពិភាក្សាឬក៏អនុញ្ញាតពីខ្មែរយើងទាល់តែសោះ»។

លោកស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់​ ហើយបំភ្លឺ​ឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាជនខ្មែរមានភាពជឿជាក់ទុកចិត្ត។

លោកបន្តថា៖ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែរកដំណោះស្រាយ ក៏ដូចជាពិភាក្សានិងចរចា​ជាមួយភាគី​ខាងថៃរកដំណោះ​ស្រាយឱ្យប្រជាជនខ្មែរហ្នឹងពេញចិត្តជាងហ្នឹង​ ព្រោះថា អ្វីដែលពួកគាត់បកស្រាយចេញ​មក​ គឺពួកខ្ញុំអត់អាចទទួលយកបានទេ»។

ទោះបីជាយ៉ាងណា និស្សិតនៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សរ ពុទ្ធិឬទ្ធិ វ័យ២១ឆ្នាំ បង្ហាញការខកចិត្ត​ដែលប្រទេសដទៃសាងសង់​ប្រាសាទចម្លង​​តាមប្រាសាទអង្គរវត្តដែលជាសម្បតិ្ត​បេតិកភណ្ឌពិភពលោក​ដ៏មានតម្លៃរបស់ខ្លួន។

លោកថា៖ «ទីមួយ ប្រាសាទអង្គរវត្តជាកេរ​ដំណែល​វប្បធម៌មួយដ៏មានតម្លៃ ហើយទីពីរ ប្រាសាទហ្នឹង​ជាកេរមរតកយើង ហើយណាមួយជាដួងព្រលឹងនៃប្រទេសយើង។ ធម្មតាក្នុងនាមយើងជាខ្មែរ យើងតែងចង់បានអីមួយដែលមានលក្ខណៈប្លែកដាច់ពីគេ ដល់ពេលប្លែកដាច់ពីគេអ៊ីចឹង វាបង្កប់ទៅនឹងអត្តសញ្ញាណ។ អ៊ីចឹងនៅទីណាដែលមានជនបរទេសមានបំណងចម្លងតាមឬមួយបង្កើតរបស់មួយដែលជាសម្បត្តិ​បេតិកភណ្ឌ វាជារបស់មួយ​ដែលយូរឆ្នាំ យើងខំប្រឹងបង្កើតវាថ្មី មានអារម្មណ៍ថារៀងខកចិត្ត»។

សាស្ត្រាចារ្យ​ និងជាបណ្ឌិតប្រវត្តិ​សាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង្ស សុធារ៉ា មានប្រសាសន៍ថា ប្រាសាទអង្គរវត្ត ជាអត្តសញ្ញា​ណនិងជាព្រលឹងរបស់ជាតិ ហើយក៏​ជាកម្លាំងចលករដែលធ្វើឱ្យប្រជាជាតិខ្មែររួបរួមសាមគ្គីគ្នា សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិទាំងមូល។

លោកបន្តថា ប្រសិនបើក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនមានវិធានការ និងបណ្ដោយឱ្យ​ប្រទេស​​ដទៃ​ចម្លង​ស្នា​ដៃរ​បស់​ដូនតា​នោះ នឹង​ធ្វើឱ្យប៉ះពាល់អត្តសញ្ញា​ណនិង​ដួង​ព្រលឹងរបស់​ជាតិ ហើយប្រជាពលរដ្ឋនឹងបាត់បង់ជំនឿទៅលើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ។

លោកថា៖ «រដ្ឋនីមួយៗត្រូវមានអត្តសញ្ញាណរបស់ជាតិ ធ្វើជាស្នូលសម្រាប់ការរួបរួមរបស់ជាតិ សម្រាប់សាមគ្គីជាតិតាំងពីមុនមក ត្រូវបានយើងសម័យនេះបំផ្លាញដោយខ្លួនឯង ដោយយើងចេះតែបណ្ដោយឱ្យ​​គេបំផ្លាញ​បន្តបន្ទាប់​គ្នាអ៊ីចឹងទៅ។ អាហ្នឹងជាតិយើងវានឹងអាចសាបសូន្យទៅតាមហ្នឹងដែរ ដោយសារប្រជាជនអស់សង្ឃឹម ដោយសារប្រជាជនបាក់ទឹកចិត្ត ថាអ្វីដែលជាតំណាងរបស់យើងវាអត់ន័យអីទេ ពីព្រោះអីត្រូវបាន​គេញាំញីគ្រប់ពេលវេលាបាន ម្ដងគេធ្វើអញ្ចេះម្ដងគេធ្វើអញ្ចុះ យើងអត់មានថាអីផង»។

ករណីនេះ លោកបានជំរុញដល់​​​​​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរចុះទៅធ្វើការត្រួតពិនិត្យដោយផ្ទាល់ទៅលើ​សំណង់ប្រាសាទមួយនេះនៅប្រទេសថៃ ដើម្បីបកស្រាយមកកាន់ប្រជាពលរដ្ឋឱ្យដឹង​កាន់​​តែ​ច្បាស់ ​​ថាតើ​សំណង់ប្រាសាទ​​នោះ បានចម្លងតាម​រចនាបថ​ប្រាសាទអង្គរវត្ត​ដែរ​ឬទេ។

លោកបន្តថា៖ «គួរតែមានការសិក្សាស្រាវជ្រាវនិងវាយតម្លៃឱ្យបានទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរបានស្ងប់ចិត្តផង ថាតើគេធ្វើហ្នឹងវាពិតជាបានប៉ះពាល់ព្រលឹងជាតិរបស់យើងឬក៏យ៉ាងម៉េច [ព្រោះ] ឃើញប្លង់នៃការសាងសង់ហ្នឹងច្បាស់ណាស់ គឺវាដូចប្រាសាទអង្គរវត្តយើង៩៨ភាគរយបាត់ទៅហើយ»។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ សុំមិនធ្វើអត្ថាធិប្បាយ ដោយឱ្យអ្នកសារព័ត៌មានយកតាមសេចក្ដីប្រកាសរបស់ក្រសួង។   

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​អះអាង​របស់​ព្រះ​ចៅអធិការ​វត្ត​ដែល​សាងសង់​សំណង់​ប្រាសាទនោះ​ ថា​មិន​មែន​​ជា​​ការ​​លួច​​ចម្លង​​ប្លង់​​តាម​​ប្រាសាទ​អង្គរវត្ត​ឡើយ ប៉ុន្តែ​វាជា​គំនូស​ប្លង់​ដែល​ស្ថាបត្យ​ករ​​ថៃ​​បង្កើត​​ឡើង​​ដោយ​​ខ្លួន​ឯង​។

ក្រសួង​​បន្តថា ប្រាសាទដែលគេកំពុងសាងសង់នេះត្រូវបានគេឱ្យឈ្មោះថា «ប្រាសាទសីហនគរ» បាន​ប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយ​កំណត់ថា ​នឹងបញ្ចប់ការសាងសង់នៅរវាង​៧​ទៅ៨ឆ្នាំទៀត។

យ៉ាងណាក៏ដោយ កាលពី​ចុង​ឆ្នាំ​២០២០ សណ្ឋាគារមួយ​ឈ្មោះ Le palais Hotel មាន​ទីតាំង​នៅ​កោះ​ផាង៉ាន ខេត្ត​សុរ៉ាត់ថានី ប្រទេស​ថៃ បានក៏បានចម្លងរចនាបថប្រាសាទអង្គរវត្ត អង្គរធំ ប្រាសាទបន្ទាយស្រី និងប្រាសាទបាយ័នរបស់កម្ពុជាទាំងស្រុងផងដែរ។

ប្រាសាទ​អង្គរវត្ត ក្លាយ​ជា​និមិត្តរូប​នៃ​ប្រទេស​កម្ពុជាតែ​មួយ​គត់​ដែល​រំលេច​លើ​ទង់ជាតិ​របស់​ប្រទេស​​ ជា​រូបភាព​តំណាង​ប្រទេស​ជាតិ​ខ្មែរ ហើយ​ក៏​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ និង​ត្រូវ​ចាត់ទុក​ថា ​ជា​កន្លែង​បុរាណ​ដ៏​សំខាន់​​មួយ​នៅ​អាស៊ី​។

ប្រាសាទ​អង្គរវត្ត ស្ថិតនៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា ដែល​មាន​កម្ពស់៦៥​ម៉ែត្រ មាន​ក្រឡាផ្ទៃ២០០ហិកតា រាង​ចតុកោណ​ ​ដោយមាន​កំពែង​ព័ទ្ធជុំវិញ។​ ប្រាសាទ​អង្គរ​​វត្ត ​​បាន​កសាង​ឡើង​ដោយ​ព្រះបាទសូរ្យវរ្ម័នទី២ នៅ​ដើម​សតវត្ស​ទី​១២ ហើយក៏​​ជា​ទីតាំង​មួយដែល​កងទ័ព​ខ្មែរ​ទទួល​បាន​ជ័យជម្នះ​​លើ​កងទ័ព​សៀម​​ក្នុង​សម័យ​រាជាណាចក្រ​អយុធ្យា ​សតវត្ស​ទី​១៧ ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ